ហត្ថា​កសិករ ឧបត្ថម្ភ​អគារ​ការិយាល័យ​សិក្សា​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ ដល់​សាលាបឋមសិក្សា​ពោធិ៍សាត់​
អត្ថបទពាណិជ្ជកម្ម
ហត្ថា​កសិករ ឧបត្ថម្ភ​អគារ​ការិយាល័យ​សិក្សា​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ ដល់​សាលាបឋមសិក្សា​ពោធិ៍សាត់​
03, Dec 2018 , 6:19 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨៖ ហត្ថា​កសិករ បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​ការិយាល័យ​សិក្សា និង​ផ្តល់នូវ​សម្ភារ​សិក្សា ដែលមាន​តម្លៃ​សរុប​ជាង​៤​ម៉ឺន​ដុល្លា ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ នៅ​សាលាបឋមសិក្សា​ពោធិ៍សាត់ ក្នុង​ខេត្តពោធិ៍សាត់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​។​
 
​ថ្លែង​នៅក្នុង​កម្មវិធី​នេះ លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​ហត្ថា​កសិករ លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖ «​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ហត្ថា​កសិករ​ទាំងអស់ រួមទាំង​រូបខ្ញុំ​បាទ ពិតជា​មាន សេចក្តី​រីករាយ ដែល​ពួកយើង​បាន​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ តាម​សហគមន៍​នានា ហើយ​រំពឹងថា អគារ​ការិយាល័យ​ថ្មី នឹង​ជួយ​ឲ្យ​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​ក្មួយៗ​សិស្សានុសិស្ស មាន​ភាពងាយស្រួល ក្នុង​ធ្វើ​ការងារ​ប្រចាំថ្ងៃ និង​សិក្សា​រៀនសូត្រ​។ វា​ជាការ​តាំងចិត្ត​របស់​យើងទាំងអស់គ្នា ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​របស់​យើង ទោះ​តិចក្តី​ឬ​ច្រើនក្តី​»​។​


 
​អគារ​ការិយាល័យ​សិក្សា ដែល​ត្រូវ​ប្រគល់ជូន​នេះ​មាន​បន្ទប់ធ្វើការ​ចំនួន​២ និង​បន្ទប់​ប្រជុំ​ចំនួន​១ ដែលមាន​ក្រឡា​ផ្ទៃ​សរុប​១៤៤ ម៉ែត្រការ៉េ​។ បន្ទាប់ពី​បានទទួល​នូវ​អគារ​ថ្មី​នាពេលនេះ អគារ​ការិយាល័យ​សិក្សា​ចាស់ នឹងត្រូវ​បានរៀបចំ​ជា​បន្ទប់​សិក្សា​របស់​សិស្ស ចំនួន​៤​ថ្នាក់​ជំនួស​វិញ ដែល​អាច​ឲ្យ​សិស្សានុសិស្ស មាន​ថ្នាក់​រៀនកាន់​ច្រើនជាង​មុន​។ ក្រៅពីនេះ ក៏មាន​ការផ្តល់ជូន​នូវ​សម្ភារ​សិក្សា ដែលមាន​ដូចជា​សៀវភៅ និង​ប៊ិច​ជាដើម ដល់​សិស្ស​ពូកែ​ចំនួន​១៨៧​នាក់ និង​ថវិកា​ដល់​លោកគ្រូ​អ្នកគ្រូ​ចំនួន​១៧០​នាក់​។ 
 
​ក្នុង​ពិធី​នោះ លោក ឆេង រិ​ទ្ធ នាយក​នៃ​សាលាបឋមសិក្សា​ពោធិ៍សាត់ បាន​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ​ហត្ថា​កសិករ ដែល​បាន​យកចិត្ត​ទុក​ចំពោះ​វិស័យ​អប់រំ​នៅក្នុង​ខេត្តពោធិ៍សាត់​នេះ​។ លោក ឆេង រិ​ទ្ធ បញ្ជាក់ថា អគារ​ការិយាល័យ​នេះ នឹង​ជួយ​ឲ្យ​លោកគ្រូ​អ្នកគ្រូ មាន​កន្លែងធ្វើការ​ងារ​និង​ប្រជុំបាន​សមរម្យ​ជាង​មុន​។​
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ ហត្ថា​កសិករ ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគមន៍ នៅក្នុង​ខេត្តពោធិ៍សាត់​។ កាលពីពេល​កន្លងទៅនេះ ហត្ថា​កសិករ បាន​សាងសង់​អគារ​ក្នុង​មន្ទីរពេទ្យបង្អែក​ភ្នំក្រវាញ ព្រមទាំង​អគារសិក្សា និង​សមិទ្ធផល​ផ្សេងៗ​ទៀត​ជាច្រើន​។​
 
​ហត្ថា​កសិករ ត្រូវបាន​សាធារណជន​ទទួលស្គាល់ថា ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែលមាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​ភាពចាស់ទុំ​ជាងគេ ក្នុង​ដំណើរការ​អាជីវកម្ម តាំងពីដើម​ទស្សវត្សរ៍​ទី​៩០​មក​។ ជាងនេះទៅទៀត ហត្ថា​កសិករ ជានិច្ចកាល តែងតែ​បង្ហាញខ្លួន​យ៉ាងសកម្ម ក្នុងតួនាទី​ជា​គ្រឹះស្ថាន​ឯកជន ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​អភិវឌ្ឍ​សហគមន៍ ទាំង​ក្នុង​វិស័យ​សុខាភិបាល  វិស័យ​អប់រំ ព្រមទាំង​ការបង្កើត​ជា​ឱកាស​ការងារ ការចែករំលែក​ចំណេះដឹង លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ជាពិសេស​ការដោះស្រាយ និង​នីតិវិធី​ចាក​ចេញពី​បំណុល នៅតាម​សហគមន៍​នានា​។​


 
​គួរ​បញ្ជាក់ថា ហត្ថា​កសិករ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​សន្សំ​ធំជាងគេ លំដាប់​ទី ៣ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ ដោយ​បានធ្វើ​ប្រតិបត្តិការ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​នៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ ហត្ថា​កសិករ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ ដែល​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចម្រុះ ដល់​អាជីវកម្ម​ខ្នាតតូច​បំផុត និង​តូច ដល់​អតិថិជន​ដូចជា​៖ ឥណទាន​ខ្នាតតូច​បំផុត  ឥណទាន​ខ្នាតតូច និង​មធ្យម ឥណទាន​គេហដ្ឋាន ឥណទាន​កែលម្អ​គេហដ្ឋាន សេវា​ប្រាក់​បញ្ញើ​សន្សំ និង​សេវា​ផ្ទេរប្រាក់​ក្នុងស្រុក រួមទាំង​សេវាកម្ម ហិរញ្ញវត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត តាមរយៈ​សាខា​ចំនួន​១៧៨ និង​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន ១២៩ គ្រឿង​នៅ​ទូទាំងប្រទេស​។ ហត្ថា​កសិករ មាន​សេវា​ធនាគារ​ចល័ត ដែលជា​សេវាកម្ម​ងាយស្រួល​និង​ឆ្លាត​វៃ​សម្រាប់​បំរើ និង​បំពេញតម្រូវការ​អតិថិជន គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ គិត​ត្រឹម​ខែសីហា ២០១៨ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​របស់​ហត្ថា​កសិករ មាន​ចំនួន​ជាង ៤២០ លាន​ដុល្លារ​អាមេរិក ជាមួយនឹង​ចំនួន​អតិថិជន ប្រាក់​បញ្ញើ​សន្សំ​ជាង ២៣០,០០០ នាក់ ផលប័ត្រ​ឥណទាន​សរុប​មាន ចំនួន​ប្រមាណ ៦៨៣ លាន​ដុល្លារ​អាមេរិក ដោយមាន​អតិថិជន​ចំនួន ជាង​១៣០,០០០ នាក់​។ ទ្រព្យសកម្ម​សរុប របស់​ហត្ថា​កសិករ​មាន​ចំនួន​៨៤៣​លាន​ដុល្លារ​អាមេរិក​។​
 
​នៅ​ឆ្នាំ​២០១៦ ហត្ថា​កសិករ បាន​ក្លាយជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ​ក្រុង​ស្រ៊ី ដែលជា​ធនាគារ​ធំជាងគេ​លំដាប់​ទី​៥ នៅ​ព្រះរាជាណាចក្រ​ថៃ និង​ជា​សមាជិក​នៃ​ធនាគារ MUFG សម្ព័ន្ធ​ធនាគារ ដែល​ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​ក្រុមហិរញ្ញវត្ថុ ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com