សង្គមអន្តរជាតិ
អន្តរជាតិ
ជាងមួយភាគបីនៃសណ្ឋានដីជម្រក«ផ្កាថ្ម»នៅឥណ្ឌូណេស៊ីត្រូវរងការបំផ្លិចបំផ្លាញ
×
ជាងមួយភាគបីនៃដីក្រោមសមុទ្រដែលជាទីជម្រករបស់ផ្កាថ្មនិងសត្វសមុទ្ររាប់ម៉ឺនប្រភេទលាភសន្ធឹងរាប់ពាន់គីឡូម៉ែត្រតាមបណ្តោយឆ្នេរនៃប្រទេសឥណ្ឌូណេស៊ី រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយចុងខែវិច្ឆិកាថា វាមានការព្រួយបារម្ភទៅការបាត់បង់សម្បត្តិធម្មជាតិដ៏មានតម្លៃមួយនេះដែរ។
ការប្រកាសពីការខូចខាតនៃសណ្ឋានដីក្រោមសមុទ្រនេះត្រូវបានចេញផ្សាយបន្ទាប់ពីការសិក្សារបស់ភ្នាក់ងារបរិស្ថានតាមតំបន់ធំៗចំនួន១០៦៧ តំបន់ដែលគ្របដណ្តប់លើកោះប្រហែលជា១៧០០០កោះ។
វិទ្យាស្ថានស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រឥណ្ឌូណេស៊ីបានអះអាងថា តំបន់ផ្កាថ្មប្រមាណជិត៧ភាគរយនៅមានសភាពល្អប្រសើរនៅឡើយ។ ចំណែកឯ ៣៦ភាគរយកំពុងជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ការបំផ្លិចបំផ្លាញទាំងអស់នេះកើតឡើងដោយសារការបំពុលបរិស្ថាន ការឡើងកម្តៅនៃភពផែនដី និងការនេសាទខុសបច្ចេកទេសជាដើម។
ប្រទេសឥណ្ឌូណេស៊ីត្រូវបានគេចាត់ទុកថាជាប្រទេសកោះមួយដែលសំបូរទៅដោយសណ្ឋានដីក្រោមសមុទ្រសម្រាប់ជាជម្រកផ្កាថ្ម និងសម្រាប់សត្វក្នុងសមុទ្រយ៉ាងច្រើនសន្ធិកសន្ធាប់ ហើយក៏ជារមណីយដ្ឋានទេសចរណ៍យ៉ាងសំខាន់ដែលអន្តរជាតិទទួលស្គាល់ដែរ។
អង្គការសត្វព្រៃពិភពលោកបានបង្ហាញថា បើការទប់ស្កាត់ការឡើងកម្តៅផែនដីមិនមានប្រសិទ្ធភាពក្នុងពេលឆាប់ៗទេ តំបន់ធម្មជាតិដ៏កម្រទាំងនេះនឹងត្រូវបាត់បង់សឹងតែទាំងស្រុង ហើយវាក៏នឹងបន្តបង្កើតបញ្ហាដល់បណ្តាញអាហារសម្រាប់សត្វ និងជាប្រភពអាហារដ៏សំខាន់របស់មនុស្សដែលរស់នៅតាមឆ្នេរសមុទ្ររាប់លាននាក់ដែរ។
សណ្ឋានដីសម្រាប់ការលូតលាស់នៃផ្កាថ្មរបស់ប្រទេសឥណ្ឌូណេស៊ីនេះគឺផ្នែកមួយនៃបណ្តាញសណ្ឋានដីផ្កាថ្មជាច្រើនដែលលាភសន្ធឹងផ្ទៃដីរហូតដល់ប្រទេសហ្វីលីពីន ប៉ាពូអាស៊ី នូវែលហ្គីណេ និងកោះសូឡូម៉ុននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕
Tag:
បរិស្ថាន
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com