អត្ថបទពាណិជ្ជកម្ម
Grundfos សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​កា​រ​គ្រប់គ្រង​ទឹកស្អាត​
04, Dec 2018 , 2:21 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ Grundfos គឺជា​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​,​ការផលិត​,​ការលក់ និង​បម្រើ​សេវាកម្ម​ផ្នែក​ម៉ាស៊ីនបូមទឹក ឈានមុខ​គេ​ក្នុង​ពិភពលោក បាន​ដោះដូរ «​លិខិត​បង្ហាញ​ពី​ចេតនា​» ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែធ្នូ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង​ទឹកស្អាត​នៅ​កម្ពុជា​។​«​លិខិត​បង្ហាញ​ពី​ចេតនា​» មាន​គោលបំណង​កាត់បន្ថយ​ថ្លៃ​ទឹក និង​បង្កើន​លទ្ធភាព​ទទួលបាន​ទឹកស្អាត និង​មាន​គុណភាព នៅក្នុង​ប្រទេស​។​
 
​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង លោក Leong Chee Khuan នាយក​គ្រប់គ្រង​ក្រុមហ៊ុន Grundfos ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង បាន​បញ្ជាក់ថា​«​លិខិត​បង្ហាញ​ពី​ចេតនា​»​នេះ នឹង​បង្ហាញ​ពី​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្វាគមន៍ ក៏ដូចជា​ទទួលយក នូវ​បច្ចេកទេស និង​គំរូ​អាជីវកម្ម​ថ្មីៗ​បំផុត​របស់​ក្រុមហ៊ុន ដើម្បី​កាត់បន្ថយ​លើ​ការបាត់បង់​ទឹក ដែល​មិន​ទទួលបាន​ចំណូល និង​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​ទឹកស្អាត​។​


 
​បញ្ហា​ប្រឈម​ធំ​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​គ្រប់គ្រង​ទឹកស្អាត គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​របស់ខ្លួន ដែល​ងាយ​លេច​ធ្លាយ និង​សម្ពាធ​ជំរុញ​ទឹក​ពុំ​គ្រប់គ្រាន់ នៅពេល​ត្រូវ​ផ្គត់ផ្គង់​ទៅតាម​ទីក្រុង និង​ខេត្ត​នានា​នៅ​អំឡុង​ម៉ោង​ដែលមាន​មនុស្ស​ប្រើប្រាស់​ទឹក​ច្រើន​ក្នុងពេល​តែមួយ​។ បញ្ហា​នេះ នាំ​ឲ្យ​មានការ​ខាតបង់​រហូត​ដល់​៤០​ភាគរយ លើ​ការបាត់បង់​ទឹក​ដែល​មិន​ទទួលបាន​ចំណូល (Non-Revenue Water) ឬ​ទឹក​ដែល​បាត់បង់ ឬ​មិន​ត្រូវបាន​កត់ត្រា​រាប់បញ្ចូល​ក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​។ 


 
​លោក ចម ប្រ​សិ​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មានប្រសាសន៍ថា ស្រប​ពេលដែល​សេដ្ឋកិច្ចកម្ពុជា​លូតលាស់​យ៉ាង​លឿន កំណើន​តម្រូវការ​ទឹកស្អាត​ក៏​កើនឡើង​ដែរ​។ បើតាម​ការរំពឹងទុក តម្រូវការ​ទឹក​ប្រើប្រាស់ នឹង​កើន​ដល់​០.៨​លាន ម៉ែត្រគូប​ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០២៥ ហើយនឹង​កើនឡើង​ដល់ ១​លាន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០៣០ ដែល​បញ្ហា​នេះ នឹងដាក់​សម្ពាធ​បន្ថែមទៀត ទៅលើ​ស្ថាប័ន​ផ្គត់ផ្គង់​ទឹក ក្នុងការ​ផ្គត់ផ្គង់​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព និង​គួរ​ឲ្យ​ជឿជាក់​បាន​។ លោក​រដ្ឋមន្ត្រី​បន្ត​បញ្ជាក់​ដូច្នេះ​៖«​យើង​មាន​សេចក្ដី​រីករាយ​ណាស់ ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឈានមុខ​គេ ផ្នែក​ឧស្សាហ​កម្មនេះ ដូចជា​ក្រុមហ៊ុន Grundfos​នេះ​ជាដើម ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ទឹកស្អាត និង​មានគុណ​ភាព​នៅ​កម្ពុជា​។ យើង​ជឿជាក់ថា​បច្ចេកវិទ្យា និង​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​ពី​ក្រុមហ៊ុន Grundfos នឹងមាន​អំណោយផល​ច្រើន ដល់​ប្រព័ន្ធគ្រប់គ្រង​ទឹក​នៅ​កម្ពុជា​»​។ 


 
​លោក Leong Chee Khuan តំណាង​ក្រុមហ៊ុន Grundfos បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការជួយ​ពង្រឹងគុណភាព ភាព​អាច​ជឿជាក់​បាន និង​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ទឹក​របស់ខ្លួន​នៅ​កម្ពុជា​។ លោក Leong Chee Khuan បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មាន​សេចក្ដីសោមនស្ស​រីករាយ​ណាស់ ក្នុងការ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​បេសកកម្ម​របស់ខ្លួន ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​សន្តិសុខ​ទឹកស្អាត​កាន់តែ​រឹងមាំ​ថែមទៀត  តាមរយៈ​ការប្រើប្រាស់​នវានុវត្តន៍​ផ្នែក​ឧស្សាហកម្ម​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​យើង​»​។​


 
​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកស្អាត​នៅ​កម្ពុជា ក្រុមហ៊ុន Grundfos បានដាក់​ចេញ​នូវ​គម្រោង​សាកល្បង​មួយ​នៅក្នុង​ខេត្តតាកែវ ដោយ​ប្រើប្រាស់​ដំណោះស្រាយ​តាម​វិធីសាស្ត្រ «​ចែកចាយ​តាម​កម្រិត​តម្រូវការ - Demand Driven Distribution»​។ នេះ​ជា​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​ដ៏​ឆ្លាត​វៃ ដែល​កែសម្រួល​លំហូរ​ទឹក​ដោយ​ស្វ័យប្រវត្តិ ដោយ​ប្រើប្រាស់​ឧបករណ៍​តាមដាន​សំពាធ​នៅក្នុង​បណ្តាញ​ពី​ចម្ងាយ ហើយ​វា​បាន​ជួយ​កាត់បន្ថយ​សម្ពាធ​ទឹក​លើសលប់​នៅក្នុង​បំពង់​ទុយោ​ទឹក​។ ធ្វើ​ដូច្នេះ ជួយ​កាត់បន្ថយ​ការ​លេច​ធ្លាយ​ទុយោ​ទឹក និង​ការបាត់បង់​ទឹក​ដែល​នាំ​ឲ្យ​កាត់បន្ថយ​ការចំណាយ និង​ថាមពល​។ ការប្រើប្រាស់​ជាតិគីមី ក៏​ត្រូវបាន​កាត់បន្ថយ​បាន​ច្រើន​ដែរ ព្រោះ​នឹងមាន​ការកត់ត្រា​ទិន្នន័យ​ព័ត៌មាន​បាន​កាន់តែច្បាស់​លាស់ ច្រើនជាង​មុន ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ថ្នាំ ឲ្យ​មាន​ភាព​កម្រិត​ត្រឹមត្រូវ ដែល​កត្តា​ទាំងនេះ នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ទៅតាម​នោះដែរ​។​


 
​ដើម្បី​ជំរុញ​ឲ្យ​មានការ​ទទួលយក​បច្ចេក​វិទ្យា​ថ្មី​នេះ​ទៅប្រើ​ប្រាស់ ក្រុមហ៊ុន Grundfos បាន​បង្កើត​គំរូ​អាជីវកម្ម​ថ្មី​សន្លាង ដើម្បី​លុបបំបាត់​នូវ​ឧបសគ្គ ដែល​តែងតែ​កើតមាន ក្នុងការ​វិនិយោគទុន​។ រោងចក្រ​ធ្វើ​ប្រតិបត្តិ​ការផលិត​ទឹកស្អាត នឹងត្រូវ​ទូទាត់​ប្រាក់ សម្រាប់​ប្រព័ន្ធ​ម៉ាស៊ីនបូមទឹក​ថ្មី តាមរយៈ​ការបង់​រំលស់​ប្រចាំឆ្នាំ ដែល​នឹង​ទទួលបាន​មកពី​ការ​សន្សំ​ពី​ការចំណាយ​លើ​ថាមពល និង​ទឹក​។ ការ​សន្សំ​នេះ អាចធ្វើ​ទៅបាន​តាមរយៈ​ការកែលម្អ និង​ផ្លាស់ប្តូរ ប្រព័ន្ធ​ដោយ​ក្រុមហ៊ុន Grundfos ។​
 
​ផ្នែក​មួយ​នៃ​គម្រោង​នេះដែរ រោងចក្រ​ធ្វើ​ប្រតិបត្តិ​ការផលិត​ទឹកស្អាត អាច​តាមដាន​មើល​ប្រាក់​សន្សំ​របស់ខ្លួន តាមរយៈ​ប្រព័ន្ធគ្រប់គ្រង​ពី​ចម្ងាយ របស់​ក្រុមហ៊ុន Grundfos ដែលជា​ប្រព័ន្ធ​តាមដាន គ្រប់គ្រង និង​ធ្វើ​របាយការណ៍​ពី​ចម្ងាយ តាម​ប្រព័ន្ធ​អ៊ីនធឺណិត សម្រាប់​ការដំឡើង​ម៉ាស៊ីនបូមទឹក​។​
 
​យុទ្ធសាស្ត្រ​នៃ​ការអនុវត្ត​ដំណោះស្រាយ​បែប​នវានុវត្តន៍ ព្រមជាមួយ​នឹង​គំរូ​អាជីវកម្ម​ថ្មី​នេះ បាន​ជួយ​រោងចក្រ សន្សំ​ថាមពល​បាន​ជាង ២៧០.០០០​គីឡូវ៉ាត់ម៉ោង ហើយ​សន្សំ​ទឹកបាន​ប្រហែល ២០០.០០០​ម៉ែត្រគូប ក្នុង​មួយឆ្នាំ ជាមួយនឹង​គម្រោង​នៃ​ការសង​រំលស់ រយៈពេល​ប្រាំ​ឆ្នាំ តែ​ប្រតិបត្តិ​ក រ​មានលទ្ធភាព​បង់​ផ្តាច់ ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លះ​ប៉ុណ្ណោះ ប្រសិនបើ​យកប្រាក់​ដែល​សន្សំ​បាន​ប្រចាំឆ្នាំ​ទាំងអស់ សង​ជូន​ក្រុមហ៊ុន Grundfos ។​
 
​លោក Leong Chee Khuan តំណាង​ក្រុមហ៊ុន Grundfos មានប្រសាសន៍​ទៀតថា​៖«​គម្រោង​របស់​យើង​នៅ​ខេត្តតាកែវ បានបង្ហាញ​ឲ្យ​យើង​ថា គម្រោង​អាជីវកម្ម​ថ្មី​របស់​យើង មាន​សក្ដានុពល​ខ្ពស់ នៅក្នុង​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេងទៀត ដែល​អាជ្ញាធរ ឬ​ប្រតិបត្តិ​ករ​ទទួលបន្ទុក​ផ្គត់ផ្គង់​ទឹកស្អាត មិនគួរ​ត្រូវបាន​រារាំង​ដោយសារ​កត្តា​ហិរញ្ញវត្ថុ​ទៀតឡើយ នៅពេល​ត្រូវ​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មី និង​មាន​ប្រសិទ្ធភាព​បែបនេះ​។ ភាពជោគជ័យ​នៃ​គម្រោង​សាកល្បង​នេះ ពិតជា​រឿង​គួរ​ឲ្យ​ពេញចិត្ត ហើយ​យើង​រំពឹងថា នឹងដាក់​ឲ្យ​អនុវត្ត​នូវ​វិធីសាស្ត្រ​នេះ នៅតាម​បណ្ដា​ខេត្ត​ផ្សេងទៀត នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ជឿជាក់ថា គំរូ​អាជីវ​កម្មនេះ នឹង​បើកទ្វារ​ឲ្យ​មានការ​ប្រើប្រាស់​នូវ​ដំណោះស្រាយ​របស់​យើង ដើម្បី​កែលម្អ​ដល់​ការងារ​ផ្គត់ផ្គង់​ទឹក​នៅ​កម្ពុជា​»៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com