ដឹង​អំពី​រឿងនេះ អ្នក​ផ្ដាច់​បារី​គ្មាន​ថ្ងៃ​ចង់​ត្រឡប់​ទៅ​ជក់​វិញ​ទេ​!
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ដឹង​អំពី​រឿងនេះ អ្នក​ផ្ដាច់​បារី​គ្មាន​ថ្ងៃ​ចង់​ត្រឡប់​ទៅ​ជក់​វិញ​ទេ​!
03, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​ទៅ នៅពេលដែល​អ្នក​ឈប់​ជក់បារី​?



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ចម្លើយ​ចំពោះ​ចម្ងល់​របស់​អ្នក ហើយ​បន្ទាប់ពី​អាន​ចប់ អ្នក​ក៏​ប្រហែលជា​នឹង​គ្មាន​ថ្ងៃ​ចង់​ត្រឡប់​ទៅ​ជក់បារី​វិញទៀត​ដែរ ៖

១. បង្កើន​ចរន្តឈាម​រត់​
 
​នេះ គឺជា​រឿង​ដំបូង​គេ​បង្អស់​ដែល​កើតឡើង​នៅពេល​អ្នក​ឈប់​ជក់បារី​។ ក្នុង​រយៈពេល​ពីរ​បី​ម៉ោង ចរន្តឈាម​របស់​អ្នក​នឹងមាន​ភាពប្រសើរ​ឡើង​គួរឱ្យកត់សម្គាល់ ហើយនឹង​ធ្វើ​ឲ្យ​អត្រា​បេះដូង និង​សម្ពាធ​ឈាម​របស់​អ្នក​ត្រលប់​ទៅកាន់​ស្ថានភាព​ធម្មតា​វិញ​។ ខណៈដែល​ជាតិ​នីកូទីន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការឡើង​ខ្ពស់​នៃ​សម្ពាធ​ឈាម និង​ការកើនឡើង​នៃ​អត្រា​ចង្វាក់បេះដូង គឺ​គ្មាន​វត្តមាន​នៅក្នុង​រាងកាយ​ទៀត ។ នេះ​ក៏​នឹងធ្វើ​ឱ្យ​ចុង​ម្រាមដៃ​របស់​អ្នកមាន​កម្ដៅ​ជាង​មុន​ផងដែរ ក៏​ព្រោះតែ​ចរន្តឈាម​រត់​បាន​ត្រឹមត្រូវ​ក្នុង​រាងកាយ​។​

២. រាងកាយ​នឹង​ឆ្លងកាត់​ដំណាក់កាល​ពិបាក​មួយចំនួន​
 
​នៅ​ខណៈពេល​អ្នកសម្រេចចិត្ត​ឈប់​ជក់បារី វា​ប្រាកដជា​ពិបាក​ណាស់​ក្នុងការ​ចាប់ផ្ដើម​ដំបូង ដោយ​រាងកាយ និង​ចិត្ត​របស់​អ្នក គឺ​បាន​ញៀន​ខ្លាំង​ទៅនឹង​ជាតិ​នីកូទីន ហេតុនេះ​បញ្ហា​មួយចំនួន​នឹង​កើតមានឡើង​ចំពោះ​អ្នក​។ មនុស្ស​ភាគច្រើន​មើលស្រាល​ឥទ្ធិពល​នៃ​ជាតិ​នីកូទីន ហើយ​មិនដឹងថា​ខ្លួន​កំពុង​ញៀន​នឹង​វា​ទេ រហូត​ទាល់តែ​ពេល​ឈប់​ប្រើ​វា​។ ប្រសិនបើ​អ្នក​សម្រេចចិត្តថា​ឈប់​ជក់បារី​យ៉ាង​ប្រាកដ​ហើយ​នោះ អ្នក​ប្រហែលជា​នឹង​ប្រឈម​មុន​ជាមួយ​បញ្ហា​មួយចំនួន​ដូចជា ឈឺក្បាល​, តានតឹង​ក្នុង​អារម្មណ៍​, វិលមុខ​, អស់កម្លាំង​, ចង្អោរ​ចង់​ក្អួត​, ឃ្លាន​ចង់​ជក់បារី​ខ្លាំង​, ក្អក​, ពិបាក​ក្នុងការ​គេង​, បាត់បង់​ចំណង់​អាហារ រួមទាំង​បញ្ហា​សម្ពាធ​ឈាម និង​អត្រា​នៃ​ចង្វាក់បេះដូង​ធ្លាក់ចុះ​។ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​ពិតជា​ចង់​ឈប់​ជក់បារី​មែន អ្នកនឹង​អាច​ជំនះ​នូវ​បញ្ហា​ទាំងអស់នេះ​បាន​។ ហើយ​កុំ​បារម្ភ​អាកា​រៈទាំង​នេះ​នឹង​បាត់ទៅ​វិញ​យឺតៗ​តាម​ពេលវេលា និង​អាស្រ័យ​លើ​ពេលវេលា​ដែល​អ្នក​ធ្លាប់បាន​ជក់​កន្លងមក​។​

៣. ខួរក្បាល​ទទួលរង​ភាពច្របូកច្របល់​

​នេះ​មានន័យថា ខួរក្បាល​នឹង​ប្រែជា​ភ័ន្ត​ភាំង ហើយ​បញ្ចេញ​សកម្មភាព​ចម្លែក​។ វា​នឹង​បញ្ជូន​សញ្ញា​ទាមទារ​ឲ្យ​អ្នក​ទៅរក​បារី​យកមក​ជក់ ដោយសារតែ​ជាតិ​នីកូទីន​បានធ្វើ​ឲ្យ​មាន​ភាព​ញៀន ហើយ​បង្ក​ភាពច្របូកច្របល់​ក្នុងការ​សម្រេចចិត្ត​។ ក្នុងកំឡុងពេល​នេះ​អ្នកនឹង​អាច​ជួបប្រទះ​នូវ​បញ្ហា​ប្រែប្រួល​នៃ​អារម្មណ៍​, ខឹងឆេវ​ឆាវ​, ធ្លាក់​ទឹកចិត្ត​, ស្លន់ស្លោរ​, ថប់​បារម្ភ​, ធុញទ្រាន់ និង​ឃ្លាន​ចង់​ជក់បារី​ជាខ្លាំង​។ ទោះជា​យ៉ាងណា បញ្ហា​ទាំងនេះ​នឹង​បាត់​ទៅវិញ​តាម​ពេលវេលា និង​អាស្រ័យ​លើ​រយៈ​ពេលដែល​អ្នក​ធ្លាប់បាន​ជក់​កន្លងមក​។​
 
៤. កើន​ទម្ងន់​
 
​ជាតិ​នីកូទីន នៅពេល​ចូលទៅក្នុង​លំហូរ​ឈាម​នឹង​បញ្ជូន​សញ្ញា​មួយ​ទៅកាន់​ខួរក្បាល​ឲ្យ​បញ្ចេញ​ជាតិ​ខ្លាញ់​ទៅក្នុង​រាងកាយ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​។ ដូច្នេះហើយ​ទើប​អ្នក​ជក់បារី​មិនសូវ​ជា​ឃ្លាន​អាហារ ប៉ុន្តែ​នៅពេល​អ្នក​ឈប់​ជក់បារី​វិញ​នោះ គឺ​គ្មាន​ជាតិ​នីកូទីន​ណា​ជះឥទ្ធិពល​លើ​មុខងារ​ខួរក្បាល​ទៀត​ដែរ ខណៈនោះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ឃ្លាន​ខ្លាំង​នៅ​រាល់ពេល​អ្នក​ចង់​ជក់បារី​។ ជា​លទ្ធផល​ចុងក្រោយ អ្នកនឹង​កើន​ទម្ងន់ បន្ទាប់ពី​ទទួលទាន​ច្រើនជាង​មុន​។​
 
៥. ខ្យល់​ដង្ហើម​ប្រែជា​ប្រសើរ​ជាង​មុន​
 
​ដរាបណា​អ្នក​នៅតែ​ជក់បារី នោះ​សួត​របស់​អ្នកនឹង​ពោរពេញ​ទៅដោយ​ផ្សែង​ពុល​គ្រោះថ្នាក់​យ៉ាង​ក្រាស់ ហើយ​រារាំង​ដល់​មុខងារ​សម្អាត​ភាព​កង្វក់​របស់​រោម​តូចៗ​ដែល​នៅក្នុង​សួត​។ ប៉ុន្តែ​នៅពេល​អ្នក​ឈប់​ជក់បារី​មុខងារ​របស់​អ្នក​រោម​តូចៗ​ទាំងនោះ​នឹង​ត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ ហើយ​ចាប់ផ្ដើម​ដំណើរ​បាន​ត្រឹម​ត្រូវធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ដកដង្ហើម និង​ផ្ដល់​ក្លិន​ខ្យល់​ដង្ហើម​ល្អប្រសើរ​។​
 
៦. ស​សៃ​ឈាម​រីក​ធំ​
 
​ការជក់បារី គឺ​ធ្វើ​ឲ្យ​ស​សៃ​ឈាម​រួម​តូច​បណ្ដាល​ឲ្យ​ឈាម​ហូរ​ទៅកាន់​ខួរក្បាល​មិន​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​ខួរក្បាល​មិនសូវ​សកម្ម ហើយ​ស្ពឹក​។ បញ្ហា​នៃ​ស​សៃ​ឈាម​រួម​តូច​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល និង​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈមមុខ​ជាមួយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​ផងដែរ​។ ដូច្នេះ​ក្នុងកំឡុងពេល​ប្រហែលជា ១៨ ខែ ទៅ ១៥​ឆ្នាំ បន្ទាប់ពី​ផ្ដាច់ ឬ​ឈប់​ជក់បារី ហានិភ័យ​នៃ​ជំងឺ​បេះដូង​នឹង​ត្រូវបាន​កាត់បន្ថយ​យ៉ាងខ្លាំង រួមជាមួយ​ការធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អប្រសើរ​ជាង​មុន ហើយ​ជៀស​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត​ផ្សេងៗ​។​
 
៧. ធ្មេញ​ស ស្នាមញញឹម​ស្រស់ស្អាត​
 
​ការជក់បារី ជាប្រចាំ​អាច​បណ្ដាល​ឲ្យ​កើត​មានការ​រលាក និង​ឈឺ​មាត់​, ធ្មេញ​ប្រែជា​លឿង ហើយ​ធ្វើ​ឲ្យ​មាន​ខ្យល់​ដង្ហើម​មិនល្អ​ថែមទៀត​។ និយាយ​ឲ្យ​ខ្លី​ទៅ ការជក់បារី គឺ​ផ្ដល់​ផលប៉ះពាល់​ដល់​អនាម័យ​សុខភាព​មាត់​ធ្មេញ​គួរ​ឲ្យ​ព្រួយបារម្ភ​។ ទោះជា​យ៉ាងណា ផលវិបាក​ភាគច្រើន​នៃ​បញ្ហា​សុខភាព​មាត់​ធ្មេញ​ដូចជា ធ្មេញ​លឿង ក៏ដូចជា​ខ្យល់​ដង្ហើម​មិនល្អ នឹង​បាត់​ទៅវិញ​ភ្លាមៗ​បន្ទាប់ពី​អ្នក​ឈប់​ជក់បារី​។ ការឈប់​ជក់បារី​ក៏​ជួយ​ការពារ​អ្នក​ពី​ជំងឺ​អញ្ចាញធ្មេញ​ផងដែរ​។​

៨. ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពប្រសើរឡើង​

​ប្រព័ន្ធ​ភាពស៊ាំ​ល្អ​នឹង​ជួយ​ការពារ​អ្នក​ឲ្យ​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ ការជក់បារី​ជាប្រចាំ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរការ​មុខងារ​មិនបាន​ត្រឹមត្រូវ ហើយ​ចុះខ្សោយ​ដែល​បណ្ដាល​ឲ្យ​ជំងឺ​ផ្សេងៗ​ងាយ​នឹង​ជ្រៀតចូល​ក្នុង​រាងកាយ​។ វា​ក៏​បង្កើន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​រលាក​ទងសួត និង​ជំងឺ​រលាក​សួត ហើយ​ចុងក្រោយ​ជាលិកា​សួត​ទាំងអស់​នឹងត្រូវ​បំផ្លាញ ដោយសារ​ទម្លាប់​នៃ​ការជក់បារី​។ ប៉ុន្តែ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​ទាំងនេះ គឺ​នឹងមិន​កើតឡើង​បានទេ ប្រសិនបើ​អ្នក​ឈប់​ជក់បារី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com