កីឡាជាតិ
ជាតិ
កីឡាករ សុខ ធី រង​ពិន័យ​មិន​ឲ្យ​ឡើង​សង្វៀន ក្នុង​និង​ក្រៅប្រទេស​រយៈពេល​៦​ខែ​
03, Dec 2018 , 11:59 pm        
រូបភាព
លោក សាន សៅយ៉ាន់ (ខាងឆ្វេង)ថតជាមួយកីឡាករ សុខ ធី
លោក សាន សៅយ៉ាន់ (ខាងឆ្វេង)ថតជាមួយកីឡាករ សុខ ធី
ដោយ:
​កីឡាករ សុខ ធី មកពី​ក្លិប​សៅ​យ៉ាន់​នាគា ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ពិន័យ​មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត​ទាំង​ក្នុង និង​ក្រៅប្រទេស​រយៈ​៦​ខែ ពាក់ព័ន្ធ​រឿង​តវ៉ា​លទ្ធផល​ប្រកួត​កាលពីពេល​កន្លងទៅ​។ ជាមួយគ្នានេះ សហព័ន្ធ​បាន​ពិន័យ​លោក សាន សៅ​យ៉ាន់ គ្រូបង្វឹក​របស់​កីឡាករ សុខ ធី ដោយ​ផ្អាក​ការងារ​ពី​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម រយៈពេល​៦​ខែ​ផងដែរ​។​

 
​ទស្សនិកជន ពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​ខកខាន​ឃើញ​កីឡាករ សុខ ធី លើស​ង្វៀន​ប្រដាល់​គុន​ខ្មែរ និង​សង្វៀន​ប្រដាល់​ក្រៅប្រទេស​រហូត​ជិត​ពាក់កណ្តាល​ឆ្នាំ​២០១៩​។ ការខកខាន​នេះ បន្ទាប់ពី​រូបគេ ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ចេញ​សេចក្តីសម្រេច ពិន័យ​មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត​ទាំង​ក្នុង និង​ក្រៅប្រទេស​រយៈពេល​៦​ខែ​។ 
 
​ការពិន័យ​ខាងលើ ធ្វើឡើង​ក្រោយ សុខ ធី ដាក់ពាក្យ​សុំ​តវ៉ា​ពាក់​រឿង​លទ្ធផល ដែល​ចៅ​ក្រុម​កាត់ក្តី​ឲ្យ​រូបគេ​ចាញ់​កីឡាករ​ថៃ ធ្នូ សិ​កឡេ​ក ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់ ISI Palm របស់​ស្ថានីយទូរទស្សន៍ CNC កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨​។ ជា​លទ្ធផល​ក្រោយ​ការតវ៉ា សុខ ធី ត្រូវបាន​សហព័ន្ធ បន្ត​ឲ្យ​ចាញ់​កីឡាករ​ថៃ​ដដែល​។ ភ្លាមៗ​នោះ រូបគេ​ត្រូវបាន​ស្ថានីយទូរទស្សន៍ CNC ដក​ចេញពី​បេក្ខភាព​ប្រកួត​ខ្សែក្រវាត់​នេះ​តែម្តង​។ 


 កីឡាករ សុខ ធី (ក្រហម)ត្រូវបានចៅក្រមកាត់ក្តីឲ្យចាញ់កីឡាករ ធ្នូ សិកឡេក
 
​ជាមួយគ្នានេះ លោក សាន សៅ​យ៉ាន់ ម្ចាស់​ក្លិប​ប្រដាល់​សៅ​យ៉ាន់​នាគា ដែល​សកម្ម​ក្នុង​ការតវ៉ា​ពាក់ព័ន្ធ​នឹង​លទ្ធផល​ខាងលើ ក៏​ត្រូវបាន​សហព័ន្ធ​ពិន័យ​ផ្អាក​ការងារ​ពី​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម រយៈពេល​៦​ខែ​ផងដែរ​។ មុន​សហព័ន្ធ​ចេញ​សេចក្តីសម្រេច​នេះ លោក សៅ​យ៉ាន់ ដែល​បរាជ័យ​ក្នុង​ការតវ៉ា បានប្រកាស​ក្នុង​ហ្វេ​ស​ប៊ុ​ក​សុំ​លាឈប់​ពី​អាជីព​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម តាំងពី​សហព័ន្ធ​ចេញ​សេចក្តី​លើកដំបូង​មកម្ល៉េះ​។ 
 
​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ​លោក វ៉ា ស៊ិន​ភី​រម្យ ប្រធាន​ក្រុមប្រឹក្សាវិន័យ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា មិនបាន​ទុកពេល​ឲ្យ​ភាគី​ជាប់​ពិន័យ​ខាងលើ ដើម្បី​ដាក់​បណ្តឹងឧទ្ធរណ៍​នោះឡើយ​៕  

Tag:
 ប្រដាល់​គុន​ខ្មែរ​
  សុខ ធី​
  សាន សៅ​យ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com