អន្តរជាតិ
ប៉ា​ណា​ម៉ា​ក្លាយជា​រដ្ឋ​អាមេរិក​ឡា​ទីន​ដំបូង​គេ​ចូលរួម​«​គម្រោង​ខ្សែក្រវាត់​វិថី​»​របស់​ចិន ក្រោយរត់ចោល​តៃវ៉ាន់
04, Dec 2018 , 7:39 pm        
រូបភាព
​បន្ទាប់ពី​សម្រេចបាន​ប​ទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ៩០​ថ្ងៃ​នៅក្នុង​ជំនួប​ទល់មុខ​មួយនា​ក្រុង​ប៊ុ​យ​ណូ​ស៊ែ រដ្ឋធានី​របស់​អា​ហ្ស​ង់​ទីន ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បាន​បន្តដំណើរ​មក​ទ​ស្សន​កិច្ច​នៅ​ប៉ា​ណា​ម៉ា​ទៀត​។ វត្តមាន​មេដឹកនាំ​ចិន​ជា​លើកដំបូង​នៅ​រដ្ឋ​អាមេរិក​ឡាទីន​នេះ ធ្វើឡើង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ផង និង​ពង្រឹង​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​ផង​។


 
​លោក ស៊ី ជិន​ភីង បាន​អញ្ជើញ​មកដល់​ប្រទេស​ប៉ា​ណា​នៅ​យប់​ថ្ងៃអាទិត្យ​ទៅហើយ ហើយ​វា​ក៏​ជា​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប៉ា​ណា​ម៉ា​របស់​ប្រមុខរដ្ឋ​ចិន​ផង ចាប់ពី​រដ្ឋ​អាមេរិក​មួយ​នេះ​បោះបង់ចោល​តៃវ៉ាន់​កាលពី​ឆ្នាំមុន​នោះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  លោក ស៊ី បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សម​ភាគី​ប៉ា​ណា​ម៉ា​លោក Juan Carlos Varela​។ ក្នុងជំនួប​ទ្វេភាគី​មេដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា​ពង្រឹង​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច​ឲ្យ​បាន​ខ្លាំងក្លា​ផងដែរ​។​
 
​ក្នុង​គោលដៅ​សាទរ​ចំណងមិត្តភាព​ជាមួយ​ប៉ា​ណា​ម៉ា ប្រមុខរដ្ឋ​ចិន​លោក ស៊ី បាន​សរសេរ​បទ​វិចារណកថា​មួយ​ចុះផ្សាយ​នៅលើ​សារព័ត៌មាន​ប៉ា​ណា​ម៉ា Estrella de Panama ដោយ​លោក​ថ្លែងថា លោក​មាន​ក្តី​រំពឹង​ខ្ពស់​ចំពោះ​ទស្សនកិច្ច​លើកដំបូង​ដោយ​មេដឹកនាំ​ចិន​នេះ​។​
 
​លោក​សរសេរ​ដូច្នេះ​៖«​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ចាប់​ផ្តើមឡើង​ដោយ​ភាពរឹងមាំ​ថ្វីបើ​មាន​វ័យ មួយឆ្នាំ​កន្លះ​ក៏ដោយ​។​យើង​ត្រូវ​ពង្រឹង​ភាពជា​ដៃគូ​ដែល​អាច​ធានាបាន​នូវ​ការចែករម្លែក​ផលប្រយោជន៍​ស្មើគ្នា​ដែរ​»​។
​ក្រោយ​កិច្ចពិភាក្សា លោក ស៊ី និង​លោក Varela ក៏បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ចំនួន ១៩ ផ្សេងគ្នា ហើយ​កិច្ចព្រមព្រៀង​ទាំងនោះ​ផ្តោតលើ​ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ ទេសចរណ៍ អប់រំ និង​ការអភិវឌ្ឍ​ផ្សេងទៀត​ដែរ​។ ស្របពេល​ជាមួយគ្នា​នោះ ប៉ា​ណា​ម៉ា​នេះ​ក៏បាន​ក្លាយជា​រដ្ឋ​អាមេរិក​ឡាទីន​ដំបូង​គេ​ក្នុង​តំបន់​ដែល​ជ្រើសរើស​ផ្លូវ​ចូលរួម​ជាមួយ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​«​ខ្សែក្រវាត់​មួយ​វិថី​មួយ​» ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ចិន និង​ប៉ា​ណា​ម៉ា​ក៏​ឯកភាពគ្នា​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផងដែរ​ដើម្បី​ធានា​ប្រយោជន៍​ពាណិជ្ជកម្ម​យូរអង្វែង​ទៅមុខ​ផង​។​
 
​មេដឹកនាំ​បា​ណា​ម៉ា​លោក Varela ព្យាយាម​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​មេដឹកនាំ​ចិន​ទីមួយ​ក្នុង​ទឹកដី​របស់ខ្លួន បន្ទាប់ពី​ខ្លួន​ដោះដៃ​ចោល​កោះ​តៃវ៉ាន់​ដែល​ធ្លាប់ជា​កល្យាណមិត្ត​ប៉ុន្តែ​មិនសូវមាន​លុយ​គ្រាក់ៗ​ដូច​ចិន​។ លោក​អះអាង​ពេញមាត់​ថា ទស្សនកិច្ច​របស់លោក ស៊ី មិន​ត្រឹមតែ​នាំ​ទុនវិនិយោគ​ចូលមក​ប៉ា​ណា​ម៉ា​ទេ ប៉ុន្តែ​វា​នឹង​ប្រែក្លាយ​ប៉ា​ណា​ម៉ា​ជា​ច្រកទ្វារ​សម្រាប់​ចិន​ទៅកាន់​តំបន់​អាមេរិក​ឡាទីន​ផង​។  រឿង​ដែល​មិនអាច​ប្រកែក​បាន​នោះ​គឺ ការចូលរួម​របស់​ប៉ា​ណា​ម៉ា​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់​មួយ​វិថី​មួយ ចិន​នឹងមាន​លទ្ធភាព​កាន់តែ​ខ្ពស់​ក្នុងការ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​បន្ថែ​ម​ទៀត​ក្នុង​តំបន់​ទាំងមូល​ផង​។​
 
​សម្រាប់​ចិន ទីតាំង​ភូមិសាស្ត្រ​របស់​ប៉ា​ណា​ម៉ា ជា​រឿង​យុទ្ធសាស្ត្រ និង​អាចជា​មជ្ឈមណ្ឌល​ដែល​បម្រើ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អាមេរិក​ឡាទីន និង​កា​រ៉ា​អ៊ី​ប​ផង​។ ស្ថិរភាព​សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ព្រែកជីក​ប៉ា​ណា​ម៉ា​ជា​ឧទាហរណ៍​ស្រាប់​។ ដូច្នេះហើយ ចិន​មានបំណង​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប៉ា​ណា​ម៉ា​នេះ​ដើម្បី​ជា​ស្ពាន​ក្នុង​ចូលរួមចំណែក​អភិវឌ្ឍ​តំបន់​ផង និង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ផង​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​មួយ​។​
 
​ប៉ុន្តែ​វត្តមាន​ចិន និង​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​មហាអំណាច​អាស៊ី​មួយ​នេះ​មិនមែនជា​រឿង​ដែល​ក្រុង​វ៉ាស៊ីនតោន​សប្បាយចិត្ត​ឡើយ​។ រដ្ឋបាល​អាមេរិក​ធ្លាប់​ព្រមាន​ច្រើនដង​ដែរ​ពី​ការពង្រីក​ឥទ្ធិពល​របស់​ចិន​ដល់​ដែន​ឥទ្ធិពល​របស់ខ្លួន​នាពេល​បច្ចុប្បន្ន​។ ក្នុងពេល​ទស្សនកិច្ច​នៅ​ប៉ា​ណា​ម៉ា​កាលពី​ខែ​មុន រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ព្រមាន​រដ្ឋាភិបាល​ប៉ា​ណា​ម៉ា​ពី​ផល​លំបាក​ដែល​អាច​កើតមាន​ព្រោះ​ឥទ្ធិពល​ចិន​សាយភាយ​ពាសពេញ​តំបន់​នោះ​៕ 
 

Tag:
 ប៉ា​ណា​ម៉ា​
 ​ស៊ី ជិន​ភីង​
  តៃវ៉ាន់​
 BRI
© រក្សាសិទ្ធិដោយ thmeythmey.com