ធនាគារពិភពលោក (WB) បានប្រកាសផ្តល់ទុនប្រមាណ ២០០ពាន់លានដុល្លារសម្រាប់ការវិនិយោគលើផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងពេលប្រាំឆ្នាំពីឆ្នាំ ២០២១ដល់ឆ្នាំ ២០២៥។ ការប្រកាសរបស់ធនាគារនេះធ្វើឡើងស្របពេលដែលប្រជាជាតិជិត ២០០ ទូទាំងពិភពលោកជួបជុំពិភាក្សាគ្នាដើម្បីបង្កើនសកម្មភាពដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដែលកំពុងគំរាមកំហែងពិភពលោកផង។
ធនាគារពិភពលោកបានបញ្ជាក់ថា ក្នុងហិរញ្ញវត្ថុ ២០០ពាន់លានដុល្លារដែលខ្លួនសន្យាផ្តល់ឲ្យនោះមាន ១០០ពាន់លានដុល្លារជាហិរញ្ញវត្ថុដែលផ្តល់ដោយផ្ទាល់ពីខាងធនាគារតែម្តង ហើយមួយភាគបីនៃហិរញ្ញវត្ថុពាក់កណ្តាលទៀតជាវិភាគទានដែលចេះពីទីភ្នាក់ងារចំនួនពីររបស់ World Bank Group។ វិភាគទានដែលនៅសេសសល់គឺជាទុនឯកជនដែលប្រមែរប្រមូលបានតាមរយៈកម្មវិធីរបស់ធនាគារពិភពលោកដែរ។
យោងតាមទីភា្នក់ងារ AFP នាយកទទួលបន្ទុកការប្រែប្រួលអាកាសធាតុរបស់ធនាគារពិភពលោក John Roome បានលើកឡើងថា កន្លងមកធនាគារពិភពលោកមានកញ្ចប់ហិរញ្ញវត្ថុប្រហែល ៤០ពាន់លានដុល្លារ ខណៈដែលហិរញ្ញវត្ថុពីធនាគារផ្ទាល់គឺមានត្រឹម ២៧ ពាន់លានដុល្លារប៉ុណ្ណោះជាមធ្យមសម្រាប់ផ្គត់ផ្គង់លើការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ។
ក្រៅពីរៀបរាប់ពីការបង្កើនទំហំហិរញ្ញវត្ថុ លោក Romme សង្ឃឹមថា បណ្តារាល់ភាគីនឹងប្រឹងប្រែងទាំងអស់គ្នាដើម្បីបង្កើនសកម្មភាពដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុឲ្យបានសម្រេចតាមគោលដៅកំណត់ និងព្រមានជាមុនផងដែរពីការបរាជ័យក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុនេះ។
លោកបានព្រមានដូច្នេះ៖ «ប្រសិនបើយើងមិនបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងកសាងសមត្ថភាព បន្សាំនឹងអាកាសធាតុនៅពេលនេះទេ យើងនឹងមានប្រជាជនប្រហែល ១០០លាននាក់ទូទាំងពិភពលោកដែលនឹងត្រូវរស់ក្រោមបន្ទាត់នៃភាពក្រីក្រត្រឹមឆ្នាំ ២០៣០ខាងមុខនេះជាក់ជាមិនខាន»។
មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោករូបនេះបានលើកឡើងផងដែរពីការកើនឡើងចំនួនប្រជាជនចំណាកស្រុក និងជនភៀសខ្លួនដល់ ១៣៣លាននាក់ត្រឹមឆ្នាំ ២០៣០ នៅក្នុងតំបន់បីធំៗក្នុងនោះមានអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន បើសិនជាពិភពលោកមិនយកចិត្តទុកដាក់លើការដោះស្រាយបាតុភូតធម្មជាតិនេះទេ។
ភាគច្រើននៃហិរញ្ញវត្ថុផ្តោតលើសកម្មភាពដោះស្រាយប្រែប្រួលអាកាសធាតុនេះត្រូវបានប្រើប្រាស់ដើម្បីជុំរុញ និងគាំទ្រគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការអភិវឌ្ឍគោលនយោបាយថាមពលស្អាត (clean or renewable energy)។ ប៉ុន្តែពេលនេះធនាគារពិភពលោកបានលើកឡើងពីសារសំខាន់នៃការបង្កើនកញ្ចប់ហិរញ្ញវត្ថុសម្រាប់គាំទ្រការបន្សាំនឹងការប្រែប្រួលអាកាសធាតុនេះ(Adaptation)ដែរ។
ការប្រកាសផ្តល់ហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើផែនការសកម្មភាពដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះកើតឡើង ស្របពេលដែលសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៤ (COP24) ចាប់ផ្តើមឡើងនៅទីក្រុង Katowice ប្រទេសប៉ូឡូញដែរ។ តំណាងប្រទេសជិត ២០០ មានវត្តមាននៅក្នុងកិច្ចប្រជុំអាកាសធាតុប្រចាំឆ្នាំ
ដោយឡែកនាយកប្រតិបត្តិធនាគារពិភពលោក Kristanlina Georgieva មានប្រសាសន៍ផងដែរថា ការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ ទឹកជំនន់ និងគ្រោះទុរភិក្ស តម្រូវឲ្យមានសកម្មភាពចូលរួមដោះស្រាយបន្ទាន់ពីគ្រប់ភាគីជាពិសេសជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះលើពិភពលោក។ លោកស្រី បន្ថែមទៀតថា ក្រៅពីចំណាត់ការដោះស្រាយ វាជារឿងចាំបាច់ដែលពីពិភពលោកផ្តោតការយកចិត្តទុកដាក់គាំទ្រលើហិរញ្ញវត្ថុដែលទ្រទ្រង់គម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុសាកលដែរ។
តាមពិតទៅ នៅក្រោមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស (Paris Climate Agreement) ឆ្នាំ ២០១៥ ប្រជាជាតិដែលមានសេដ្ឋកិច្ចជឿនលឿនបានប្តេជ្ញាចិត្តកៀងគរវិភាគទានទាំងផ្នែកឯកជននិងសាធារណៈឲ្យបានសរុប១០០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ ដើម្បីជួយគាំទ្របណ្តាប្រទេសកំពុងអភិវឌ្ឍនិងប្រទេសងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុនេះ។
គោលដៅសំខាន់នៃកិច្ចព្រមព្រៀងអន្តរជាតិនេះគឺធានាថា ពិភពលោកនឹងអាចកម្រិតកំណើតសីតុណ្ហភាពត្រឹម ២ អង្សារ ឬត្រឹម ១,៥អង្សាធៀបនឹងកម្រិតមុនសម័យឧស្សាហកម្ម (pre-industrial level) នៅត្រឹមឆ្នាំ ២១០០ បើសិនជាអាចទៅរួច។ បើសិនជាពិភពលោកលោកមិនអាចទប់ស្កាត់ការកើនឡើងសីតុណ្ហភាពត្រឹមកម្រិតខាងលើទេ ពិភពលោកនឹងត្រូវប្រឈមគ្រោះមហន្តរាយធំមិនខាន។
សូមបញ្ជាក់ថា ដោយសារការប្រែប្រួលអាកាសធាតុ ពិភពលោកនឹងប្រឈមកំណើនគ្រោះមហន្តរាយធម្មជាតិដូចព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត កង្វះអាហារូបត្ថម្ភ រលកកម្តៅ និងបញ្ហាផ្សេងទៀតដែលគំរាមកំហែងសុខភាពប្រជាជនជាពិសេសជនងាយរងគ្រោះនិងក្រីក្រផង។ របាយការណ៍ស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបង្ហាញថា ចន្លោះពីឆ្នាំ ២០៣០ ដល់ ២០៥០ ចំនួនអ្នកស្លាប់កើនឡើងរហូតដល់ ២៥ម៉ឺននាក់រាល់ឆ្នាំដោយសារបញ្ហានេះ៕