កីឡាជាតិ
ជាតិ
ជឺ​ជិត​ស៊ូ វ៉ូ​វី​ណា​ម ប៉េតង់ ស្ថិតក្នុង​ចំណោម​ប្រភេទ​កីឡា​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០១៩
02, Dec 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ម្ចាស់ផ្ទះ​ហ្វីលីពីន​បានសម្រេច​ដាក់​កីឡា​ចំនួន​៥៦​ប្រភេទ ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​រៀបចំ​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​នៅ​ចុងឆ្នាំ​២០១៩​។ ក្រោយ​ការតស៊ូ​មតិ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ SEA Games​ចុងក្រោយ​កាលពី​ថ្ងៃទី​២៤ វិច្ឆិកា ម្ចាស់ផ្ទះ​ហ្វីលីពីន​បាន​ឯកភាព​ដាក់​កីឡា​សក្តានុពល​៦​ប្រភេទ តាម​ការស្នើសុំ​របស់​ក​ម្ពុ​ជា​។

 
​កីឡា Juit Jitsu របស់​កីឡាការិនី ខាន់ ចេ​សា ដែល​ទើប​ឈ្នះ​មេដាយមាស​ពី​ការប្រកួត​កីឡា​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​កាលពីពេល​ថ្មីៗ ត្រូវបាន​ម្ចាស់ផ្ទះ​ហ្វីលីពីន ឯកភាព​ដាក់​ក្នុងការ​ប្រកួតប្រជែង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ តាម​ការស្នើសុំ​របស់​ក​ម្ពុ​ជា​។ ក្រៅពីនេះ មាន​កីឡា​សក្តានុពល​មួយចំនួនទៀត​រួមមាន តេ​ក្វាន់​ដូ​, ប៉េតង់​, វ៉ូ​វី​ណា​ម ប៊ីយ៉ា​ស្នូកឃ័រ និង​សូ​ហ្វ​តិ​ន្នី​ស​។​ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ប្រភេទ​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន កាលពីពេល​ថ្មី​នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖    «​ក្រោយ​តស៊ូ​មតិ ប្រភេទ​កីឡា​ដែល​យើង​បានស្នើ​សុំ​ជាង​៩០​ភាគរយ​ត្រូវ​បានដាក់​ប​ញ្ជូ​ល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ឆ្នាំ​២០១៩​។ ប្រភេទ​កីឡា​យើង​បានដាក់​ហើយ តែ​អ្វីដែល​សំខាន់ គឺ​ត្រូវ​តស៊ូ​មតិ​លើ​ចំនួន​វិញ្ញាសា ព្រោះ​អាចមាន​វិញ្ញាសា​មួយចំនួន​ត្រូវបាន​ដាក់ចូល និង​មិន​ដាក់ចូល​។ ប៉ុន្តែ​ចំពោះ​រឿង​វិញ្ញាសា គេ​ផ្តល់​អាទិភាព​ដល់​ម្ចាស់ផ្ទះ​ជា​អ្នកកំណត់​»​។ 
 
​តាមរយៈ​វត្តមាន​របស់​កីឡា​សក្តានុពល​ខាងលើ លោក វ៉ា​ត់ ចំរើន រំពឹងថា កម្ពុជា​នឹង​ទទួលបាន​មេដាយមាស​ពីរ​ខ្ទង់ សម្រាប់​ការចូលរួម​លើក​នេះ​។ ការរំពឹង​បែបនេះ បន្ទាប់ពី​លោក​ជឿជាក់ថា កីឡា​សក្តានុពល​ដែល​កម្ពុជា​បានស្នើ​ទាំងនោះ នឹង​ដណ្តើមបាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​នេះ​។​
 
​កម្ពុជា​នឹង​ប្រើ​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម ធ្វើជា​យុទ្ធសាស្ត្រ​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី ដើម្បី​វាយតម្លៃ​ពី​សក្តានុពល​នៃ​ប្រភេទ​កីឡា​នីមួយៗ មុន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចុងក្រោយ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ កីឡា​មួយចំនួន​អាច​ប្រឈម​នឹង​ការ​កាត់​ចេញពី​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ប្រសិនបើ​កីឡា​ទាំងនោះ នៅតែ​មិនអាច​ដណ្តើម​មេដាយ​បាន​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន និង​វៀតណាម​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន​។​
 
​ក្រោយ​កិច្ចប្រជុំ​ចុងក្រោយ​របស់​ក្រុមប្រឹក្សា​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​រយៈពេល​២​ថ្ងៃ​ពីថ្ងៃ​ទី​២៣-២៤ ខែវិច្ឆិកា ម្ចាស់ផ្ទះ​ហ្វីលីពីន​បានសម្រេច​ដាក់​កីឡា​ចំនួន​៥៦​ប្រភេទ​កីឡា ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចន្លោះ​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។ ចំណែក​វិញ្ញាសារ​ទាំងនោះ ម្ចាស់ផ្ទះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​៕ 
 
 

Tag:
 វ៉ា​ត់ ចំរើន​
  SEA Games
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com