អន្តរជាតិ
ជិត ៦០​ឆ្នាំក្រោយ សេដ្ឋី​ប្រេង​«​កាតា​»​ប្រកាស​ដើរ​ចេញពី​សម្ព័ន្ធ​រដ្ឋ​នាំ​ប្រេង​ចេញ OPEC
03, Dec 2018 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​ក្រុង​ដូ​ហា បានប្រកាស​ជា​ផ្លូវការ​ថា នៅត្រឹម​ខែមករា​ឆ្នាំ ២០១៩ កាតា​នឹង​លែង​ជា​សមាជិក​ក្រុម​ប្រទេស​នាំចេញ​ប្រេង OPEC ទៀតហើយ​។ រដ្ឋាភិបាល​នេះ​អះអាងថា ខ្លួន​នឹង​ងាក​ទៅ​ផ្តោត​សំខាន់​លើ​ឧស្ម័ន ដ្បិត​សក្តានុពល​ខាង​ប្រេង​របស់ខ្លួន​មិនមាន​ខ្លាំង​ដូច​គេ​ឡើយ​។


 
​រដ្ឋមន្ត្រី​ថាមពល​កាតា Saad al-Kaabi បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយថ្ងៃ​ចន្ទ​ទី ៣ ខែធ្នូ​ថា ការ​តា​នឹង​ដកខ្លួន​ចេញពី​អង្គការ OPEC ដែល​ត្រូវបាន​គេ​ស្គាល់​ថា «​ជា​សម្ព័ន្ធ​ប្រទេស​នាំចេញ​ប្រេង​» នៅ​ដើមខែ​មករា​ឆ្នាំក្រោយ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ចុះផ្សាយ​ដោយ​ស្រង់​សម្តី​រដ្ឋមន្ត្រី​ខាងលើ​ថា គម្រោង​ដកខ្លួន​ពី​ក្រុម​ប្រទេស​នាំចេញ​ប្រេង​នេះ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​បន្ទាប់ពី​ខ្លួន​បាន​ជូនដំណឹង​ពី​ការសម្រេចចិត្ត​នេះ​ទៅកាន់​សមាជិក OPEC ទាំងអស់​រួចរាល់​។ 
 
​លោក al-Kaabi បាន​ថ្លែង​ដូច្នេះ​៖«​កាតា​បានសម្រេច​ចិត្ត​ដកខ្លួន​ចេញពី​អង្គការ OPEC ដែលមាន​សុពលភាព​ចាប់ពី​ខែមករា​ឆ្នាំ ២០១៩​នេះ​តទៅ​»​។​
 
​យ៉ាងណា​ក៏ដោយចុះ តំណាង​ក្រុង​ដូ​ហា​រូបនេះ បាន​បញ្ជាក់ថា កាតា​នឹង​នៅ​បន្ត​ផលិត​ប្រេង ប៉ុន្តែ​លោក​មិនបាន​ពន្យល់​លម្អិត​ពី​ហេតុផល​នៃ​ការ​ដើរចេញ​នេះ​ទេ​។ លោក​ត្រឹម​បញ្ជាក់ថា ប្រេង​មិនមែនជា​សក្តានុពល​ចម្បង​របស់​កាតា​ឡើយ ហើយ​កាតា​នឹង​ផ្តោត​សំខាន់​លើ​ការផលិត​ឧស្ម័ន​វិញ​ម្តង​។​
 
«​យើង​នឹង​នៅ​បន្ត​ផលិត​ប្រេង ប៉ុន្តែ​ពេលនេះ​យើង​ផ្តោត​ការយកចិត្ត​ទុក​ខ្លាំង​តែ​ទៅលើ​ការ​បូម​ឧស្ម័ន​ដោយ​បង្កើន​ពី ៧៧​លាន​តោន​ក្នុង​មួយឆ្នាំ​ទៅដល់ ១១០​លាន​តោន​នៅពេល​ខាងមុខ​។ យើង​មិនមាន​សក្តានុពល​ក្នុង​ធនធាន​ប្រេង​ឡើយ​។ យើង​និយាយ​ការពិត​។ សក្តានុពល​របស់​យើង​គឺ ឧស្ម័ន​»​។ រដ្ឋមន្ត្រី​កាតា​សង្កត់ធ្ងន់​ដូច្នេះ​។​
 
​អង្គការ OPEC ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៦០ ដោយ​សមាជិក​ស្ថាបនិក​ប្រាំ មាន​អ៊ីរ៉ង់​, អ៊ីរ៉ាក់​, វេ​ណេ​ស៊ុយ​អេ​ឡា​, កូ​វ៉ែត និង​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោម​គោលដៅ​ធានា​ឲ្យ​មាន​គោលនយោបាយ​ប្រេង​រួមគ្នា​រវាង​រដ្ឋ​ដែលមាន​ប្រេង និង​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​ទីផ្សារ​ប្រង​ពិភពលោក​ផង​។ 
 
​ឆ្នាំ ១៩៦១ កាតា​បានសម្រេច​ចិត្ត​ចូលរួម​ជីវភាព​ជាមួយ​សម្ព័ន្ធ​នេះ  ហើយ​បើ​គិត​មកដល់​បច្ចុប្បន្ន​ដែល​កាតា​សម្រេច​ចាកចេញ​នេះ វា​មាន​រយៈពេល​ជិត ៦​ទសវត្សរ៍​ទៅហើយ​។ ប៉ុន្តែ​អង្គការ​នេះ​ស្ថិតក្រោម​ការដឹកនាំ​និង​ស្ថិតក្រោម​ឥទ្ធិពល​របស់​សេដ្ឋី​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ជម្លោះ​ការទូត​ជាមួយគ្នា​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត​ជាមួយ​កាតា ចាប់ពី​ខែមិថុនា​ឆ្នាំ ២០១៧ បណ្តាល​ឲ្យ​មានការ​ហ៊ុមព័ទ្ធ​កាតា​ថែមទៀត​។​
 
​គេ​សង្ស័យ​ផងដែរ​ថា ការសម្រេច​របស់​កាតា​នេះ​អាចពាក់ព័ន្ធ​នឹង​ការហ៊ុមព័ទ្ធ​ពី​សំណាក់​ក្រុម​រដ្ឋ​អារ៉ាប់​ដែលជា​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​អារ៉ាប់​រួម​អេ​មី​រ៉ាត់​, អេ​ហ្ស៊ី​ប និង​បា​រ៉ែ​ន​។ ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​អះអាងថា ការសម្រេចចិត្ត​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការហ៊ុមព័ទ្ធ និង​ជម្លោះ​ការទូត​នេះឡើយ​។​
 
​តាមពិតទៅ​ការសម្រេចចិត្ត​របស់​កា​តា កើតឡើង​ស្រប​ពេលដែល​អង្គការ OPEC រួម​ជាមួយនិង​រុស្ស៊ី​បាន​ឯកភាពគ្នា​កាលពី​សប្តាហ៍​មុន​លើ​ការកាត់បន្ថយ​ការផលិត​ប្រេង​ជាថ្មីទៀត​ដើម្បី​ធានាថា តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​មិន​ធ្លាក់ចុះ​ខ្លាំង​ទេ​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​។ រុស្ស៊ី និង​សមាជិក OPEC​ទាំងអស់​ផលិត​បាន​ប្រេង​ប្រហែល ៤០​ភាគរយ​នៃ​ប្រេង​នាំ​ចេញទៅ​ផ្សារ​ពិភពលោក​ទាំងមូល​។ ជា​លទ្ធផល តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​ក៏​ចាប់ផ្តើម​ងើបឡើង​វិញ​ដែរ​៕ 
 
 

Tag:
 កាតា​
  OPEC
  Saad al-Kaabi
© រក្សាសិទ្ធិដោយ thmeythmey.com