អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក ទារ​ឲ្យ​របប​ផ្តាច់កា​រវេ​ណេ​ស៊ុយ​អេ​ឡា​«​ចាកចេញ​»​ដើម្បី​សង្គ្រោះ​ប្រទេស​ឡើងវិញ
03, Dec 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បាន​ទិតៀន​អ្នកនយោបាយ​សង្គមនិយម​និង​ជា​ប្រមុខរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ដែល​បន្ត​ដឹកនាំ​ប្រទេសជាតិ​ទៅរក​តែ​ភាព​អន្តរាយ​ទាំង​សេដ្ឋកិច្ច​និង​សង្គម​ផង​។ ប្រមុខ​ការពារជាតិ​រូបនេះ​ទាម ឲ្យ​របប​ដឹកនាំ​ផ្តាច់​ការចាកចេញ​ដោយ​ផ្ទេរអំណាច​ឲ្យ​បាន​ឆាប់​ដើម្បី​កែប្រែ​ស្ថានការណ៍​ដ៏​អាក្រក់​នេះ​។​


 
​ក្នុង​វេទិកា​សន្តិសុខ​មួយ​ដែល​រៀបចំ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ថ្ងៃ ២​ខែធ្នូ លោក ជេ​ម ម៉ា​ធី​ស បាន​ហៅ​លោក ម៉ា​ឌុយ​រ៉ូ ចំៗ ថា​ជា​មេដឹកនាំ​ផ្តាច់​ការដែល​ស្រេកឃ្លាន​អំណាច​មិន​គិត​ផលប្រយោជន៍​ប្រជាជាតិ​បន្តិច​សោះ ហើយ​លោក​បានបញ្ជាក់​ពី​ភាពចាំបាច់​ក្នុង​ធានា​ឲ្យ​មានការ​ការចាកចេញ​នៃ​របប​ដឹកនាំ​នេះ ដើម្បី​សង្គ្រោះ​ប្រទេសជាតិ​ពី​គ្រោះមហន្តរាយ​ផង​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្តី​លោក ម៉ា​ធី​ស​ដូច្នេះ​៖« នេះ​ជា​អ្វីដែល​កើតឡើង​នៅពេលដែល​អ្នកមាន​មេដឹកនាំ​ផ្តាច់ការ​គ្មាន​ទំនួល​ខុសត្រូវ និង​ដឹកនាំ​ប្រទេស​ទៅរក​តែ​ភាព​អន្តរាយ​។ ខ្ញុំ​គិតថា អ្វីដែល​យើង​គួរ​ធ្វើ​គឺ​ធ្វើ​ការងារ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​អាមេរិក​ឡាទីន​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ទៅរក​ស្ថិរភាព​វិញ​»​។ 
 
​ជុំវិញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​អាមេរិក​ឡាទីន​នេះ ប្រមុខ​ការពារជាតិ​អាមេរិក​មិនបាន​បញ្ជាក់​ច្បាស់​ថា​វា​ជា​អ្វី​ឡើយ​។ ប៉ុន្តែ​លោក​មិន​សំដៅ​ដល់​ការចេញ​វិធានការ​ក្តៅ​ផ្តួលរំលំ​របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ​លោក​ទុក​ឲ្យ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​សម្រេច​ជោគវាសនា​របស់ខ្លួន​ផ្ទាល់​។​
 
«​វា​ស្រេច​តែ​លើ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា ហើយ​វា​ក៏​ស្រេច​ទៅលើ​ប្រទេស​ក្នុង​តំបន់​ដែល​ត្រូវ​ជួយ​ដោះស្រាយ និង​នាំ​វេ​ណេ​ស៊ុយ​អេ​ឡា​ទៅរក​ភាព​រីកចម្រើន និង​មាន​អនាគត​ល្អ​។ ជារួម របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​បច្ចុប្បន្ន​ត្រូវតែ​ចែកចេញ​»​។ លោក ម៉ា​ធី​ស សង្កត់ធ្ងន់​ដូច្នេះ​។ 
 
​លោក​បន្ថែមទៀតថា អាមេរិក​នឹង​ជួយ​ជ្រោមជ្រែង​តាមផ្លូវ​ការទូត និង​ជួយ​គាំទ្រ​ផ្នែក​មនុស្សធម៌​ដើម្បី​ធានាថា ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​នឹង​រួច​ផុតពី​ទុក្ខលំបាក​វេទនា​នេះ​។ ជុំវិញ​ការ​ទ្រទ្រង់​ផ្នែក​មនុស្សធម៌ លោក​រម្លឹក​ឡើងវិញ​ថា នាវា​កងទ័ពជើងទឹក​អាមេរិក​ដែល​ដើរតួនាទី​មន្ទីរពេទ្យ​នោះបាន​ជួយសង្គ្រោះ​និង​ព្យាបាល​ជនភៀសខ្លួន​វេ​ណេ​ស៊ុយ​អេ​ឡា​កន្លងមក​ពេល​ចូល​សំចត​នៅ​កូ​ឡុំ​ប៊ី​កន្លងមក​។ 
 
​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ធ្លាប់ជា​រដ្ឋ​សម្បូរ​ធនធាន​ស្តុកស្តម្ភ​ជាងគេ​មួយ​នៅ​អាមេរិក​ឡាទីន​ដោយសារ​មាន​ហូរហៀរ​ដោយ​ប្រេង​នោះបាន​ធ្លាក់ខ្លួន​ជា​រដ្ឋ​តោកយ៉ាក​បំផុត​នៅពេល​បច្ចុប្បន្ន ហើយ​ក្បែរ​នឹង​ក្ស័យធន​ទៅហើយ​។ អត្រា​អតិផរណា​កើនឡើង​រៀងរាល់ថ្ងៃ​ស្ទើរតែ​កប់​ពពក​ទៅហើយ ខណៈដែល​ប្រជាជន​ស្លូតត្រង់​ជាច្រើន​លាន​នាក់​បន្ត​ចាកចោល​ស្រុកកំណើត​ដើម្បី​គេច​ពី​វិបត្តិ​សេដ្ឋកិច្ច​និង​សង្គម​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​មនុស្សជាតិ​នេះដែរ​។​
 
​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន អង្គការសហប្រជាជាតិ​បានប្រកាស​ផ្តល់ជំនួយ ៩,២​លាន​ដុល្លារ​ដល់​វេ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​ដោះស្រាយ​ការកើនឡើង​នៃ​គ្រោះ​អត់ឃ្លាន និង​ជំងឺ​ការពារ​បាន​ដែល​បង្កឡើង​ដោយ​ខ្វះ​ស្បៀងអាហារ​និង​ថ្នាំសង្កូវ​ផងដែរ​។ រដ្ឋាភិបាល​សង្គមនិយម​របស់លោក​ម៉ា​ឌុយ​រ៉ូ បន្ត​បន្ទោស​អាមេរិក​ដែល​ដាក់ទណ្ឌកម្ម​ខ្លួន និង​ចោទថា អាមេរិក​នេះ​បង្កើត​សង្គ្រាម​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​ឲ្យ​របប​ដឹកនាំ​ខ្លួន​ប្រឈម​គ្រោះថ្នាក់​ផង​។ របប​នេះ​កាលពី​ដើមឡើយ​ក៏​ព្យាយាម​បដិសេធ​ព័ត៌មាន​ដែលថា ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ជួប​គ្រោះ​ទុរភិក្ស​និង​វិបត្តិ​មនុស្សជាតិ​ធ្ងន់ធ្ងរ​ដែរ​។​
 
​តាមពិតទៅ កន្លងមក​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ម្តង​ជា​ពីរដង​ធ្លាប់​បង្ហើប​ពី​ការប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​កម្ទេច​របប​ដឹកនាំ​ផ្តាច់ការ​បច្ចុប្បន្ន​ដើម្បី​ស្តារ​ស្ថានការណ៍​ដែល​កំពុង​ដុនដាប​ខ្លាំង​នេះ​ឡើងវិញ​ដែរ​។ ប៉ុន្តែ​ក្រោយ​មកវា​មិនមាន​សញ្ញា​ណាមួយ​ពី​ក្រុង​វ៉ាស៊ីនតោន​ដែលថា ការអន្តរាគមន៍​យោធា​នេះ​អាច​នឹង​កើតឡើង​ឆាប់ៗ​ឡើយ​៕

Tag:
 អាមេរិក​
  ជេ​ម ម៉ា​ធី​ស​
  វេ​ណេ​ស៊ុយ​អេ​ឡា​
  អាមេរិក​ឡាទីន
© រក្សាសិទ្ធិដោយ thmeythmey.com