ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ ខ្ញុំ ព្រម​ធ្វើជា​ប្រធានស្តីទី​បក្ស​សង្គ្រោះ​ជាតិ ដោយសារ​កាលៈទេសៈ​បង្ខំ
03, Dec 2018 , 12:15 pm        
រូបភាព
​ក្រោយ​សមាជិក​ហៅ​ទៅ​ឲ្យ​ទទួលយក​តំណែង​ជា​ប្រធានស្តីទី​នៃ​អតីទ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ការពារ​ខ្លួនឯង​ថា ការទទួល​នេះ គឺ​ដោយសារតែ​តម្រូវ​ការបង្ខំ មិនមែន​លោក ស្រឡាញ់​តំណែង​ឬ​តួនាទី​នោះទេ​។ យ៉ាងណា លោក នៅតែ​រង​ការរិះគន់​ខ្លះៗ​ពី​ក្រុម​អ្នកប្រឆាំង ដែល​ស្រឡាញ់​លោក កឹម សុខា​។


 
អត្ថបទទាក់ទង
​សន្និសីទ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រៀបចំ​នៅ​ថ្ងៃទី​១-២ ខែវិច្ឆិកា ឆ្នាំ​២០១៨ សហរដ្ឋអាមេរិក បានសម្រេច​ឲ្យ​លោក សម រង្ស៊ី ឡើង​ធ្វើជា​ប្រធានស្តីទី​នៃ​អតីត​គណបក្ស​នេះ​ជា​បណ្តោះ​សន្ន ដោយ​ពួកគេ យល់ថា លោក កឹម សុខា ដែលជា​ប្រធាន  កំពុងស្ថិត​នៅក្រោម​គំនាប ហើយ​ពុំមាន​សិទ្ធិ​បរិបូរ ដើម្បី​ដឹកនាំ​គណបក្ស​នោះទេ​។ ក្នុង​ពិធី​បិទ​សន្និសីទ​ទ្រង់ទ្រាយ​ធំ ដែលមាន​តំណាង​ជាង​៤០០​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពី​បណ្តា​ប្រទេស​នានា លោក សម រង្ស៊ី បានប្រកាស​យ៉ា​យ​ដូច្នេះ​ថា​៖«​ខ្ញុំ មាន​កិត្តិយស​ទទួលយក​តំណែង​នេះ​»​។ 
 
​លោក សម រង្ស៊ី បាន​បញ្ជាក់ថា ការរៀបចំ​សន្និសីទ​នេះ​ឡើង ហើយ​លោក​ព្រម​ទទួលយក​តំណែង​ជា​ប្រធានស្តីទី​នាពេលនេះ គឺ​ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន​គណបក្ស​ឡើយ​វិញ ហើយ​បន្ទាប់មក​ទើប​អាច​រក​ផ្លូវ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ លោក សម រង្ស៊ី និង អ្នកគាំទ្រ ជឿថា យុទ្ធសាស្ត្រ​នេះ នឹង​អាចធ្វើ​ឲ្យ​គណបក្ស​របស់​ពួកគេ រស់​ឡើយ​វិញ ហើយ​លោក កឹម សុខា នឹង​ទទួលបាន​សេរីភាព​ពេញ​។ 
 
​លោក សម រង្ស៊ី ប្រកាសថា លោក នឹង​លាលែង​ពី​តំណែង​ជា​ប្រធានស្តីទី​នេះ នៅពេលណា លោក កឹម សុខា ទទួលបាន​សេរី​ពិតប្រាកដ ហើយ​វិល​មកកាន់​តំណែង​ជា​ប្រធាន​ឡើងវិញ​។ ម្យ៉ាងទៀត លោក អះអាងថា រចនាសម្ព័ន្ធ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​រក្សាទុក​ដូច​មុន​ដដែល ដោយ​មិន​រុះរើ​អ្វី​ទាំងអស់​។ 
 
​យ៉ាងណាក៏ដោយ ក្នុងដំណាក់កាល ដែល​គណ​សង្គ្រោះ​ជាតិ កំពុងស្ថិត​ក្នុងការ​គ្រប់គ្រង​របស់លោក លោក ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ រួបរួមគ្នា​ជា​ធ្លុង​មួយ ដោយ​ចៀសវាង​ការប្រកាន់​បក្សពួក ឬ​បែក​ចែកគ្នា​ជា​ក្រុម​។ លោក បន្តថា ថ្នាក់ដឹកនាំ​និង​អ្នកគាំទ្រ​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី «​សម រង្ស៊ី​-​កឹម សុខា ជា​មនុស្ស​តែមួយ​» ដែលជា​ពាក្យស្លោក​និង​ជា​និមិត្តរូប​នៃ​ការរួបរួម​របស់​គណ​បក្ស​។   
 
​លោក សម រង្ស៊ី សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកណា​ទាំ​ទ្រ​កឹម សុខា គឺ​គាំទ្រ សម រង្ស៊ី ហើយ​អ្នកណា​គាំទ្រ សម រង្ស៊ី គឺ​គាំទ្រ​កឹម សុខា​។ អ្នកណា​វាយប្រហារ កឹម សុខា គឺ​វាយប្រហារ សម រង្ស៊ី ហើយ​អ្នកណា វាយប្រហារ​សម រង្ស៊ី គឺ វាយប្រហារ​កឹម សុខា​»​។​
 
​លោក សម រង្ស៊ី មិន​ភ្លេច​នោះ​ទេពី​ការបកស្រាយ​នូវ​មូល​ហេតុដែល​លោក ត្រូវ​សម្រេចចិត្ត​ទទួលយក​តំណែង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅ​ចំពោះមុខ​អ្នកគាំទ្រ លោក សម រង្ស៊ី ពន្យល់ថា ការទទួល​តំណែង​នេះ គឺជា​កាលៈទេសៈ​ចាំបាច់ ដែល​ត្រូវ​បង្ខំ​ឲ្យ​ទទួលយក​។ បន្ទាប់មក លោក ក៏​រម្លឹក​ដល់​កាលដែល​លោក លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ 
 
​លោក សម រង្ស៊ី លើកឡើងថា កាលនោះ ដោយសារតែ​កាលៈទេសៈ​បង្ខំ​ដូចគ្នា ទើប​លោក សុខចិត្ត​លាលែង​ពី​តំណែង​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក អធិប្បាយ​បែបនេះ​ថា​៖«​តួនាទី​មិន​សំខាន់​ទេ ខ្ញុំ​មិនដែល​ឲ្យ​តម្លៃ​តួនាទី​ឡើយ​។ ខ្ញុំ​មិន​ស្រឡាញ់​តំណែង​ទេ​។ បើ​ខ្ញុំ​ស្រឡាញ់​តំណែង ខ្ញុំ​លាលែង​ធ្វើ​អី​...​។ ខ្ញុំ​មកកាន់​តំណែង មិនមែន​ដោយ​ចិត្ត​ឯង​ចង់​ទេ តែ​មកពី​តម្រូវ​ការបង្ខំ​។ លាលែង​ក៏​ជា​តម្រូវការ វិល​មកវិញ​ក៏​ជា​តម្រូវការ​»​។ 
 
​លោក បាន​ហៅ​ការរៀបចំ​សន្និសីទ និង ការជ្រើសរើស​លោក​ឲ្យ​ធ្វើជា​ប្រធានស្តីទី​ថា​ជា​ការរៀប​ក្បាលម៉ាស៊ីន​គណបក្ស​និង​ថ្នាក់ដឹកនាំ ដើម្បី​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​យើង នឹង​ប្រមូល​ឥស្សរជន​ទាំងអស់ អ្នកគាំទ្រ​ទាំងអស់ ឲ្យ​មក​ចាប់ដៃគ្នា​ក្រោម​ផ្លាកគណបក្ស​សង្គ្រោះ​ជាតិ​។ ទាល់តែ​យើង​ពង្រឹង​ក្បាលម៉ាស៊ីន​គណបក្ស ទើប​អាចធ្វើ​សេចក្តីសម្រេច ក្នុងនាម​គណបក្ស​ទាំងមូល​បាន​។ កុំ​គុំកួន កុំ​អត់​ចិត្ត កុំ​ប៉ះទង្គិច​គ្នាឯង​ឲ្យ​សោះ​»​។​
 
​ទោះជា​លោក សម រង្ស៊ី ខំ​បកស្រាយ​យ៉ាងណាក៏ដោយ ក៏​លោក នៅតែ​រង​ការរិះគន់​ពី​មន្ត្រី​និង​អ្នកគាំទ្រ​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ជាពិសេស​អ្នកមាន​ទំនោរ​ទៅរក​លោក កឹម សុខា​។ ពួកគេ យល់ថា ការរៀបចំ​សន្និសីទ​នេះ គឺជា​សញ្ញា​នៃ​ការបែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​កូនស្រី​ទាំងពីរ​របស់លោក កឹម សុខា ក៏បាន​បញ្ឆិតបញ្ឆៀង​ឲ្យ​លោក សម រ​ង្ស និង ក្រុមមនុស្ស ដែល​រៀបចំ​ស​ន្និសិទ​នេះដែរ​៕ 
 

Tag:
 ​សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com