កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
ថៃមាន Alexander Albon ដែលនឹងបង្ហាញខ្លួននៅ F1 បន្ទាប់ពីព្រះអង្គម្ចាស់ Bira
× Alexander Albon អាយុ២២ឆ្នាំ នឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 ចាប់ពីឆ្នាំ២០១៩ ជាមួយក្រុម Toro Rosso ដែលជាកម្មសិទ្ធិរបស់ក្រុម Red Bull។ កីឡាករកូនកាត់អង់គ្លេស-ថៃ រូបនេះ គឺក្លាយជាកីឡាករថៃដំបូងក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក បន្ទាប់ពីព្រះវត្តមានរបស់ព្រះអង្គម្ចាស់ Birabongse (គេស្គាល់ជាទូទៅថា ព្រះអង្គម្ចាស់ Bira) កាលពីអំឡុងឆ្នាំ១៩៥០ ។
Alexander ជាកូនរបស់លោក Nigel Albon ដែលជាអតីតកីឡាករប្រណាំងរថយន្តម្នាក់ផងដែរ ហើយគេជាពុទ្ធសាសនិកដ៏ខ្ជាប់ខ្ជួន ដូចម្តាយដែលជាជនជាតិថៃ។ កីឡាកររូបនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅក្នុងការប្រណាំងរថយន្ត Formula Two រដូវកាលនេះ និងធ្លាប់ចូលរួមប្រកួតប្រជែងជាមួយក្រុមហ៊ុន Nissan ក្នុងក្របខណ្ឌ Formula E series។ រូបគេនឹងធ្វើជាដៃគូជាមួយអ្នកប្រណាំងសញ្ញាតិរុស្ស៊ី Daniil Kvyat ជំនួសកីឡាករនូវែលសេឡង់ Brendon Hartley សម្រាប់ក្រុម Toro Rosso នៅឆ្នាំ២០១៩។
Albon នឹងប្រជែងជាមួយកីឡាករដើមកំណើតអង់គ្លេសដូចគ្នាដូចជា Lando Norris របស់ McLaren កីឡាករ George Russell របស់ក្រុម Williams និងម្ចាស់ជើងឯក ៥ សម័យ Lewis Hamilton របស់ Mercedes។
បើទោះបីជាកើត និងធំធាត់នៅអង់គ្លេស ប៉ុន្តែ Alexander នឹងបង្ហាញវត្តមានក្រោមទង់ថៃ ដែលធ្វើឲ្យគេក្លាយជាកីឡាករថៃដំបូងក្នុងព្រឹត្តិការណ៍ F1 បើគាត់ចាប់តាំងពីវត្តមានព្រះអង្គម្ចាស់ Birabongse Bhanudej (Prince Bira of Siam) នាអំឡុងទសវត្សឆ្នាំ១៩៥០ ។
«វាជាអារម្មណ៍ដ៏អស្ចារ្យមួយនៅពេលដឹងថាខ្ញុំបានចូលរួមប្រកួត Formula 1 ឆ្នាំក្រោយ។ ពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំបានឆ្លងកាត់ឧបសគ្គជាច្រើន។ ខ្ញុំធ្លាប់ត្រូវបានក្រុម Red Bull ជម្រុះចេញកាលពីឆ្នាំ ២០១២ ដូច្នេះតាំងពីពេលនោះមកខ្ញុំបានដឹងថាផ្លូវរបស់ខ្ញុំទៅកាន់ Formula 1 គឺកាន់នឹងកាន់តែលំបាក»។ Albon រៀបរាប់ពីអារម្មណ៍របស់ខ្លួនដូច្នេះ។
រូបគេបន្ថែមថា៖«បន្តែខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយព្យាយាមនៅរាល់ពេលដែលខ្ញុំចូលឡាន ហើយខ្ញុំត្រូវអរគុណដល់ Red Bull និងលោក Helmut Marko ជាប្រធានក្រុមប្រណាំង ដែលមានការជឿជាក់លើខ្ញុំ និងផ្តល់ឲ្យខ្ញុំសម្រាប់ឱកាសទីពីរនេះ»៕
Tag:
ប្រណាំងរថយន្ត
Formula One
Alexander Albon
© រក្សាសិទ្ធិដោយ thmeythmey.com