ជាតិ
សង្គមជាតិ
វិចិត្រករ​១៥ គូរគំនូរ​សំណង់​អគារ​នៃ​រចនាប័ទ្ម​ខ្មែរ​នៅ​ភ្នំពេញ មុន​សម័យ​សង្គ្រាម តាមបែប​ស្រមើល​ស្រមៃ​
02, Dec 2018 , 4:27 pm        
រូបភាព
 
 ​ភ្នំពេញ​៖ គំនូរ​១៥​ផ្ទាំង គូរ​ដោយ​វិចិត្រករ​វ័យក្មេង​១៥​រូប ស្ដីពី​សំណង់​អាគារ​មាន​រចនាប័ទ្ម​ខ្មែរ បានដាក់​តាំង​បង្ហាញ​នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ ក្រោម​ប្រធានបទ «​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​»​។ គំនូរ​ទាំងនេះ​ប្រសូត្រ​ឡើង ក្រោយពី​វិចិត្រ​ករទាំង​១៥​រូប មកពី​ហ្វា​ពន្លឺ​សិល្បៈ បាន​ទស្សនា​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ទស្សនា​ភាពយន្ត​ឯកសារ​ស្ដីពី​ប្រវត្តិ​សាសន៍​ខ្មែរ មុន​សម័យ​សង្គ្រាម​ប្រល័យពូជសាសន៍ ប៉ុល ពត​។​


​ក្រោយពី​បានឃើញ​សំណង់​អាគារ​នៅ​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ និង​បានឃើញ​សំណង់​អាគារ​កាលពី​សម័យ​សង្គម​រាស្ត្រនិយម តាមរយៈ​ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ វិចិត្រករ​វ័យក្មេង​១៥​រូប បាន​គូរគំនូរ​ផ្អែកលើ​ការ​ស្រមើល​ស្រមៃ​របស់ខ្លួន ពី​អាគារ​នៅ​ទីក្រុង​ភ្នំពេញ មុន​សម័យ​សង្គ្រាម​។ គំនូរ​ទាំង​១៥​ផ្ទាំង​បានបង្ហាញ​ឱ្យឃើញ​សំណង់​អាគារ ដែល​រំលេច​ពី​រចនាបទ​ខ្មែរ និង​មាន​រុក្ខជាតិ​ពណ៌​បៃតង​ស្រស់​លម្អ​តាម​ដង​វិថី​។​
  
 
​លោក សៀង ចិន្តា តំណាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​និយាយថា ការតាំងពិព័រណ៍​នេះ លើកទឹកចិត្ត​ដល់​ក្មេងជំនាន់ក្រោយ ឱ្យ​ចេះ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ សិល្បៈ និង​សំណង់​អាគារ​រចនាប័ទ្ម​ខ្មែរ​។ លោក​បន្ថែមថា ក្មេងជំនាន់ក្រោយ​នឹង​ព្យាយាម​រក​គំនិត​ថា បើសិនជា​មិនមាន​សង្គ្រាម​ប្រល័យពូជសាសន៍ តើ​សំណង់​អាគារ​នៅ​ទីក្រុង​ភ្នំពេញ និង​ក្លាយជា​យ៉ាងណា​។ លោក ចិន្តា បញ្ជាក់​ដូច្នេះ​ថា​៖ «​ពិព័រណ៍​នេះ​នឹង​ផ្ដល់ឱ្យ​អ្នកទស្សនា ស្វែងយល់​ពី​ប្រវត្តិ​សាសន៍​ខ្មែរ​។ ក្រោយពី​ពួកគេ​ទស្សនា​ហើយ ពួកគេ​មានការ​ពិភាក្សាគ្នា ពី​គំនូរ​ទាំងនោះ ដូច្នេះ​គំនិត​ចេះតែ​កើតមាន ជុំវិញ​ការគិត​ពី​ភ្នំពេញ ថា​នឹងមាន​រូបរាង​យ៉ាងណា បើ​គ្មាន​សង្គ្រាម​ប្រល័យពូជសាសន៍​»​។​
  
 
​លោក សៀង ចិន្តា បន្ថែមថា គំនូរ​មាន​តួនាទី​សំខាន់ ក្នុងការ​ពន្យល់​ពី​ប្រវត្តិសាស្ត្រ និង​ចំណេះដឹង​ផ្សេងៗ ឱ្យ​មនុស្ស​ស្វែងយល់​កាន់តែច្បាស់​។ លោក​ថា​នៅ​សម័យ​សង្គមរាស្ត្រនិយម មាន​សំណង់​អាគារ សម្បូរបែប ដែល​សុទ្ធសឹង​បង្ហាញ​ពី​រចនាប័ទ្ម​ខ្មែរ​។​
  
 
​ពិ​ព័រ​ណ៌​គំនូរ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​ជាមួយ​សាលា​ជំនាញ​សិល្បៈ​សូន​រូប ហ្វា​ពន្លឺ​សិល្បៈ ក្រោម​ប្រធានបទ «​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​» តាំង​បង្ហាញជូន​សាធារណៈជន​ទស្សនា ដោយ​មិន​គិតថ្លៃ​ពីថ្ងៃ​ទី ៣០​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​២៨​ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ បន្ទាប់ពីនោះ គំនូរ​ទាំងនេះ​នឹង​យកទៅ​តាំង​បង្ហាញ​នៅ​ស្ថានទូត​ស៊ុយអែត​៕
 


Tag:
 ពិព័រណ៍​គំនូរ​សហ​សម័យ​
  ហ្វា​ពន្លឺ​សិល្បៈ​
  មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com