អន្តរជាតិ
នយោបាយអន្តរជាតិ
បក្សទំនោរទៅលើរបបយោធា៖ លោក ប្រាយុទ្ធ ស្ថិតនៅក្នុងបញ្ជីបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សដែរ រូបភាព The Nation
× បក្សនយោបាយថៃ Palang Pracharath បានបង្ហើបឲ្យដឹងថា ប្រមុខរបបសឹក លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា ក៏ជាជម្រើសអាទិភាពរបស់ខ្លួនដើម្បីតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតថៃខាងមុខនេះ។ ការអះអាងពីបេក្ខភាពរបស់លោក ប្រាយុទ្ធ កើតឡើងស្របពេលដែលលោក ប្រាយុទ្ធ និយាយថាលោកក៏មានបំណងចង់ចូលប្រឡូកក្នុងនយោបាយដែរ។
អគ្គលេខាធិការបក្ស Palang Pracharath (PPRP) របស់ថៃ លោក Sontirat Sontijirawong នៅថ្ងៃ១ ធ្នូ បានអះអាងថា មានបេក្ខជនបី ឬបួននាក់ ដែលរាប់បញ្ចូលទាំងប្រមុខរបបសឹកថៃលោក ប្រាយុទ្ធ ចន្ទ អូចា កំពុងស្ថិតនៅក្រោមការពិចារណារបស់បក្ស ហើយអាចនឹងត្រូវតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនៅដើមឆ្នាំ២០១៩។
តាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post លោកអគ្គលេខាធិការ អះអាងថា គណបក្ស កំពុងតែពិនិត្យមើលបេក្ខជន ដែលមានសក្តានុពល ហើយនៅពេលវេលាមួយត្រឹមត្រូវមកដល់ បក្ស PPRP នឹងបង្ហាញបេក្ខជននាយករដ្ឋមន្ត្រី ដែលល្អបំផុត។
បន្ថែមពីការសារភាពត្រង់ពីការគ្រោងតែងតាំងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្ស លោកអគ្គលេខាធិការបក្សរូបនេះ បានបដិសេធ ចំពោះការចោទប្រកាន់ដែលថា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានបែងចែកមណ្ឌលសម្រាប់ការបោះឆ្នោតតាមទំនោរបស់បក្ស PPRP។ លោក អះអាងថា មណ្ឌលការបោះឆ្នោតខ្លះ មិនអំណោយផលដល់បក្សរបស់លោកផង។
បើមិនមានការប្រែប្រួលនោះទេ រាជាណាចក្រថៃ នឹងមានការរៀបចំការបោះឆ្នោតសកលលើកដំបូងក្នុងរយៈពេលបួនឆ្នាំ នៅខែកុម្ភៈ ឆ្នាំ២០១៩។ ថ្មីៗនេះ គណៈកម្មាធិការរៀបចំការឆ្នោតថៃ ទើបតែបញ្ចប់ការបែងចែកមណ្ឌលសម្រាប់ការបោះឆ្នោត ដែលការបញ្ចប់នេះ រងការរិះគន់ខ្លាំងពីបក្សនយោបាយ និងសារព័ត៌មានមួយចំនួន ថា ក្រោមបង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ។
ថ្មីៗនេះផងដែរ ក៏មានការចោទប្រកាន់មួយជុំវិញដំណើរចុះសួរសុខទុក្ខប្រជាជនតាមមូលដ្ឋាន និងខេត្តនានារបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា ថា ជាប្រជាឧបាយ ក្នុងគោលដៅដើម្បីត្រួសត្រាយផ្លូវទាញការគាំទ្រសម្រាប់ការកាន់តំណែងបន្តទៀត។
ជុំវិញបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា ក៏ធ្លាប់សារភាពខ្លួនឯងថា លោក ក៏មានចំណាប់អារម្មណ៍ក្នុងការចួលរួមប្រជែងការងារនយោបាយផងដែរ ក៏ប៉ុន្តែលោក មិនធ្លាប់បញ្ជាក់បង្ហាញថា បក្សនយោបាយណា ដែលលោកចង់រួមរស់ក្នុងជីវភាពនយោបាយជាមួយឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com