កីឡាអន្តរជាតិ
អន្តរជាតិ
UEFA បន្ថែម​ពានរង្វាន់​លំដាប់​ទី​៣ បន្ទាប់ពី UCL និង UEL ចាប់ពី​ឆ្នាំ ២០២១
03, Dec 2018 , 10:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បានសម្រេច​បន្ថែ​មការ​ប្រកួតប្រជែង​ពានរង្វាន់​លំដាប់​ទី ៣ មួយទៀត​សម្រាប់​ក្លិប​នៅ​តំបន់​អឺរ៉ុប បន្ទាប់ពី​ពាន Champions League និង Europa League ចាប់ពី​រដូវ​កាល ២០២១-២០២២ តទៅ ។​


 
​បន្ទាប់ពី​មានការ​យល់ព្រម​ពី​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ UEFA នៅឯ​ទីក្រុង ឌុយ​ប្លាំ​ង សាធារណរដ្ឋ​អៀរ​ឡង់ លើ​ការបន្ថែម​ពាន​លំដាប់​ទី​៣​អឺរ៉ុប​មួយទៀត​ដែលមាន​ឈ្មោះថា Europa League2 ឬ UEL2 ។ ការបង្កើតពាន​នេះ គឺ​តម្រូវ​ឲ្យ​កាត់បន្ថយ​ក្រុម​ក្នុង​ក្របខណ្ឌ​ទី​២ Europa League ពី​៤៨ ទៅ​៣២​ក្រុម​វិញ ដូច្នេះ​មានន័យថា ពានរង្វាន់​ទាំង ៣ របស់ UEFA នឹងមាន​ក្រុម​ចូលរួម​ចំនួន​៣២​ដូចគ្នា​។​


ប្រធាន UEFA លោក Aleksander Ceferin
 
UEL2 មាន​ទម្រង់​ការប្រកួត​ដូចគ្នា​ទៅនឹង UCL និង UEL ដែរ ដោយ​ចែកចេញជា​៨​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម និង​ឆ្លងកាត់​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ ៨​ក្រុម ពាក់កណ្តាល​ផ្ចាច់​ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​។​
 
​ក្រុម​ដែលមាន​ចំណាត់ថ្នាក់​ទី​៧ ពី​លី​គ​កីឡាបាល់ទាត់​កំពូល​អឺរ៉ុប​ទាំង​៤ រួមមាន La Liga, Premier League, Serie A និង Bundesliga និង​មាន​សិទ្ធិ​ចូលរួម​ប្រជែង​ដោយ​ស្វ័យប្រវត្តិ រួមទាំង​ក្រុម​របស់​សមាជិក​ក្លិប​នៅ​អឺរ៉ុប​តូចៗ​ផ្សេងទៀត​តាមរយៈ​ការប្រកួត Play-off​។​
 
​ដំណើរការ​ប្រកួត​ត្រូវ​ផ្លាស់ប្តូរ​មួយចំនួន​សម្រាប់​ពាន Europa League ដោយ​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ទី​២​ពី​ការប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ចំនួន​៨​ក្រុម ត្រូវ​លេង play-off ជាមួយ​ក្រុម​លេខ​៣​តាម​ពូ​ល​ក្របខណ្ឌ Champions League ដើម្បី​ដណ្តើម​កៅអី​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពាន​លំដាប់​ទី​២​អឺរ៉ុប​។ ហើយ​ដំណើរការ​ដូចគ្នានេះ នឹងត្រូវ​យកមក​ប្រើស​ម្រា​ប់​ពាន Europa League2 ផងដែរ​។​
 
​ដោយឡែក ក្រុម​ម្ចាស់​ជើងឯក Europa League2 នឹង​បាន​កៅអី​ដើម្បី​ប្រជែង​នៅ Europa League ដោយ​ស្វ័យប្រវត្តិ​តែម្តង​។​
 
​កាលពី​កន្លងមក ទ្វីបអឺរ៉ុប​ក៏​ធ្លាប់​បង្កើត​ពានរង្វាន់​លំដាប់​ទី​៣​ម្តង​រួចមកហើយ​ដែលមាន​ឈ្មោះថា Cup Winners 'Cup ប៉ុន្តែ​ត្រូវបាន​លុបចោល​វិញ​ក្នុង​ឆ្នាំ​១៩៩៩៕

Tag:
 បាល់ទាត់​
  UEFA
  Europa League2
© រក្សាសិទ្ធិដោយ thmeythmey.com