ទូក​«​ង​»​វែង​ជាងគេ​លើ​ពិភពលោក បង្ហាញ​ពី​កម្លាំង​សាមគ្គី​របស់​កម្ពុជា​
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ទូក​«​ង​»​វែង​ជាងគេ​លើ​ពិភពលោក បង្ហាញ​ពី​កម្លាំង​សាមគ្គី​របស់​កម្ពុជា​
02, Dec 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ទូកង​វែង​ជាងគេ​លើ​ពិភពលោក​របស់​កម្ពុជា ដែលមាន​ឈ្មោះថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» បានដាក់​តាំង​បង្ហាញ​ឱ្យ​សាធារណជន​ទស្សនា​នៅខាងមុខ​វាល​ព្រះមេរុ កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ប្រជាជន​ខ្មែរ និង​បរទេស​ជាច្រើនរូប ដែល​បាន​ទៅ​ទស្សនា និយាយ​ដូចៗ​គ្នា​ថា ទូក​នេះ​បង្ហាញ​ពី​ការរួបរួម​សាមគ្គី​បង្កើតជា​កម្លាំង​ដ៏​រឹងមាំ​មួយ​។ «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដាក់តាំង​បង្ហាញ​ជា​សាធារណៈ នៅខាងមុខ​វាល​ព្រះមេរុ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី ២៥-៣០ ខែ វិច្ឆិកា ឆ្នាំ​២០១៨​។​


​ដើម្បី​បាន​ជ្រាប​ច្បាស់​ពី​ការយល់ឃើញ​របស់​អ្នកទស្សនា ជុំវិញ​ការធ្វើ​ទូកង​វែង​នេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



​ទូកង​វែង​ជាងគេ​របស់​កម្ពុជា ដែល​បាន​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក មាន​ប្រវែង ៨៧.៣​ម៉ែត្រ បានលើកឡើង​ពី​ទឹកទន្លេ ដែល​ដាក់​នៅ​ជិត​ស្ពាន​ជ្រោយចង្វារ ដង្ហែ​ឆ្ពោះ​មក​មុខ​វាល​ព្រះមេរុ នៅ​ជិត​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​កន្លងទៅ​។ ទាំង​ជនជាតិខ្មែរ និង​បរទេស​ខ្លះ បាន​ចូលរួម​ដើរ​ដង្ហែ ខ្លះ​ឈរ​នៅខាងមុខ​ផ្ទះ​របស់ខ្លួន ដើម្បី​អបអរ​ដំណើរ​របស់​ទូកង​ឯក​នេះ រហូតដល់​គោលដៅ​។ អ្នក​បានឃើញ​ទូកង​នេះ សុទ្ធតែ​ស្ងើចសរសើរ​ពី​ប្រវែង​ទូក និង​បាន​និយាយថា​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​នេះ ជា​តំណាងឱ្យ​ការរួបរួម​សាមគ្គី​គ្នា​របស់​កម្ពុជា​។​
  
 
​ក្នុង​ថ្ងៃ​ដង្ហែ​ទូក​មក​មុខ​វាល​ព្រះមេរុ លោក ម៉ុ​ន វុ​ទ្ថា កំពុង​អង្គុយ​នៅលើ​គែម​របង​វាល​ព្រះមេរុ​សម្លឹង​មើលទៅ​ទូក​ផង និង​មើលទៅ​ជន​ប្រុស​ស្រី ដែល​ឈរ​នៅក្បែរនោះ​ផង​។ អ្នកទស្សនា​រូបនេះ ពេលដែល​ឃើញ​ទូកង​វែង​ជាងគេ​ដំបូង អ្វីដែល​គាត់​គិតដល់​មុនគេ​នោះ គឺ​ឈើ​ដែលជា​វត្ថុធាតុដើម​យកមក​ធ្វើ​ទូក​នេះ​។ «​ទាក់ទង​ទៅនឹង​ឈើ យើង​គិតថា​ជា​ប្រភេទ​ឈើ​មួយ​ដែល​វែង ហើយ​វា​ក៏មាន​អាយុកាល​ចំណាស់​ដែរ ក្នុងការ​ធ្វើ​ទូក​ហ្នឹង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ វុ​ទ្ធា​។​
 
​ការចំណាយ​ទាំង​ថវិកា និង​ពេលវេលា រួមទាំង​កម្លាំង​ពលកម្ម​ធ្វើ​ទូកង​ឯក​នេះ ឱ្យបាន​ចេញ​ជា​រូបរាង ក៏​ជា​អ្វីដែល​និស្សិត​ឆ្នាំ​ទី​៤ រៀន​ផ្នែក​គ្រប់គ្រង​ទេសចរណ៍​នេះ​ចាប់អារម្មណ៍​ដែរ​។ វុ​ទ្ធា បន្ថែម​៖«​វត្ថុធាតុដើម ខ្ញុំ​គិតថា​ចំណាយធនធាន​ច្រើន ហើយ​ខ្ញុំ​គិតថា​ធ្វើ​ទូក​មួយ​ហ្នឹង​ក៏​មិនមែន​ចំណាយពេល​តិច​ដែរ​»​។​
  
 
​ការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ទូកង​វែង​ជាងគេ​របស់​កម្ពុជា ត្រូវបាន​និស្សិត វុ​ទ្ថា វ័យ​២១​ឆ្នាំ​បញ្ជាក់ថា នេះ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ ឱ្យ​ស្គាល់​កម្ពុជា​កាន់តែច្រើន​។ លោក ម៉ុ​ន វុ​ទ្ថា​បញ្ជាក់​៖ «​ខ្ញុំ​គិតថា​នេះ​ក៏​ជា​រឿង​ល្អ​ដែរ ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ និង​អាច​បញ្ជាក់ ថា​កម្ពុជា​អាចធ្វើ​បាន ដែល​ប្រទេស​ដទៃ​មិនទាន់​អាចធ្វើ​បាន ហើយក៏​បង្ហាញ​ពី​ការ​សាមគ្គី​គ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ​»​។ 
 
​ចំណែក​ក្មេងប្រុស​ទើប​មាន​វ័យ​១៨​ឆ្នាំ ដែល​អះអាងថា​ខ្លួន​ជា​ក្មេង​កំព្រា​នោះ បាន​ចាប់អារម្មណ៍​ពី​ការ​សាមគ្គី​គ្នា ក្នុងការ​ធ្វើ​ទូកង​មានតែ​មួយ​លើ​ពិភពលោក​នេះ​។ ឈរ​នៅ​ទល់មុខ​ក្បាលទូក ក្នុងចំណោម​មនុស្ស​ដទៃទៀត ភ្នែក​សម្លឹង​មើលទៅ​ទូក​យ៉ាង​យកចិត្តទុកដាក់ លេច គីម​ម៉េង ហាក់​បាន​យល់​ពី​អត្ថន័យ និង​គោលបំណង​នៃ​ការតាំង​បង្ហាញ​នេះ ដែល​គេ​ថា ទូក​ដ៏​ប្រណិត​នេះ មិនអាច​ចេញ​ជា​រូបរាង​បាន​ឡើង បើ​គ្មាន​ការរួម​គ្នា​ជា​ធ្លុង​មួយ​។ ក្មេងប្រុស​ដែល​មកពី​ខេត្ត​ប៉ៃលិន​រូបនេះ ទំនង​បាន​ស្វែងយល់​ច្រើន​ពី​បញ្ហា​សង្គម ដោយបាន​បង្ហាញឱ្យឃើញ​តាមរយៈ​ការរៀបរាប់​យ៉ាង​ដូច្នេះ​៖«​គេ​បាន​រៀបចំឡើង​ដូចជា អន្សម​យក្ស ក្រមា​មួយ​ពាន់​ម៉ែត្រ ទូកវែង​។ ពេលដែល​ធ្វើ​ទូកវែង​នេះ ចង់បង្ហាញ​ដល់​គេ​ថា ខ្មែរ​មាន​កេរ​មរតក​ពី​ដូនតា​មក​។ ចង់ឱ្យ​ខ្មែរ​មានការ​សាមគ្គី​គ្នា​ជា​ចម្បង​។ បើ​គ្មាន​ការរួម​គ្នា​ទេ ទូកវែង​ជាងគេ​នេះ​ក៏​មិនកើត​ឡើង​ដែរ​»​។  
  
 
​គីម​ម៉េង សង្ឃឹមថា​ប្រជាជន​ខ្មែរ​គ្រប់រូប​រួម​សា​គ្គី​គ្នា និង​ចេះ​អប់រំ​ណែនាំ​គ្នា ដើម្បីឱ្យ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​។ គីម​ម៉េង បញ្ជាក់​៖«​ទាំង​ក្មេង​ស្រករ​មុន និង​ក្រោយ ឱ្យ​ចេះ​រួម​សាមគ្គី​គ្នា ស្រឡាញ់គ្នា ចេះ​អប់រំ​គ្នា តរៀង​ទៅ​។ ឃើញ​ខ្មែរ​យើង​ឥឡូវ​មិនចេះ​សាមគ្គី​គ្នា​ទេ ចេះតែ​ឈ្លោះ​គ្នា​»​។​
 
​ជា​និស្សិត​ឆ្នាំ​ទី​៤ រៀន​ផ្នែក​គ្រង់​គ្រង​ទេសចរណ៍ កញ្ញា នួន ឆេង​លី យល់ឃើញថា នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​កម្ពុជា ដែល​អាចធ្វើ​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​។ ថ្វី​ដ្បិត​នារី​ម្នាក់នេះ​បារម្ភ​ចំពោះ​ការចំណាយ​ធនធាន និង​ថវិកា​ច្រើន​ក្នុង​ការធ្វើ​ទូក តែ​ទោះជា​យ៉ាងណាក៏ដោយ​នាង​នៅតែ​គាំទ្រ​ឱ្យមាន​ការរៀបចំ​បង្កើត អ្វីដែល​នាង​ថា ជួយ​លើក​មុខមាត់​ប្រទេស​បន្តទៀត​។ ឆេង​លី បញ្ជាក់​៖«​សម្រាប់​ខ្ញុំ​បើសិនជា​អាច​គួរតែ​ធ្វើឱ្យ​ច្រើន តែ​ក៏ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដែរ ប្រទេស​យើង​កំពុងអភិវឌ្ឍន៍ ក៏​នៅ​ខ្វះខាត​ច្រើន​។ ចង់បាន​អ្វី​ត្រូវតែមាន​ការលះបង់ តែ​យើង​ក៏បាន​ចំណូល​ចូលជាតិ​ដែរ តាមរយៈ​ទេសចរណ៍​ដែល​មកលេង​»​។​
 
​បន្លឺសំឡេង​ស្របពេល​ភ្នែក​ងាក​ទៅរក​ក្បាលទូក​រូប​នាគ ដែលមាន​ពណ៌​មាស  កញ្ញា ឆេង​លី បញ្ជាក់ថា ទូកង​ដ៏​ល្អ​ឯក​នេះ បានបង្ហាញ​គំរូ​ល្អ​ដល់​ក្មេងជំនាន់ក្រោយ ពី​ការ​ពួតដៃគ្នា​ជា​កម្លាំង​ដ៏​រឹងមាំ​មួយ​។ និស្សិត​មកពី​ខេត្ត​ប៉ៃលិន​រូបនេះ បាន​ផ្ដាំផ្ញើ​ទៅ​ក្មេងជំនាន់ក្រោយ ឱ្យ​ស្រឡាញ់​ឱ្យ​តម្លៃ​អ្វី​ដែលជា​របស់ខ្លួន ចៀស​ជាង​ឱ្យ​តម្លៃ​របស់​បរទេស​។ «​ក្មេងជំនាន់ក្រោយ ខ្ញុំ​គិតថា គួរតែ​ស្រឡាញ់​របស់​ខ្លួនឯង វប្បធម៌​ខ្លួនឯង​ឱ្យបាន​ច្រើន កុំ​គិតតែ​ស្រឡាញ់​របស់គេ ហើយ​របស់ខ្លួន​មិន​រវល់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ កញ្ញា ឆេង​លី​។​
 
​ប្រធាន​គណៈកម្មការ​កសាង​ទូកង​វែង​ជាងគេ​លើ​ពិភពលោក លោក ស សុខា បាន​បញ្ជាក់ថា ទូក​«​ង​» ដែលមាន​ប្រវែង​៨៧.៣​ម៉ែត្រ​នេះ អាចដាក់​ចំណុះ​ទូក​បាន​២៥០​នាក់​។  បើតាម​ប្រធាន​គណៈកម្មការ​ទូកដ​ដែល មាន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ បានស្នើ​សុំ​យក​ទូក​នេះ​ទៅ​តាំង​បង្ហាញ​នៅក្នុង​ខេត្ត​របស់ខ្លួន តែដោយសារ​ទូក​មាន​ប្រវែង​វែង ងាយ​រក​ការខូចខាត​ពេល​លើក​ចុះឡើង ទើប​មិនអាច​ធ្វើទៅ​រួច​។ លោក ស សុខា បញ្ជាក់​៖«​មានការ​សំណូមពរ​ឲ្យ​យក​ទូក​នេះ ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ តែ​អ្វី​ជា​បញ្ហា​គឺ​ការលើក​ចុះឡើង​ទេ ព្រោះ​ទូកវែង វា​អាច​ប្រេះ ហើយ​ពិបាក​ពេល​យើង​យកទៅ​ប្រើ​ក្នុង​ទឹក​វិញ​។ តាមពិតទៅ អ្នក​នៅ​ទី​រួម​ខេត្តព្រៃវែង មិនទាន់​បានឃើញ​ទូក​នេះ​នៅឡើយ​ទេ បាន​ឃើញតែ​អ្នក​នៅ​អ្នក​លឿង ព្រោះ​យើង​បានរៀបចំ​កម្មវិធី​នៅ​ទីនោះ​។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​យុវជន​ខ្មែរ ចូលរួម​ជាមួយ​ក្រុមយុវជន​យើង​»​។ 
  
 
​ទូកង​ដែល​ធ្វើឡើង​ដោយ​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​នេះ ចំណាយ​កម្លាំង​មនុស្ស​ចំនួន ១៣,០០០​នាក់ មាន​ទាំង​ខ្មែរ និង​បរទេស​ចូលរួម និង​ធ្វើ​ដោយ​ឧបករណ៍​ប្រើ​ដោយ​ដៃ​ទាំងស្រុង​។ ច្រវា​លាប​ពណ៌ និង​គូររូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា មាន​រំលេច​អក្សរ​«​រួមគ្នា​ដើម្បីកម្ពុជា​រុងរឿង​» ធ្វើឡើង​ពី​ឈើ​ស្រឡៅ​ដែលមាន​ទម្ងន់​ស្រាល​។ ចំណែក​តួ​ទូក ធ្វើ​ពី​ឈើ​គគីរ​ដែល​ធន់​នឹង​ទឹក​។​
 
​នេះ​មិនមែន​លើកទីមួយ​ឡើយ ដែល​កម្ពុជា​បាន​បំបែក​កំណត់ត្រា ឯតទគ្គ​កម្ម​ពិភពលោក​។ កន្លងមក កម្ពុជា​បាន​បំបែក​កំណត់ត្រា​រួចមកហើយ នំអន្សម​យក្ស រាំ​ម៉ា​ឌី​ហ្សូ​ន និង​ក្រមា​វែង​មួយ​ពាន់​ម៉ែត្រ ។ ទូកង «​កម្ពោជិក​បុត្តា​ខេមរា​តរី​» នឹងដាក់​តាំង​បង្ហាញ​ជា​សាធារណៈ នៅមុខ​វាល​ព្រះមេរុ ឬ​វាល​ព្រះ​មេន នៅ​ខាងជើង​ជាប់​របង​ព្រះបរមរាជវាំង​ចាប់ពី​ថ្ងៃទី​២៥-៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្រោយពី​បញ្ចប់​ការ​តាំងនៅ​ភ្នំពេញ  ទូកង​នេះ នឹងត្រូវ​យកទៅ​តាំងនៅ​បរិវេណ​ចុង​ប៉ម មុខ​សាលាខេត្ត​ព្រៃវែង ព្រមទាំង​រៀបចំ​ជា​សារមន្ទីរ​សម្រាប់​ដាក់​ទូក​«​ង​»​ឯក​នេះ​ផងដែរ​៕
  
 

  

Tag:
 អ្នក​លឿង​
  ព្រៃវែង​
  ទូក​«​ង​»
 ​ទូក​«​ង​»​វែង​
  វាលមេរុ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com