Dalton Harris ដើមកំណើតនៅក្រុង Kingston ប្រទេសហ្សាម៉ៃអ៊ីក បានក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The X Factor របស់អង់គ្លេស ក្រោយទទួលបានសំឡេងគាំទ្រច្រើនជាង Scarlett Lee (លេខពីរ) និង Anthony Russell (លេខបី) នៅវគ្គផ្តាច់ព្រ័ត្រ។
វគ្គដំបូង Audition ច្រៀងបទ «Sorry Seems to Be the Hardest Word» បន្ទាប់មកច្រៀងបទ «Purple Rain» នៅវគ្គ Six Chair Challenge។ មុននឹងឈានដល់វគ្គ Live Show បេក្ខជន Dalton ច្រៀងបទ «Listen» នៅវគ្គ Judges’Houses។
ក្រោមការដឹកនាំបង្វឹករបស់តារាចម្រៀង Louis Tomlinson ដែលជាសមាជិកគណៈកម្មការម្នាក់ Dalton បានឆ្លងផុត៥សប្តាហ៍ជាបន្តបន្ទាប់ជាមួយបទ «Life On Mars», «I Have Nothing», «Creep», «California Dreamin» និង «Listen»។ នៅសប្តាហ៍ទី៦ ដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Dalton ច្រៀងបទ «SOS», «Beautiful» និងបទ «Clown»។
នៅវគ្គផ្តាច់ព្រ័ត្រ Dalton បកស្រាយបទ «A Song for You» របស់ Andy Williams មុនចាប់ដៃគូជាមួយកំពូលតារាចម្រៀងអង់គ្លេស Emeli Sande ដោយច្រៀងបទ «Beneath Your Beautiful»។ ក្រោយទទួលបានពាន Dalton បានច្រៀងបទ «The Power of Love» ជាមួយ James Arthur ដែលជាម្ចាស់ពាន The X Factor UK រដូវកាលទី៩ កាលពីឆ្នាំ២០១២ ។
សម្រាប់រដូវកាលទី១៥នេះ វាមិនត្រឹមតែជាជោគជ័យរបស់ Dalton Harris តែប៉ុណ្ណោះឡើយ តែក៏ជាជោគជ័យដ៏ធំធេងផងដែរសម្រាប់ Louis Tomlinson អតីតសមាជិកក្រុម One Direction ក្នុងនាមជាគណៈកម្មការលើកដំបូង។ នៅវគ្គផ្តាច់ព្រ័ត្រ Louis នៅសល់កូនក្រុមរហូតដល់ពីរនាក់ គឺ Dalon និង Anthony Russell លោក Simon Cowell មាន Scarlett Lee ខណៈ កូនក្រុមរបស់ Ayda Field និង Robbie Williams បានធ្លាក់ចេញជាបន្តបន្ទាប់នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕