ជាតិ
សង្គមជាតិ
មន្ត្រី​ថា ទី​បដិសណ្ឋារកិច្ច​នៅមុខ​អង្គរវត្ត​អាច​នឹង​ចេញ​ជា​រូបរាង​នាពេល​ឆាប់​ខាងមុខ​
02, Dec 2018 , 4:59 pm        
រូបភាព
​សៀមរាប​៖ គម្រោង​ស្ថាបនា​ទី​បដិសណ្ឋារកិច្ច ឬ​ហៅ​តាម​ភាសា​បារាំង​ថា Parvis នៅមុខ​ប្រាសាទអង្គរវត្ត អាច​នឹង​លេចចេញ​ជា​រូបរាង​នាពេល​ដ៏​ឆាប់​ខាងមុខនេះ ប្រសិនបើ​គម្រោង​នេះ​ត្រូវបាន​យល់ព្រម និង​ឯកភាព​ពី​គណៈកម្មាធិការ​អន្ដរជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ​។ អាយ​ស៊ី​ស៊ី​-​អង្គរ ដើរតួ​ជា​អ្នកផ្តល់​បច្ចេកទេស  និង​ជំនាញ​ផ្សេងៗ​ក្នុងការ​ជួសជុល អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​។​

​អ្នកជំនាញការ​អាដហុក​របស់​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ បាន​ចុះ​ពិនិត្យមើល​ការដ្ឋាន​មួយចំនួន​នៅ​រមណីយដ្ឋាន​អង្គរ ដែល​ការងារ​នេះ​តែង​ធ្វើជា​ទៀងទាត់ នៅ​រៀងរាល់​មុន​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​មួយ​នេះ​។ ក្នុង​ការចុះពិនិត្យ​នោះ គណៈប្រតិភូ​អាដហុក ក៏បាន​ចុះ​ពិនិត្យ Parvis នៅ​អង្គរវត្ត​ផងដែរ ដើម្បី​ស្ដាប់​អ្នកជំនាញការ​ខ្មែរលើ​គម្រោង​ស្ថាបនា​នាពេល​អនាគត​។​
 
 
​លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងពេល​អមដំណើរ​ជាមួយ​ប្រតិភូ​អាដហុក នៅ​ព្រឹក​ថ្ងៃទី​១ ធ្នូ បានឱ្យដឹងថា ក្រោយ​មានការ​ជជែក​ជាច្រើនលើក​ច្រើនសារ លោក​សង្ឃឹមថា គម្រោង​ស្ថាបនា Parvis អាច​នឹង​រៀបចំ​ឆាប់ៗ​។ លោក​បន្ថែមថា ដោយសារ​អង្គរវត្ត​ជា​កន្លែង​សំខាន់ ដូច្នេះ​ការរៀបចំ​អ្វីមួយ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ គឺ​ត្រូវ​ការជជែក​គ្នាច្រើន​។ «​ខ្ញុំ​សង្ឃឹមថា នេះ​ជា​លើកចុងក្រោយ​ក្នុងការ​ពិភាក្សាគ្នា ហើយនឹង​ឈានដល់​ការអនុញ្ញាតឱ្យ​មានការ​ដ្ឋា​ន តែ​នេះ​មិន​អាស្រ័យ​លើ​យើង (​អាជ្ញាធរ​ជាតិ​អប្សរា​) ទេ គឺថា​តើ​អ្នកជំនាញ​សម្រេច​»​។ លោក ហង់ ពៅ ពន្យល់​។​
 
 
​គួរ​បញ្ជាក់ថា Parvis ជា​គម្រោង​រៀបចំ​ទី​បដិសណ្ឋារកិច្ច​សម្រាប់​ទេសចរ ដែល​រៀបចំ​កន្លែង​រូបភាព​ប្រវត្តិ​ប្រាសាទ កន្លែង​លក់ដូរ និង​ទី​ចំណត​សម្រាប់​រថយន្ត​។​ល​។ ក​ម្រោ​ង​នេះ បាន​អនុវត្តន៍​រួចមកហើយ​នៅ​ប្រាសាទបន្ទាយស្រី​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com