ជាតិ
សេដ្ឋកិច្ច
កម្ពុជា រំពឹងថា នឹងជោគជ័យក្នុងការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ២០២០ នៅអារ៉ាប់ រូបពីក្រសួងពាណិជ្ជកម្ម
× កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ដែលនឹងរៀបចំនៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់ ក្នុងឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអារ៉ាប់ រួមទាំងមេដឹកនាំប្រទេសនិងតំណាងអង្គការអន្តរជាតិថា៖«ឥឡូវនេះ កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកនៅឌុយបៃ ឆ្នាំ២០២០ ហើយប្រាកដណាស់ យើងនឹងទទួលបានជោគជ័យ ដូចការចូលរួមពិព័រណ៍ពិភពលោក នៅសៀងហៃ កាលពីឆ្នាំ២០១០ និងនៅអ៊ីតាលី ឆ្នាំ២០១៥»។
លោក ប៉ាន សូរស័ក្តិ បានទៅចូលរួមកិច្ចប្រជុំ IPM លើកទី៣ ដើម្បីជួបពិភាក្សានិងតាមដានវឌ្ឍនភាពការងាររៀបចំពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ កាលទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីក្រុងឌុយបៃ។
លោក ក៏បានជួបពិភាក្សានិងផ្លាស់ប្តូរយោបល់ ជាមួយមេដឹកនាំប្រទេសនិងតំណាងអង្គការអន្តរជាតិ ដែលមានវត្តមាននៅក្នុងកម្មវិធីនោះផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសធានាបាននូវចំណែកទីផ្សារសម្រាប់ទំនិញកម្ពុជា នៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។
ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងរយៈពេល ៦ខែ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រោមប្រធានបទ “Connecting Minds, Creating the Future” ដើម្បីលើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
Tag:
ជាតិ
ពិព័រណ៍ពិភពលោក
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com