អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ការទូត​កូរ៉េខាងជើង ទទួលស្គាល់ថា សេដ្ឋកិច្ច​-​សង្គម​វៀតណាម​ពិតជា​មានការ​អភិវឌ្ឍ​ខ្លាំង​
02, Dec 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដូច​ការគ្រោងទុក ប្រមុខ​ការទូត​កូរ៉េខាងជើង លោក Ri Yong បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បួន​ថ្ងៃ​ទៅកាន់​សាធារណរដ្ឋ​វៀតណាម ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ប្រពៃណី និង​ជាពិសេស​នោះ​ដើម្បី​ឈ្វេងយល់​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​វៀតណាម ដែល​រយៈពេល​ចុងក្រោយ​នេះ  ត្រូវបាន​កត់សម្គាល់ថា មានការ​រីកចម្រើន​ខ្លាំង​ក្នុង​តំបន់​។​


​តាមរយៈ​ជំនួប​ជាមួយនឹង​សម​ភាគី​កូរ៉េខាងជើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម Phạm Bình Minh បាន​អះអាងថា វៀតណាម បាន​ត្រៀមខ្លួន​រួចស្រេច​ក្នុងការ​ចែករំលែក​ទៅកាន់​កូរ៉េ​ខាងលើ​លើ​បទពិសោធន៍​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការកសាង​ប្រទេស តាម​អ្វីដែល​កូរ៉េខាងជើង​ចង់ដឹង​។ នេះ​បើ​យោង​សារព័ត៌មាន​វៀតណាម Vietnam News​។​
 
​ឆ្លៀតឱកាស​នោះ​ផងដែរ ប្រមុខ​ការទូត​វៀតណាម​រូបនេះ បាន​សាទរ​ដល់​ប្រជាជន​កូរ៉េខាងជើង​ចំពោះ​សមិទ្ធផល​នៃ​ការកសាង និង​អភិវឌ្ឍ​ប្រទេស​ក្នុង​រយៈពេល​ជាង​៧០​ឆ្នាំ​មកនេះ​។ លោក ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​កូរ៉េខាងជើង ដោយ​លោក ចាត់ទុកថា ដំណើរ​ទស្សនកិច្ច​នេះ ជាការ​ពង្រឹង​ចំណងមិត្តភាព​ប្រពៃណី​ដ៏​រឹងមាំ​មួយ​។​
​សម្រាប់​ភាគី​កូរ៉េខាងជើង​វិញ លោក​រដ្ឋមន្ត្រី  Ri Yong Ho បាន​ថ្លែងថា លោក ពិតជា​រីករាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម ហើយ ក៏បាន​ឃើញនឹងភ្នែក​ផ្ទា​ល់ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​វៀតណាម ក៏ដូចជា សមិទ្ធផល​នៃ​ការ​សមាហរណកម្ម​អន្តរជាតិ​របស់​រដ្ឋ​សង្គមនិយម​មួយ​នេះ​ផងដែរ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។​
 
​បន្ថែម​ពីនេះ ប្រមុខ​ការទូត​កូរ៉េខាងជើង ក៏​បញ្ជាក់​ពី​ជំហរ​របស់​កូរ៉េខាងជើង​ថា ទាំង​បក្ស រដ្ឋាភិបាល របស់​កូរ៉េខាងជើង តែងតែ​ផ្តល់​តម្លៃ​ខ្ពស់ និង​ចង់​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស្អិតល្មួត​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ ក្រោយពី​មានការ​ចរចា​ក្នុងជំនួប​កំពូលៗ​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​ពាក់ព័ន្ធ​នឹង​ការបោះបង់​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​មក កូរ៉េខាងជើង ចាប់ផ្តើម​បង្ហាញ​ពី​ចេតនា​ការ​មក​ចាប់​ដៃគូ​ជាមួយនឹង​សហគមន៍​អន្តរជាតិ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​។ ចិន និង​វៀតណាម ដែល​ប្រទេស​ប្រកាន់​របប​សង្គមនិយម​ដូចគ្នា​ផង​នោះ បាន​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​អាទិភាព ដែល​កូរ៉េខាងជើង ចង់​រៀនសូត្រ​តាម​៕ 

Tag:
 កូរ៉េខាងជើង​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com