អន្តរជាតិ
លោក​ត្រាំ​នឹង​សម្រេច​បំណង​លោក​គីម ជុង​អ៊ុន បើសិន​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទទួល​ជោគជ័យ​
04, Dec 2018 , 11:21 am        
រូបភាព
ជំនួប​ប្រវត្តិសាស្ត្ររវាងមេដឹកនាំទាំងពីរនៅសិង្ហបុរី​កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។​រូបថត AFP
ជំនួប​ប្រវត្តិសាស្ត្ររវាងមេដឹកនាំទាំងពីរនៅសិង្ហបុរី​កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។​រូបថត AFP
ដោយ:
​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ នឹង​បំពេញ​បំណង​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប្រសិនបើ​លោក​សម្រេចបាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​បាន​ជោគជ័យ​នោះ​។ នេះ​ជាស​ម្តី​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី ០២ ខែធ្នូ​។

 
​ស្របពេល​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង កំពុង​ដុតដៃដុតជើង ត្រៀម​រៀបចំ​ជំនួប​កំពូល​ជុំ​ទី​ពីរ​រវាង​លោក​ត្រាំ និង​លោក គីម ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ពាំ​នាំសារ​មួយ​របស់លោក​ដូ​ណា​ល់ ត្រាំ​ទៅកាន់​លោក​គីម ជុង​អ៊ុន​។ 
 
​ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ខណៈ​កំពុងធ្វើដំណើរ​ទៅកាន់​នូ​វែ​ល​សេ​ឡង់ លោក មូ​ន ចេ​អ៊ី​ន​និយាយ​ដូច្នេះ​ថា​៖ «​សារ​របស់​ប្រធានាធិបតី [​ដូ​ណា​ល់​] ត្រាំ  បង្ហាញ​ការយល់ឃើញ​ដ៏​រាក់ទាក់​បំផុត​ចំពោះ​លោក គីម ហើយ​លោក​ពេញចិត្ត​លោក​គីម ជុង​អ៊ុន​។ ដូច្នេះហើយ លោក​សង្ឃឹមថា លោក គីម នឹង​អនុវត្ត​កិច្ចព្រមព្រៀង [​រំសាយ​អាវុធ​នុយក្លេអ៊ែរ​] ទាំងអស់  ហើយ​លោក​ត្រាំ នឹង​ជួយ​ឲ្យ​បំណង​របស់លោក គីម ជុង​អ៊ុយ ក្លាយជា​ការពិត​»​។ 
 
​ថ្លែង​នៅ​រដ្ឋធានី ប៊ុ​យ​ណូ​ស៊ែ ទី​ដែល​លោក​បាន​ពិភាក្សា​ស្ថានភាព​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​ក្នុង​ឧបទ្វីប​កូរ៉េ​ជាមួយ លោក មូ​ន លោក ត្រាំ បាន​និយាយថា លោក​សង្ឃឹម​នឹង​រៀបចំ​កិច្ចប្រជុំ​ថ្មី​មួយ​ជាមួយ​លោក គីម ជុង​អ៊ុន នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ ថ្លែង​បែបនេះ​៖ «​យើង​ចុះសម្រុង​គ្នា​យ៉ាង​ល្អ​។ យើង​មាន​ទំនាក់ទំនង​ល្អ​មួយ​ជាមួយគ្នា​»​។ 
 
​នៅពេល​ចោទសួរ​កាលពី​ថ្ងៃ ០១ ខែធ្នូ ប្រសិនបើ​លោក​នឹងធ្វើ​រៀបចំ​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ក្នុង​សហរដ្ឋអាមេរិក លោក ត្រាំ បាន​ឆ្លើយតប​ថា​៖ «​វា​អាចទៅរួច​»​។ 
 
​ឲ្យ​ពិត​ទៅ លោក​ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន បានរៀបចំ​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​មួយ កាលពី​ខែមិថុនា​កន្លងទៅ​។ ក្នុងជំនួប​កំពូល​នេះ មេដឹកនាំ​ទាំងពីរ បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​។ យ៉ាងណាមិញ គេ​មើលឃើញថា ដំណើរការ​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​រឿងចម្រូងចម្រាស​និង​ចំណាយ​ពេលវេលា​យូរ ខណៈ​ប្រទេស​ទាំងពីរ​ចោទ​គ្នា​ទៅវិញទៅមក​ទាក់ទង​នឹង​បញ្ហា​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ផងដែរ​៕

Tag:
 ​កូរ៉េខាងជើង​
  សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com