ក្នុងក្រសែភ្នែកមហាជនពេលនេះ គណបក្សសង្គ្រោះជាតិ កំពុងបែងចែងទៅជាក្រុមលោកសម រង្ស៊ីនិយម និង ក្រុមលោកកឹម សុខានិយម។ ការមើលឃើញពីរបំណែកនេះ កើតឡើងក្រោយពីលោក សម រង្ស៊ី ត្រូវបានស្នើឲ្យឡើងកាន់តំណែងជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ។
សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ មិនមានអ្នកណាបំបែកបានឡើយ! សម្រាប់ស្ថានការណ៍នេះ មនុស្សមួយចំនួនគិតថា សម្ព័ន្ធមិត្តរវាងលោក សម រង្ស៊ី និង លោក កឹម សុខា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក ហើយបានឆ្លងកាត់ឧបសគ្គយ៉ាងត្រដាបត្រដួសជាមួយគ្នានោះ កំពុងតែប្រេះឆា។ គេមើលឃើញសញ្ញានៃការបែកបាក់នេះ នៅពេលអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ បានប្រមូលផ្តុំគ្នា ធ្វើសន្និសីទដ៏ធំមួយនៅសហរដ្ឋអាមេរិក នៅថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានសម្រេចជ្រើសរើសលោក សម រង្ស៊ី ឲ្យឡើងកាន់តំណែងជាប្រធានស្តីទីនៃគណបក្សនេះ ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំនិងប្រមូលកម្លាំងគ្នាឡើងវិញ។
លោក សម រង្ស៊ី និងអ្នកគាំទ្រ យល់ថា មានតែធ្វើដូច្នេះទេ ទើបអាចដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបាន ហើយអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ហើយលោក កឹម សុខា ក៏នឹងទទួលបានសេរីភាពពេញលេញដែរ។ លោក សម រង្ស៊ី ប្រកាសក្នុងសន្និសីទយ៉ាងដូច្នេះថា៖«ខ្ញុំព្រមទទួលយកតំណែងជាប្រធានស្តីទីនេះ។ ប៉ុន្តែ ខ្ញុំនឹងលាលែងវិញ នៅពេលណាលោក កឹម សុខា មានសេរីភាពពេញលេញ ក្នុងការធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ»។
លោក សម រង្ស៊ី បកស្រាយបន្ថែមថា៖«ខ្ញុំមិនមែនស្រឡាញ់តំណែងឬតួនាទីទេ។ ខ្ញុំ មកធ្វើជាជាប្រធានស្តីទី ដោយសារតែតម្រូវការបង្ខំ។ កាលពីខ្ញុំ លាលែងពីតំណែងជាប្រធានស្តីទី ក៏ដោយសារតែតម្រូវការបង្ខំដែរ។ បើខ្ញុំស្រឡាញ់តំណែងមែន ខ្ញុំចាំបាច់លាលែងធ្វើអី...»។
ទោះជាលោក សម រង្ស៊ី និងអ្នកដែលស្រឡាញ់លោក ខំលើកហេតុផល និងប្រឹងពន្យល់អ្នកដែលមានទំនោរទៅរកលោក កឹម សុខា រួមទាំងប្រជាពលរដ្ឋទូទៅយ៉ាណាក្តី ក៏នៅតែរងការរិះគន់ដដែល។ ក្រោយលោក សម រង្ស៊ី ប្រកាសទទួលយកតំណែងជាប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ភ្លាម ដើម្បីប្រតិកម្ម ហើយអ្នកដែលសេចក្តីថ្លែងការណ៍នោះ គ្មានអ្នកណាផ្សេង ក្រៅពីមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលគាំទ្រលោក កឹម សុខា នោះទេ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖«សន្និសីទ ដែលរុញលោក សម រង្ស៊ី ឲ្យធ្វើជាប្រធានស្តីទី គឺផ្ទុយទាំងស្រុងពីលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ និង មិនអាចយកជាការបានជាដាច់ខាត»។
សេចក្តីថ្លែងការណ៍ដដែល ពន្យល់ទៀតថា តាមលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ អ្នកដែលអាចឡើងជាប្រធានស្តីទីបាន នៅពេលអវត្តមានប្រធាន គឺអនុប្រធាន។ សេចក្តីថ្លែងការណ៍ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«មិនមានអ្នកណាក្រៅពីថ្នាក់ដឹកនាំក្នុងឋានុក្រមនេះ អាចមកធ្វើជាប្រធានស្តីទីបានទេ»។
សេចក្តីថ្លែងការណ៍ខាងលើ សរសេរទៀតថា ចំពោះសេចក្តីសម្រេចរបស់សន្និសីទនៅអាមេរិក មិនអាចចាប់បង្ខំឬតម្រូវឲ្យគណបក្សសង្គ្រោះជាតិ ត្រូវតែធ្វើតាមឡើយ ព្រោះអ្នកចូលរួមធ្វើសេចក្តីសម្រេចនេះ មិនមាននីតិសម្បទា ដែលមានសិទ្ធិជាអ្នកស្នើឲ្យតែងតាំងប្រធានស្តីទីគណបក្សឡើយ។ សេចក្តីថ្លែងការណ៍ បន្តថា សេចក្តីសម្រេចក្នុងសន្និសីទ គ្រាន់តែជាមតិយោបល់របស់មនុស្សមួយក្រុមប៉ុណ្ណោះ។
តាមរយៈសេចក្តីសេចក្តីថ្លែងការណ៍ មន្ត្រីដែលឈរខាងលោក កឹម សុខា បានសរសេរថា គណបក្សសង្គ្រោះជាតិ ចង់ឃើញថ្នាក់ដឹកនាំ សមាជិក និង អ្នកគាំទ្រគណបក្សទាំងអស់ គោរពលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដើម្បីពង្រឹងគណបក្ស។
ចំណែក លោក កឹម សុខាខ្លួនឯងផ្ទាល់ បានប្រកាសមិនទទួលស្គាល់សន្និសីទនេះ តាំងពីមុនការរៀបចំម្ល៉េះ។ រហូតដល់ថ្ងៃសន្និសីទ ចាប់ផ្តើម លោក ក៏ហៅក្រុមមេធាវីទៅជួប។
ក្រោយជួបគ្នា ក្រុមមេធាវី បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីប្រកាសជាផ្លូវការថា លោក កឹម សុខា មិនដឹងមិនឮ ហើយមិនទទួលស្គាល់ការរៀបចំសន្និសីទនេះទេ។ ក្រុមមេធាវី បញ្ជាក់ថា ការបញ្ចេញមតិរបស់លោក កឹម សុខា គឺជាឆន្ទៈរបស់លោក ដោយមិនមានការកៀបសង្កត់អ្វីឡើយ។
លើសពីនេះ មនុស្សមួយចំនួន ដែលពេញចិត្តលោក កឹម សុខា ហៅការរៀបចំសន្និសីទ និងការជំរុញលោក សម រង្ស៊ី ឲ្យឡើងកាន់តំណែងជាប្រធានស្តីទី ថាជាទង្វើដែលបង្កឲ្យបែកបាក់ផ្ទៃក្នុង។ ក្នុងនោះ គេក៏ឃើញកូនស្រីទាំងពីររបស់លោក កឹម សុខា ចេញមកផ្លែផ្កាឲ្យលោក សម រង្ស៊ី និង ក្រុមរបស់លោកផងដែរ។
យ៉ាងណាក៏ដោយ គេ អាចនឹងគិតក្នុងផ្លូវមួយទៀតថា ការធ្វើដូច្នេះ អាចជាយុទ្ធិសាស្ត្ររបស់លោក សម រង្ស៊ី និង លោក កឹម សុខា ក៏ថាបាន ពីព្រោះថាពេលនេះ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយបាត់ទៅហើយ ហើយម្យ៉ាងទៀត លោក កឹម សុខា ក៏មិនអាចធ្វើអ្វីបាន។ បើអតីតគណបក្សសង្គ្រោះជាតិ នៅតែបន្តជាប់គាំងបែបបនេះ ដោយមិនព្រមធ្វើអ្វីនោះ ក៏មិនអាចនឹងរកផ្លូវឲ្យខ្លួនរស់ឡើងវិញបានដែរ៕