ម៉ា​អ៊ែ​ម​! អាហារ​ទាំងនេះ​ឆ្ងាញ់​ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ទៀត​!
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ម៉ា​អ៊ែ​ម​! អាហារ​ទាំងនេះ​ឆ្ងាញ់​ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ទៀត​!
04, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ


១. កាហ្វេ​
 
​កាហ្វេ​ជួយ​អ្នក​ឲ្យ​មាន​ថាមពល និង​បាត់​ងងុយគេង ហេតុនេះ​អ្នកនឹង​អាចធ្វើ​ការផ្ដោត​អារម្មណ៍​លើ​បញ្ហា​ផ្សេងៗ​ចំពោះមុខ​បាន​យ៉ាង​ងាយ​។ អ្នក​អា​ចទ​ទួ​ទាន​តែ​បៃតង​, សូកូឡា​ខ្មៅ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ជំនួស​ក៏បាន ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​កាហ្វេ​។ ទោះជា​យ៉ាងណា ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា មិនគួរ​ទទួលទាន​ភេសជ្ជៈ និង​អាហារ​ណា​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ហួស​កម្រិត​ពេក​ឡើយ បើ​មិន​ដូច្នោះ​ទេ​អ្នក​អាច​នឹង​ជួយ​ប្រទះ​បញ្ហា​មួយចំនួន​ដូចជា ឆាប់​មួរ​ម៉ៅ​, ឈឺក្បាល និង​ញ័រទ្រូង ។​ល​។​
 
២. អាហារ​ដែលមាន​ជាតិ​គ្លុយកូស​
 
​គ្លុយកូស គឺជា​អាហារ​ល្អ​បំផុត​សម្រាប់​ខួរក្បាល​។ ហេតុនេះហើយ​ទើប​គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់​ទេ នៅពេល​អ្នក​ខាំ ឬ​ក្រេប​អ្វីមួយ​ដែលមាន​រសជាតិ​ផ្អែម​ធ្វើ​ឲ្យ​អ្នក​ស្វាង ហើយ​អាច​ផ្ដោតអារម្មណ៍​លើ​អ្វីដែល​អ្នក​កំពុង​ធ្វើបាន​កាន់តែ​ប្រសើរ​ជាង​មុន​។ អ្នកជំនាញ​ជាច្រើន​និយាយថា ស្ករ​គ្រាប់​មួយ​គ្រាប់​, ទឹក​ផ្លែឈើ​ស្រស់​មួយ​កែវ ឬអ្វី​ផ្សេងទៀត​ដែលមាន​ជាតិ​គ្លុយកូស អាច​ផ្ដល់​ឥទ្ធិពល​យ៉ាង​អស្ចារ្យ​លើ​ការចងចាំ​រយៈពេល​ខ្លី និង​ការផ្ដោត​ផ្ចង់អារម្មណ៍​។ ទោះជា​យ៉ាងណា អ្នក​គួរ​ជៀសវាង​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ដែល​ផ្អែម​ច្រើនពេក ក៏​ព្រោះ​វា​អាច​នឹង​ផ្ដល់​ផលប៉ះពាល់​ដល់​សុខភាព​នៅ​ថ្ងៃក្រោយ​។​
 
៣. អាហារ​ពេលព្រឹក​
 
​អាហារ​ពេលព្រឹក គឺជា​អាហារ​ដ៏​សំខាន់​ជាងគេ​ក្នុងចំណោម​អាហារ​ទាំង ៣ ពេល​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បង្ហាញ​ឲ្យ​ដឹងថា ការទទួល​ទាន​អាហារ​ពេលព្រឹក​ផ្ដល់​ផល​ល្អជា​ច្រើន​ចំពោះ​សុខភាព ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​ធ្វើ​ឲ្យ​ខួរក្បាល​នៅតែ​សកម្ម​អាច​ទប់ទល់​ជាមួយ​បញ្ហា​ជាច្រើន​បាន​យ៉ាង​ប្រសើរ​។ ហើយ​កុំ​ភ្លេច​បន្ថែម​គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ ក្នុង​របប​អាហារ​ពេលព្រឹក​របស់​អ្នក​។ ទោះជា​យ៉ាងណា កុំ​ទទួលទាន​អាហារ​ពេលព្រឹក​ដែលមាន​កាឡូរី​ច្រើនពេក ក៏​ព្រោះ​វា​អាច​បង្អាក់​ដល់​ការផ្ដោត​អារម្មណ៍​។​
 
៤. ត្រី​
 
​វត្តមាន​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជា​មូល​ហេតុដែល​បញ្ចាក់​យ៉ាងច្បាស់​ថា ត្រី គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​ខួរក្បាល​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេងវង្វាន់​។ អាស៊ីត​ខ្លាញ់​ដែលមាន​ក្នុង​ត្រី​ជួយ​ការពារ​កោសិកា​ខួរក្បាល​ពី​ការខូចខាត​។ វា​ក៏​ល្អ​បំផុត​ដែរ​ក្នុងការ​ទប់ស្កាត់​ការ​រលាក​។​
 
៥. គ្រាប់​ធញ្ញជាតិ​
 
​ប្រភព​ដ៏​ល្អ​មួយទៀត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ គឺ​គ្រាប់​ធញ្ញជាតិ​ដូចជា គ្រាប់​អាល់​ម៉ុ​ន​, គ្រាប់​វាល់​ណឺ​ត​, សណ្ដែកដី​, គ្រាប់ស្វាយចន្ទី និង​គ្រាប់​រីករាយ ។​ល​។ គ្រាប់​ធញ្ញជាតិ​ទាំងនេះ​ក៏​ផ្ដល់​ឲ្យ​ខួរខ្បាល​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​ផ្សេងទៀត​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com