អន្តរជាតិ
មហា​ធៀ ក្រើនរម្លឹក​សមាជិករ​ដ្ឋា​ភិ​បាល​៖«​អំណាច​ផ្តល់​ឲ្យ​គឺ​ដើម្បី​បម្រើ​ជាតិ មិនមែន​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ​»
04, Dec 2018 , 9:29 am        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃ​ចន្ទ​ទី ៣ ខែធ្នូ​នេះ បាន​ក្រើនរម្លឹក​សមាជិក​រដ្ឋាភិបាលថា អំណាច​ដែល​ត្រូវបាន​ផ្តល់​ទៅ​ឲ្យ​ពួកគេ គឺ​ត្រូវយក​ទៅប្រើ​ប្រាស់​ដើម្បី​អនុវត្ត​កាតព្វកិច្ច​សម្រាប់​ផលប្រយោជន៍​ជាតិ ពុំមែន​សម្រាប់បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។

 
​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ប្រចាំខែ ជាមួយ​សមាជិក​គណៈរ​ដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​ចន្ទ លោក មហា​ធៀ បាន​គូសបញ្ជាក់ថា ប្រសិន​មានការ​រំលោភ​អំណាច​នោះ ប្រទេសជាតិ​មិនអាច​ដើរ​ទៅមុខ​បានល្អ​ឡើយ​។ ម្យ៉ាងទៀត វា​ក៏​ធ្វើ​ឲ្យ​សីលធម៌​ក្នុងសង្គម​ធ្លាក់ចុះ​ថែមទៀត​ផង​។ 
 
​ត្រង់នេះ មេដឹកនាំ​វ័យ​៩៣​ឆ្នាំ​រូបនេះ បាន​ពន្យល់​ដូច្នេះ​ថា​៖ «​អ៊ីចឹង​ហើយ​បានជា យើង​ត្រូវមាន​ការប្រយ័ត្នប្រយែង​ខ្ពស់ នៅពេល​យើង​ប្រើប្រាស់​អំណាច ដើម្បី​ធ្វើ​រឿង​អ្វីមួយ​នោះ​។ ប្រសិន​យើង​ដឹងថា​អំណាច​នោះ​អាច​បង្ក​ជាការ​ខូចខាត​ដល់​ប្រទេស​យើង យើង​ពុំគួរ​ប្រើប្រាស់​វា​ឡើយ​។ អ្វីដែល​ប្រសើរ​បំផុត​នោះ​គឺ យើង​ត្រូវ​ពិភាក្សា និង​ទទួលយក​យោបល់​ជុំវិញ​របៀប​នៃ​ការប្រើប្រាស់​អំណាច​ទាំងនេះ​»​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ម៉ាឡេស៊ី Bernama ផ្សាយ​ថា លោក មហា​ធៀ ក៏បាន​ទទូច​ឲ្យ​សមាជិក​គណៈរដ្ឋមន្ត្រី​លោក ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​គោលបំណង​នៃ​ការបង្កើត​រដ្ឋាភិបាល​ផងដែរ ដើម្បី​ធានា​ឲ្យ​បាន​ថា ប្រទេស​នឹង​ដំណើរការ​ទៅមុខ​បាន​យ៉ាង​រលូន​។ 
 
​ទន្ទឹមនឹងនេះ លោក មហា​ធៀ បាន​គូសបញ្ជាក់​បន្ថែមទៀតថា នៅពេល​ប្រទេសជាតិ​មាន​សន្តិភាព និង​សុខដុមរមនា​ហើយ​នោះ ទ្រព្យសម្បត្តិ​របស់​ជាតិ​អាច​នឹងត្រូវ​ផ្តល់​យ៉ាង​ស្មើភាព ដើម្បី​កាត់បន្ថយ​គម្លាត​រវាង​ជីវភាព​តំបន់​ជនបទ និង​ទីក្រុង​។ ត្រង់នេះ លោក​បាន​បន្តថា ដើម្បី​សម្រេច​វា​បាន ម៉ាឡេស៊ី​ត្រូវការ​អភិបាលកិច្ច​ល្អ ដោយ​ពុំមាន​អំពើពុករលួយ និង​ហេតុការណ៍​នានា​ដែល​បង្ក​ជា​ភាពចលាចល និង​វិវាទ​ខាង​ជាតិ​សាសន៍​ផ្សេងៗ​។​
 
​ជា​ចុងក្រោយ លោក មហា​ធៀ និយាយថា លោក​មាន​ទំនុកចិត្ត​ចំពោះ សមាជិក​រដ្ឋាភិបាលរ​បស់​លោក​ទាំងអស់ ដោយ​ពួកគេ​មិន​ត្រឹមតែ​ដឹង​ពី​តួនាទី​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​ដឹង​ពី​តម្រូវការ​របស់​ប្រទេសជាតិ​ថែម​ទៀតផង​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com