រថយន្ត
អន្តរជាតិ
លោក ត្រាំ៖ «ចិនព្រមកាត់បន្ថយ និងលុបចោលពន្ធប្រឆាំងរថយន្តអាមេរិក»
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ក្រុងប៉េកាំងបានយល់ព្រមសើរើវិធានការដាក់ ពន្ធនាំចូលប្រឆាំងរថយន្តអាមេរិក។ ចិនសម្រេចចិត្តបែបនេះត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយពីលោក ត្រាំ និងសមភាគីចិនយល់ព្រមបង្កើតបទឈប់បាញ់ចំនួន៩០ថ្ងៃ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។
នៅប៊ុយណូស៊ែរដ្ឋធានីរបស់អាហ្សង់ទីន កាលពីថ្ងៃទី០១ ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបទល់មុខជាមួយ សមភាគីចិន ស៊ី ជិនភីង នៅក្រៅកិច្ចប្រជុំ G-20 ដោយបានពិភាក្សាគ្នាពីជម្លោះពាណិជ្ជកម្មដែលផ្តើមឆាបឆេះតាំងពីពាក់កណ្តាលឆ្នាំ។
ក្នុងជំនួបនេះ មេដឹកនាំទាំងពីរនេះ បានសម្រេចឯកភាពគ្នាផ្អាកប្រយុទ្ធបណ្តោះអាសន្ន ដោយគ្មានការដំឡើងពន្ធថ្មីប្រឆាំងគ្នាទៀតឡើយ ខណៈដែលភាគីកំពុងចរចាបង្កើតកិច្ចព្រមព្រៀងចុងក្រោយមួយ។
យ៉ាងណាមិញ មួយថ្ងៃក្រោយពីការសម្រេចចិត្តផ្អាកដំឡើងពន្ធប្រឆាំងគ្នាទៅវិញទៅមកនេះ លោក ដូ ណាល់ ត្រាំ បានបង្ហោះសារលើគណនី Twitter ផ្លូវការរបស់ខ្លួនថា រដ្ឋាភិបាលចិនបានសម្រេចលុបចោលពន្ធប្រឆាំងរថយន្តអាមេរិកហើយ។ លោកសរសេរដូច្នេះ៖ «ចិនបានយល់ព្រមកាត់បន្ថយ និងលុបចោលពន្ធនាំចូលលើរថយន្ត ដែលនាំចេញពីអាមេរិកទៅកាន់ចិន។ បច្ចុប្បន្នពន្ធនាំចូលនេះ គឺស្មើនឹង៤០ភាគរយ»។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិកនិងចិនធំធេងណាស់ ។ យោងតាមរបាយការណ៍ការិយាល័យស្ថិតិអាមេរិក កាលពីឆ្នាំ ២០១៧ អាមេរិកបាននាំចូលទំនិញដែលមានតម្លៃប្រហែល ៥០៥ពាន់លានដុល្លារអាមេរិកពីចិន ប៉ុន្តែទំហំនៃទំនិញនាំចូលនេះកើនឡើងរហូតដល់ ៩ ភាគរយក្នុងឆ្នាំ ២០១៨ គិតត្រឹមខែកក្កដានេះ ដែលធ្វើឲ្យមានអតុល្យភាពពាណិជ្ជកម្មខ្លាំង។ ឱនភាពពាណិជ្ជកម្មនេះបូកផ្សំនឹងការបំពានកម្មសិទ្ធិបញ្ញានៅចិនផង ធ្វើឲ្យអាមេរិកមិនសប្បាយចិត្តសោះឡើយរហូតធ្វើឲ្យលោក ត្រាំ ជ្រើសរើសយកសង្គ្រាមពាណិជ្ជកម្មបែបនេះទៀត។
សូមរម្លឹកផងដែរថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនឆាបឆេះជាផ្លូវការចាប់ពីថ្ងៃ ៦ ខែកក្កដានេះ ដោយអាមេរិកចាប់ផ្តើមដំឡើងពន្ធ ២៥ ភាគរយជំហានដំបូងរបស់អាមេរិកប្រឆាំងទំនិញចិនទំហំ ៥០ ពាន់លានដុល្លារអាមេរិក។ តមកដល់ខែកញ្ញា លោក ត្រាំ ក៏បានបញ្ជាឲ្យគេដំឡើងពន្ធ ១០ ភាគរយលើទំនិញចិនផ្សេងទៀតដែលមានទំហំ ២០០ពាន់លានដុល្លារទៀត។ចំណែកចិនវិញ បានដាក់ដំឡើងពន្ធប្រឆាំងទំនិញអាមេរិកមានទំហំ ១១០ ពាន់លានដុល្លារដែរចាប់ពីសង្គ្រាមផ្ទុះឡើងមក៕
Tag:
សង្គ្រាមពាណិជ្ជកម្ម
ចិន
អាមេរិក
ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com