អន្តរជាតិ
ទីផ្សារ​ប្រែប្រួល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រោងចក្រ​ផលិត​រថយន្ត​អាមេរិកាំង​
03, Dec 2018 , 7:59 pm        
រូបភាព
រូបភាព៖ Getty Images
រូបភាព៖ Getty Images
ដោយ: VOA
​ភូមិ LORDSTOWN ៖ ​រោងចក្រ​ផលិត​រថយន្ត GM នេះ មិនបាន​ធ្វើការ​ផ្លាស់ប្ដូ​រ​តាម​ការប្រែប្រួល​ទីផ្សារ​អស់​រយៈពេល​ជា​យូរ​មកហើយ ដោយ​ធ្វើ​ឲ្យ​ភូមិ Lordstown ក្នុង​រដ្ឋ Ohio មិនដឹង​អំពី​តថភាព​ពិត​ដ៏​អាក្រក់​នៃ​ការប្រែប្រួល​នៅក្នុង​ផ្នែក​ផលិតកម្ម​រថយន្ត​រប​ស់​សហរដ្ឋអាមេរិក​ទេ​។​

 
​អ្នកស្រី Trish Williams អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន Ice House បាន​និយាយថា​៖ «​នោះ​គឺជា​រោងចក្រ​ដ៏​ធំ​បំផុត​នៅក្នុង​ភូមិ​នេះ ដែល​ផ្ដល់​ការងារ​ច្រើន​ដល់​អ្នកភូមិ​នេះ​។ កន្លងមក រោងចក្រ​ផលិត​ដែកថែប​នៅក្នុង​ភូមិ​នេះ​បាន​បិទទ្វារ​រួចទៅហើយ​។ រោងចក្រ​ផ្សេងៗ​ទៀត​ក៏បាន​បិទទ្វារ​ដែរ ដូចជា​រោងចក្រ Packard រោងចក្រ General Electric និង​រោងចក្រ Chrysler ជាដើម​។ ឥឡូវនេះ នៅពេលដែល​រោងចក្រ​ផលិត​រថយន្ត GM នេះ​បិទទ្វារ ភូមិ​នេះ​នឹង​ក្លាយទៅជា​ភូមិ​គ្មាន​មនុស្ស​រស់នៅ​»​។​
 
​ប្រាក់បៀវត្សរ៍​ពី ៣០ ទៅ ៤០ ដុល្លារ​ក្នុង​មួយ​ម៉ោង​ដែល​ក្រុមហ៊ុន GM នេះ ផ្ដល់​ដល់ក​ម្មករ​ទំនង​គឺជា​រឿង​អតីតកាល​តែប៉ុណ្ណោះ ទោះបីជា​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានមក​ភូមិ​នេះ​កាលពី​រដូវក្ដៅ​ឆ្នាំមុន ប្រាប់​ប្រជាជន​កុំ​ឲ្យ​ផ្លាស់​ទីលំនៅ​ចេញពី​ភូមិ​នេះ​ក៏ដោយ​។​
 
​លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ចូរ​កុំ​លក់​ផ្ទះ​របស់​អ្នក​។ កុំ​លក់​ផ្ទះ​របស់​អ្នក​។ កុំ​លក់​វា​អី​។​យើង​នឹងធ្វើ​ឲ្យ​តម្លៃ​ផ្ទះ​ទាំងនោះ​កើនឡើង​។ យើង​នឹង​ទទួលបាន​ការងារ​ទាំង​នោះ​ត្រឡប់មកវិញ​។​រោងចក្រ​ទាំងនោះ​នឹង​ដំណើរការ​ឡើងវិញ »​។​
 
​រោងចក្រ GM នេះ ផលិត​រថយន្ត​ម៉ាក Chevy Cruze ដែលជា​រថយន្ត​ធុន​កណ្ដាល​។ លោក Dave Green ប្រធាន​សហជីព​កម្មក​រ​ក្នុងភូមិ​នោះ និយាយថា កម្មករ​ដឹងថា ការលក់​រថយន្ត​ម៉ាក​នេះ​គឺមាន​ការលំបាក​។​
 
​លោក Dave Green ប្រធាន​សហជីព​កម្មក​រ​រថយន្ត​ក្នុងស្រុក បាន​និយាយថា​៖ «​គេ​ត្រូវតែ​ដាក់​តម្លៃ​លក់​រថយន្ត​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​សមរម្យ​។ ប្រសិនបើ​ខ្ញុំ​ទៅ​កន្លែង​លក់​រថយន្ត ហើយ​អាច​ជួល​រថយន្ត​ប្រភេទ SUV ក្នុងតម្លៃ​ថោក​ជាង​រថ​យន្ត Chevy Cruze នេះ នោះ​ខ្ញុំ​ប្រាកដជា​ជួល​រថយន្ត SUV នោះ​ហើយ​។ អ្នកដឹង​ស្រាប់​ហើយ ពលរដ្ឋ​អាមេរិកាំង​ចង់បាន​រថយន្ត​ទំហំ​ធំ​ជាង ហើយ​មានតម្លៃ​ថោក​ជាង​។ ដូច្នេះ ពួកគេ​ប្រាកដជា​ទិញ​រថយន្ត​ដែល​ធំ​ជាង និង​មានតម្លៃ​ថោក​ជាង​ហើយ​»​។​
 
​លោក ត្រាំ បាន​រិះគន់​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន GM នេះ ដោយ​លោក​និយាយ​ដូច្នេះ​ថា​៖
 
«​ពួកគេ​និយាយថា រថយន្ត​ម៉ាក Chevy Cruze នេះ​លក់​មិនសូវ​បានល្អ​ទេ​។ ខ្ញុំ​បាន​និយាយថា អញ្ចឹង​ផលិត​រថយន្ត​ណា​ដែល​អាច​លក់ដាច់​ទៅ​»​។​
 
​កម្មករ​នៅក្នុង​រោងចក្រ​ក្នុងភូមិ Lordstown នេះ ដែលជា​រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ ៥ ដែល​រង​ការប៉ះពាល់​ដោយសារ​សេចក្ដីសម្រេចរ​បស់​ក្រុមហ៊ុន GM នេះ សង្ឃឹមថា ក្រុមហ៊ុន GM អាច​ផលិត​រថយន្ត​ម៉ាក​ផ្សេង​ពីនេះ​។ ប៉ុន្តែ​បញ្ហា​គឺ​នៅត្រង់ថា ប្រាក់​កម្លាំង​ពលកម្ម​ដែល​បង់​ឲ្យ​កម្មករ​គឺមាន​តម្លៃ​ទាប​ជាង​នេះ​នៅឯ​រោងចក្រ​របស់​ក្រុមហ៊ុន GM នេះ ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក​។​
 
​អ្នកស្រី Rebecca Zak ដែល​បច្ចុប្បន្ន​ជា​បុគ្គលិក​រោងចក្រ GM នេះ បាន​បញ្ជាក់ថា​៖ «​ហេតុអ្វី​បានជា​គេ​កំពុង​សាងសង់​រោងចក្រ​នេះ​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​? វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​។ ខ្ញុំ​ឭ​ថា នៅក្នុង​ទីក្រុង​Ramos ប្រទេស​ម៉ិ​ក​ស៊ិ​ក កម្មករ​ទទួលបាន​ប្រាក់បៀវត្សរ៍​ចំនួន​តែ ២ ដុល្លារ ៦៥ សេន​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ោង​»​។​
 
​អ្នកស្រី Rebecca Zak ដែលជា​អ្នកធ្វើការ​នៅក្នុង​រោងចក្រ​នេះ​អស់​រយៈពេល ១៨ ឆ្នាំ មកហើយ បាន​និយាយថា យើង​មិនអាច​បន្ទោ​សលោក​ប្រធានាធិបតី Trump បានទេ យើង​ត្រូវតែ​បន្ទោស​ការសម្រេចចិត្តរ​បស់​ក្រុមហ៊ុន GM នេះ​។ អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា​៖ «​ពួកយើង​ដែលជា​កម្មករ​គឺជា​អ្នក​ដែល​ផលិត​រថយន្ត​នេះ​។ ពួកយើង​គឺជា​អ្នក​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​អាច​ដំណើរការ​រហូតមកដល់​សព្វថ្ងៃ​។ ដូច្នេះ​តើន​រណា​ដែលជា​អ្នក​រង​ការឈឺចាប់​ដោយសារ​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​នេះ​? គឺ​កម្មករ មិនមែន​ក្រុមហ៊ុន​ដែល​រកប្រាក់​ចំណូល​បាន ៦ ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី ៣ ក្នុងឆ្នាំនេះ ដែលជា​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ចំនួន ១ ម៉ឺន ៤ ពាន់​នាក់​ពី​ការងារ​នេះ​ទេ​»​។​
 
​លោក Dave Green បាន​បញ្ជាក់ថា​៖ «​ពួកយើង​បានបង្ហាញ​ឲ្យ​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀតថា យើង​មាន​កម្មករ​ដ៏​ល្អ​បំផុត​នៅក្នុង​ភូមិ Loardstown នេះ​។ ពួកយើង​មាន​ទីតាំង​ល្អ​បំផុត​។ ក្រុមហ៊ុន GM គឺជា​ក្រុមហ៊ុន​ល្ងង់​ដែល​ដក​រោងចក្រ​ចេញពី​ទីនេះ​។ ភាពជា​ដៃគូ​រយៈពេល ៥០ ឆ្នាំ រវាង​ក្រុមហ៊ុន​អាមេរិកាំង​មួយ​នេះ និង​សហគមន៍​នៃ​ភូមិ Loardstown នេះ ប្រហែលជា​នឹង​អាចឈាន​ដល់ទី​បញ្ចប់​ហើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com