អន្តរជាតិ
អាជីវកម្ម​នៅ​ក្រុងប៉ារីស​ធ្វើការ​វាយតម្លៃ​ការខូចខាត​បន្ទាប់ពី​មាន​បាតុកម្មហិង្សា​លើក​ទី​ពីរ​កាលពី​ចុង​សប្តាហ៍​
04, Dec 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ហាង​លក់ទំនិញ សណ្ឋាគារ​និង​ភោគ​ជនី​យ​ដ្ឋា​ន​នានា​នៅក្នុង​ទីក្រុង​ប៉ារីស​បានធ្វើការ​វាយតម្លៃ​អំពី​ការ​ការខូចខាត​ដោយសារ​បាតុកម្ម​អាវកាក់​ពណ៌​លឿង​ហិង្សា​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ម្តងទៀត​កាលពី​ចុង​សប្តាហ៍​។​

 
​រដ្ឋមន្ត្រីក្រសួង​ហរិញ្ញវត្ថុ​បារាំង​លោក Bruno Le Maire កាលពី​ថ្លែង​ចន្ទ​ដោយ​លោក​បាន​គូសបញ្ជាក់​អំពី​ផលប៉ះពាល់​នៅ​ទូទាំងប្រទេស​ថា «​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​និង​កំពុង​បន្ត​កើតឡើង​»​។​
 
​ភោជនីយដ្ឋាន​មួយចំនួន​បាន​បាត់បង់​ប្រាក់ចំណូល​ពី​២០​ទៅ​៥០​ភាគរយ ហើយ​ហាង​លក់ទំនិញ​ខ្លះ​បាន​ធ្លាក់ចុះ​ការលក់​របស់ខ្លួន​ពី​២០​ទៅ​៤០​ភាគរយ​។ លោក Le Maire និយាយថា​លោក​នឹងមាន​កិច្ចប្រជុំ​តាមដាន​ជាមួយ​តំណាង​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​ដោយ​បាតុកម្ម​នេះ​។​
 
​លោក​បាន​បន្ថែមថា​ចំនួន​កក់​សណ្ឋាគារ​ត្រូវបាន​ធ្លាក់ចុះ​ពី​១៥​ទៅ​២៥​ភាគរយ​។ ហេតុការណ៍​នេះ​ត្រូវបាន​ចាប់ផ្តើម​ដំបូង​ឡើង​ដោយ​បាតុកម្ម​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​នៅតាម​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ដើម្បី​តវ៉ា​ទៅនឹង​ការដំឡើង​ពន្ធ​ប្រេង ហើយ​បន្ទាប់មក​បានក្លាយ​ជា​ក្រុម​តវ៉ា​ធំ​មួយ​ប្រឆាំងនឹង លោក​ប្រធានាធិបតី Emmanuel Macron ។ បាតុករ​ជាច្រើន​បាន​ពាក់​អាវកាក់​ខាងក្រៅ​ពណ៌​លឿង​ដែល​អ្នកបើកបរ​បារាំង​ទុក​នៅក្នុង​ឡាន​របស់​ពួកគេ​។​
 
​មនុស្ស​ជិត​១០០​នាក់​រួមទាំង​ប៉ូលិស​១៦​នាក់​បាន​រងរបួស ហើយ​មនុស្ស​ជាង​២០០​នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ការតវ៉ា​បាន​ក្លាយជា​បាតុកម្មហិង្សា​នៅ​កណ្តាល​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​កន្លងមក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com