កីឡាជាតិ
ជាតិ
កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ AFF U22 Championship នៅ​ឆ្នាំក្រោយ​
04, Dec 2018 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ AFF U22 Championship 2019 ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​ដែលមាន​ក្រុម​ជា​សមាជិក​របស់​សមាគម​កីឡាបាល់ទាត់​អាស៊ាន​ចំនួន​១១​ចូលរួម​នេះ បែង​ចែកជា​ពីរ​ពូ​ល​។

 
 
​នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម​២២​ឆ្នាំ AFF U22 Championship​។ ពានរង្វាន់​កម្រិត​អាយុ U22 ឬ U23 បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥​។ តែ​តាំងពី​ពេលនោះ​មកដល់​បច្ចុប្បន្ន​ពានរង្វាន់​នេះ​ដំណើរការបាន​តែមួយ​លើក​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​២០០៥ នៅ​ប្រទេស​ថៃ​។ 
 
​ដោយ​កាលណោះ ថៃ ជា​ម្ចាស់​ជើងឯក​ក្រោយ​ឈ្នះ​សិង្ហ​បុរី ៣-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​មី​យ៉ាន់​ម៉ា​លេខ​៣ ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី ដោយ​បាល់​ប៉េ​ណា​ល់​ទី ៤-២(១-១)​។ ប៉ុន្តែ​ពានរង្វាន់​នេះ​ត្រូវបាន​លុបចោល​ជា​បន្តបន្ទាប់​រហូតមក​ដល់​បច្ចុប្បន្ន​។ 
 
​សម្រាប់​ការ​ដំណើរ​ឡើងវិញ​ជា​លើក​ទី​២​នៅ​កម្ពុជា​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​១១ ដោយ​បែង​ចែកជា​ពីរ​ពូ​ល ក្នុងនោះ​ម្ចាស់ផ្ទះ​កម្ពុជា​ស្ថិតនៅ​ពូ​ល B ជាមួយ​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី និង​សិង្ហ​បុរី ខណៈ​ពូ​ល A មាន​ថៃ វៀតណាម ហ្វីលីពីន ទី​ម័​រ​ខាងកើត ឡាវ និង​ព្រុយ​ណេ​។ ការប្រកួត​នេះ​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩៕   
 

Tag:
 បាល់ទាត់​
  AFF U22 Championship
© រក្សាសិទ្ធិដោយ thmeythmey.com