សង្គមអន្តរជាតិ​
អន្តរជាតិ
ជាង​មួយ​ភាគបី​នៃ​សណ្ឋាន​ដី​ជម្រក​«​ផ្កាថ្ម​»​នៅ​ឥណ្ឌូណេស៊ី​ត្រូវ​រង​ការបំផ្លិចបំផ្លាញ​
02, Dec 2018 , 11:19 pm        
រូបភាព
 
​ជាង​មួយ​ភាគបី​នៃ​ដី​ក្រោម​សមុទ្រ​ដែលជា​ទីជម្រក​របស់​ផ្កាថ្ម​និង​សត្វ​សមុទ្រ​រាប់ម៉ឺន​ប្រភេទ​លាភ​សន្ធឹង​រាប់ពាន់​គីឡូម៉ែត្រ​តាម​បណ្តោយ​ឆ្នេរ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។

 
​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ផ្សាយ​ចុងខែ​វិច្ឆិកា​ថា វា​មានការ​ព្រួយបារម្ភ​ទៅ​ការបាត់បង់​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​មួយ​នេះដែរ​។ 
 
​ការប្រកាស​ពី​ការខូចខាត​នៃ​សណ្ឋាន​ដី​ក្រោម​សមុទ្រ​នេះ​ត្រូវបាន​ចេញផ្សាយ​បន្ទាប់ពី​ការសិក្សា​របស់​ភ្នាក់ងារ​បរិស្ថាន​តាម​តំបន់​ធំៗ​ចំនួន​១០៦៧ តំបន់​ដែល​គ្របដណ្តប់​លើ​កោះ​ប្រហែលជា​១៧០០០​កោះ​។ 
​វិទ្យាស្ថាន​ស្រាវជ្រាវ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ឥណ្ឌូណេស៊ី​បាន​អះអាងថា តំបន់​ផ្កាថ្ម​ប្រមាណ​ជិត​៧​ភាគរយ​នៅមាន​សភាព​ល្អប្រសើរ​នៅឡើយ​។ ចំណែកឯ ៣៦​ភាគរយ​កំពុង​ជួប​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​។ ការបំផ្លិចបំផ្លាញ​ទាំងអស់នេះ​កើតឡើង​ដោយសារ​ការបំពុល​បរិស្ថាន ការឡើង​កម្តៅ​នៃ​ភពផែនដី និង​ការនេសាទ​ខុស​បច្ចេកទេស​ជាដើម​។ 
 
​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​កោះ​មួយ​ដែល​សំបូរ​ទៅដោយ​សណ្ឋាន​ដី​ក្រោម​សមុទ្រ​សម្រាប់​ជា​ជម្រក​ផ្កាថ្ម និង​សម្រាប់​សត្វ​ក្នុង​សមុទ្រ​យ៉ាងច្រើន​សន្ធិ​ក​សន្ធាប់ ហើយក៏​ជា​រមណីយដ្ឋាន​ទេសចរណ៍​យ៉ាងសំខាន់​ដែល​អន្តរជាតិ​ទទួលស្គាល់​ដែរ​។ 
 
​អង្គការ​សត្វព្រៃ​ពិភពលោក​បានបង្ហាញ​ថា បើ​ការទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី​មិនមាន​ប្រសិទ្ធភាព​ក្នុងពេល​ឆាប់ៗ​ទេ តំបន់​ធម្មជាតិ​ដ៏​កម្រ​ទាំងនេះ​នឹងត្រូវ​បាត់បង់​សឹងតែ​ទាំងស្រុង ហើយ​វា​ក៏​នឹង​បន្ត​បង្កើត​បញ្ហា​ដល់​បណ្តាញ​អាហារ​សម្រាប់​សត្វ និង​ជា​ប្រភព​អាហារ​ដ៏​សំខាន់​របស់​មនុស្ស​ដែល​រស់​នៅតាម​ឆ្នេរសមុទ្រ​រាប់លាន​នាក់​ដែរ​។ 
 
​សណ្ឋាន​ដី​សម្រាប់​ការលូតលាស់​នៃ​ផ្កាថ្ម​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នេះ​គឺ​ផ្នែក​មួយ​នៃ​បណ្តាញ​សណ្ឋាន​ដី​ផ្កាថ្ម​ជាច្រើន​ដែល​លាភ​សន្ធឹង​ផ្ទៃដី​រហូតដល់​ប្រទេស​ហ្វីលីពីន ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ និង​កោះ​សូ​ឡូ​ម៉ុ​ន​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​៕

Tag:
 ​បរិស្ថាន​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com