កីឡាជាតិ
ជាតិ
កាយសម្ព័ន្ធសំឡឹងរកប្រទេសសក្តានុពលជាមិត្ត ដើម្បីបញ្ជូនអត្តពលិកទៅពង្រឹងសមត្ថភាព
× នៅសល់តែជាង៤ឆ្នាំប៉ុណ្ណោះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងមកដល់។ គ្រប់សហព័ន្ធកីឡាជាតិកំពុងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពនៅក្នុងប្រទេស ហើយក៏មានសហព័ន្ធខ្លះកំពុងសំឡឹងមើលប្រទេសសក្តានុពលជិតខាង ដើម្បីបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់នៅទីនោះផងដែរ។ ជាក់ស្តែងកីឡាកាយសម្ព័ន្ធ កំពុងស្វែងរកប្រទេសជាមិត្តដើម្បីបញ្ជូនអត្តពលិកខ្លួនទៅហ្វឹកហាត់ពង្រឹងសមត្ថភាព ខណៈចិន កូរ៉េ និងជប៉ុនជាគោលដៅធំសម្រាប់ការហ្វឹកហាត់នេះ។
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំពុងស្វះស្វែងរកជំនួយពីប្រទេសសក្តានុពលក្នុងតំបន់អាស៊ាននិងអាស៊ី ដើម្បីបញ្ជូនអត្តពលិកទៅហ្វឹកហាត់ពង្រឹងសមត្ថភាព សម្រាប់ត្រៀមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វលីពីននិងវៀតណាម ពិសេសស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ សហព័ន្ធយល់ថា ការហ្វឹកហាត់នៅក្រៅប្រទេសអាចជួយអភិវឌ្ឍន៍សមត្ថភាពកីឡាករមានការរីកចម្រើនខ្លាំងជាងការហ្វឹកហាត់នៅក្នុងស្រុក ព្រោះនៅទីនោះមានឧបករណ៍ទំនើបៗ និងមានគ្រូពោរពេញដោយសមត្ថភាព។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងក្នុងពិធីបិទពានរង្វាន់របស់ខ្លួន និងជើងឯកថ្នាក់ជាតិកាលពីពេលកន្លងទៅ
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានកាលពីពេលកន្លងទៅលោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានរៀបរាប់ដូច្នេះថា៖«យើងនៅសល់តែជាង៤ឆ្នាំប៉ុណ្ណោះការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងឈានមកដល់។ ប៉ុន្តែយើងមានពេលហ្វឹកហាត់មិនដល់៤ឆ្នាំនោះទេ។ យើងកំពុងខិតខំស្វែងរកជំនួយពីប្រទេសជាមិត្ត ពិសេសពីចិន កូរ៉េ ជប៉ុន និងមិត្តដទៃទៀត ដើម្បីបញ្ជូនកីឡាករទៅហ្វឹកហាត់នៅទីនោះ ឬហៅគ្រូបង្វឹកមកបង្វឹកនៅកម្ពុជា»។
ដោយមិនចង់ទៅឆ្ងាយខ្លាចពិបាកធ្វើដំណើរ និងមើលការខុសត្រូវ ចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជិតខាងក្នុងតំបន់អាស៊ានបានក្លាយជាគោលដៅរបស់សហព័ន្ធ ក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់ពង្រឹងសមត្ថភាព។ ម្យ៉ាងថ្នាក់ដឹកនាំសហព័ន្ធមិនចង់ឲ្យកីឡាករទៅឆ្ងាយ ខ្លាចគ្រួសារ សាច់ញាតិមានក្តីបារម្ភ។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើបានបន្ថែមថា៖«កីឡាកាយសម្ព័ន្ធមានការលំបាកបន្តិច ទី១.បើហ្វឹកហាត់នៅក្រៅប្រទេសយូរពេកប៉ះពាល់ដល់ការសិក្សា ទី២.ឪពុកម្តាយមិនឲ្យទៅ។ យើងមានជម្រើសពីរ គឺបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស និងហៅគ្រូមកបង្ហាត់បង្រៀននៅកម្ពុជា។ បើយើងហាត់នៅកម្ពុជាបានគ្នាច្រើន តែឧបករណ៍មិនសូវមានស្តង់ដារ។ ប៉ុន្តែបើហាត់នៅក្រៅប្រទេស បានគ្នាតិច តែឧបករណ៍មានស្តង់ដារ»។
ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរន៍ ស្នើឲ្យឪពុកម្តាយ សាច់ញាតិ បងប្អូនរបស់កីឡាករកីឡាការិនី មានយោគយល់ចំពោះបញ្ហាខាងលើ។ ព្រោះសហព័ន្ធមានយុទ្ធសាស្ត្រវែងឆ្ងាយ ពោលគឺមិនមែន ដើម្បីតែត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ប៉ុណ្ណោះទេ គឺទៅអនាគតដ៏វែងឆ្ងាយទៅខាងមុខទៀត៕
Tag:
កាយសម្ព័ន្ធ
លោក ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com