ជាតិ
ក្រោយ​សំណើសម្តេច ហ៊ុន សែន តុលា​ការផ្តើម​ដោះស្រាយ​សំណុំរឿង​មេ​សហជីព​
03, Dec 2018 , 4:36 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​តុលាការ បញ្ចប់​រាល់​សំណុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​មេ​សហជីព នៅត្រឹម​ឆ្នាំ​២០១៨​។ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ដោះស្រាយ​រឿង​របស់​មេ​សហជីព នៅ​ថ្ងៃទី​៧​ធ្នូ ខាងមុខ​។



អត្ថបទទាក់ទង
 
​ក្នុង​បទ​សម្ភាស​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ លោក រ៉ុង ឈុន បាន​សាទរ​ជាខ្លាំង​ចំពោះ​ការស្នើ​របស់​សម្តេច ហ៊ុន សែន ដែល​ឲ្យ​ក្រសួង​យុ​តិ្ត​ធម៌ និង​ក្រសួង​ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ ដោះស្រាយ​បណ្តឹង​រឿង​របស់​មេ​សហជីព​ថ្នាក់ជាតិ ក៏​ដូច​ថ្នាក់មូលដ្ឋាន ដែលមាន​ជាប់​បណ្តឹង​នៅ​តុលាការ​។ ប៉ុន្តែ ប្រធាន​សហភាព​សហជីព​រូបនេះ ក៏បាន​សម្តែង​នៅ​ការមិន​ពេញចិត្ត លើ​ការស្នើ និង​ការលើកឡើង​របស់​សម្តេច ហ៊ុន សែន ពេលនេះ​ផងដែរ​។  
 
​លោក រ៉ុង ឈុន បាន​និយាយ​ដូច្នេះ​ថា​៖ « ប្រសិនបើ​សម្តេច​បាន​លើក​រឿងនេះ​ឡើង តាំង​ឆ្នាំ​២០១៤-២០១៥ វា​ជាការ​ប្រសើរ​ណាស់​។ ការលើក​ពេលនេះ បាន​សង្កត់ធ្ងន់​ទៅលើ​ការបាត់​លំហូរ​ចលនា​សេរីភាព​របស់​សហជីព ក្នុងការ​មានឱកាស ងាយស្រួល​ការពារ​សមាជិករ​រប​ស់​ខ្លួន​។  យើង​ឃើញថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​នាពេលនេះ ហាក់ដូចជា កំពុង​លួង​ចិត្ត​ទៅដល់​សហគមន៍​អន្តរជាតិ​នៅ​ជុំវិញ​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន ដែល​កំពុង​កើត​ឡើងជា​បន្តបន្ទាប់​គ្នា​នេះ​»​។​
 
​សូមបញ្ជាក់ថា លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ស្ថិតក្នុង​ចំណោម​មេ​សហជីព​ទាំង​៦ ដែល​តុលាការ​នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​មេដឹកនាំ​សហជីព ដែល​ពាក់ព័ន្ធ​នឹង​ករណី​ដឹកនាំ​ធ្វើបាតុកម្ម​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង កាល​ដើមឆ្នាំ​២០១៤​។ លោក​មាន​បណ្តឹង​៣​ករណី ដែល​បាន​ជាប់​នៅ​តុលាការ​ក្នុងនោះ​មាននៅ​សា​សា​ដំបូង​រាជធានី​ភ្នំពេញ​២​ករណី និង​នៅ​សាលាដំបូង​ខេត្តកណ្តាល​១​ករណី​។ 
 
​ជាមួយគ្នានេះ មេដឹកនាំ​សហជីព​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​៥​រូប​ទៀត មាន លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,  លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​, លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​, អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា និង អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា ត្រូវបាន​តុលាការ​កោះហៅ ហើយនឹង​បើកសវនាការ​នៅ​ថ្ងៃទី​៧​ធ្នូ​។​
 
​ការបើក​សវនាការ​នេះ មាន​លោក អ៊ឹម វណ្ណៈ ជា​ចៅក្រម​ជំនុំជម្រះ លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ និង​លោក វុន សុជាតិ ជា​ក្រឡាបញ្ជី​សវនាការ​។​
 
​សូម​រម្លឹកថា សម្តេច ហ៊ុន សែន បានស្នើ​ទៅ​តុលាការ​ឲ្យ​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហា​បណ្ដឹង​របស់​សហជីព ថា គួរតែមាន​ចំណាត់ការ ឬ​គួរ​តម្កល់ទុក​មិន​ចាត់ កាលពី​ពុធ វិច្ឆិកា​ឆ្នាំ​២០១៨  ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ខេត្តតាកែវ​។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន ចង់​ឲ្យ​តុលា​ការធ្វើ​សេចក្តីសម្រេច​លើ​សហជីព ដែល​រង​បណ្ដឹង​ឲ្យ​ចប់​ស្ថាពរ​នៅ​ឆ្នាំនេះ ដើម្បី​ឲ្យ​ពួកគេ​ស្រឡះ​ចិត្ត ក្នុងការ​បំពេញការងា​រ​ឲ្យ​បាន​អស់​សមត្ថភាព ពោលគឺ​កុំ​ឲ្យ​សហជីព​ទាំងនោះ ធ្វើការ​ក្រោម​គំនាប​ពាក្យបណ្ដឹង​ឡើយ​៕ 
 

Tag:
 សហជីព​
  ហ៊ុន សែន​
  រ៉ុង ឈុន​
 ​តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com