កីឡាអន្តរជាតិ
អន្តរជាតិ
Copa Libertadores៖ គ្រូ River Plate ថា​ការប្តូរ​ទីលាន​ទៅ Bernabeu ដូចជា​«​ប្លន់​»​អ្នកគាំទ្រ​លោក​
04, Dec 2018 , 2:05 pm        
រូបភាព
​លោក Marcelo Gallardo អ្នកចាត់ការ​ទូទៅ River Plate ថា​ដូចជា «​ប្លន់​ក្រុម​អ្នកគាំទ្រ​» របស់លោក​អ៊ីចឹង បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ទីលាន​ប្រកួត​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​នៃ​ពានរង្វាន់ Copa Libertadores ទល់នឹង​ក្រុម Boca Juniors ពី​ទឹកដី​ខ្លួន​ទៅកាន់​កីឡដ្ឋាន Santiago Bernabeu របស់ Real Madrid ដែលមាន​ចម្ងាយ​ជិត​មួយ​ម៉ឺន​គីឡូម៉ែត្រ​។​


 
​ការប្រកួត​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ​បញ្ចប់​ទៅក្នុង​លទ្ធផល ២-២ ដែល​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Bombonera របស់ Boca ប៉ុន្តែ​ជំនួប​រវាង​ក្រុម​យក្ស​អា​ហ្ស​ង់​ទីន ឬ Buenos Aires derby ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ឡាទីន (Conmebol) លើក​ពេល​ប្រកួត​វិញ បន្ទាប់ពី​មាន​អំពើហិង្សា​ធ្ងន់ធ្ងរ​កើតឡើង​។ ក្រុម​កីឡាករ​របស់ Boca Juniors បាន​រងរបួស​យ៉ាងដំណំ​ក្នុងការ​វាយប្រហារ​ទៅលើ​ឡានក្រុង​របស់​ពួកគេ​ពី​សំណាក់​អ្នកគាំទ្រ​របស់ River Plate ដោយ​កប់​ដុំថ្ម និង​វាយ​នឹង​ដំបង​ជាដើម​។​
 
​ដោយសារ​ខ្លាច​មាន​អំពើហិង្សា​កើតឡើង​ម្តងទៀត ប្រធាន Conmebol លោក Alejandro Dominguez បានប្រកាសថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​ពានរង្វាន់ Copa Libertadores​មិនអាច​លេង​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ទេ ដោយ​សម្រេច​ប្តូរ​ទៅ​កីឡដ្ឋាន Bernabeu របស់​ក្លិប​យក្ស Real Madrid ដែល​ស្ថិតក្នុង​ក្រុ​ម៉ា​ដ្រី​ឌ ប្រទេស​អេ​ស្ប៉ា​ញ​វិញ និង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨​។​


លោក Marcelo Gallardo អ្នកចាត់ការ River Plate
 
​យ៉ាងណា​ការសម្រេច​នេះ មិនត្រូវ​បាន​ក្រុម​អ្នកគាំទ្រ River Plate យល់ស្រប​ឡើយ​ហើយ​ថែមទាំង​បដិសេដ​ទៅនឹង​ការដូរ​ទីលាន​ប្រកួត​ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ និង​លេង​ចំ​ថ្ងៃអាទិត្យ​ថែមទៀត​។​
 
​លោក Gallardo អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​បាន​ហៅ​ការផ្លាស់ប្តូរ​នេះ​ថា​ជា «​ភាពអាម៉ាស់​បំផុត​»​។​
 
«​យើង​បាន​បាត់បង់​ឱកាស​លេង​ក្នុង​ដី​ខ្លួនឯង​។ យើង​នឹង​ពិចារណា​ឡើងវិញ​ពីអ្វី​ដែល​បាន​កើតឡើង​ហើយ​យើង​នឹង​ចងចាំ​វា​ថា​ជា​ភាពអាម៉ាស់​បំផុត​។ ការត្រៀម​លក្ខណៈ​របស់​យើង​ត្រូវបាន​ផ្លាស់ប្តូ​រទាំ​ស្រុង ព្រោះ​យើង​ត្រូវធ្វើ​ដំណើរ​រហូតដល់ ១០០០០ គីឡូម៉ែត្រ​ទៅកាន់​ទឹកដី​អឺរ៉ុប តែ Copa Libertadores ជា​ពាន​សម្រាប់​តំបន់​អាមេរិក​ឡាទីន​។ ពួកគេ​បាន​ប្ត​ន់​អ្នកគាំទ្រ​របស់​យើង​»​។ អ្នកចាត់ការ​វ័យ ៤២​ឆ្នាំ​បង្ហាញ​អារម្មណ៍​របស់លោក​ដូច្នេះ​។​
 
​ក្រុម​អ្នកគាំទ្រ​ទាំងពីរ​នឹងត្រូវ​បានផ្តល់​ឲ្យ​ស្មើៗ​គ្នា​សម្រាប់​សំបុត្រ​ចូល​ទស្សនា​ចំនួន​២៥០០០​សន្លឹក​ក្នុង​មួយក្រុម ហើយ​៥០០០​សន្លឹក​ផ្សេងទៀត​សម្រាប់​អ្នកទស្សនា​ក្រៅពី​អ្នកគាំទ្រ​អា​ហ្ស​ង់​ទីន​៕
 

Tag:
 ​បាល់ទាត់​
  Copa Libertadores
  Marcelo Gallardo
© រក្សាសិទ្ធិដោយ thmeythmey.com