ជាតិ
សេដ្ឋកិច្ច
World Bank៖វិស័យទេសចរណ៍កម្ពុជា ដើរក្រោយថៃ និងវៀតណាមឆ្ងាយ ទេសចរបរទេសធ្វើដំណើរកម្សាន្តតាមស៊ីក្លូនៅភ្នំពេញ។ រូបថត AFP
× ភ្នំពេញ៖ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយដោយធនាគារពិភពលោកនៅពេលថ្មីៗនេះ បានលើកឡើងថា ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកប្រទេសរបស់ខ្លួន កម្ពុជាដើរពីក្រោយថៃ និងវៀតណាមឆ្ងាយនៅឡើយ។
នៅឆ្នាំ២០១៧ កម្ពុជាស្រូបបានភ្ញៀវទេសចរអន្តរជាតិ ៥,៦លាននាក់ ខណៈថៃទទួលបានទេសចរ ៣៥,៤លាននាក់ និងវៀតណាម ១២,៩លាននាក់។ បើច្របាច់បញ្ចូលគ្នាជាមួយប្រទេសជិតខាងទាំងនេះ កម្ពុជាចាប់យកភាគរយភ្ញៀវទេសចរបានតែ ១០ភាគរយប៉ុណ្ណោះ ធ្លាក់ចុះពី ១២ភាគរយនៅឆ្នាំ២០១៤ ។
«នេះបង្ហាញពីការមិនបានទាញប្រយោជន៍ច្រើននៅឡើយ ខណៈដែលកម្ពុជាមិនទាន់ជោគជ័យខ្លាំងក្លា ក្នុងការទាក់ទាញភ្ញៀវទេសចរ ដែលបានដើរកម្សាន្តនៅប្រទេសជិតខាង ឲ្យបន្តចូលមកប្រទេសខ្លួន»។ នេះជាការគូសបញ្ជាក់របស់របាយការណ៍ដដែល។
ត្រឹមតែ ៥ភាគរយប៉ុណ្ណោះ នៃទេសចរដែលចូលវៀតណាម បានហួសមកលេងកម្ពុជា និង ១៣,៥ភាគរយប៉ុណ្ណោះ នៃទេសចររបស់ថៃ ហួសមកកម្ពុជា។
របាយការណ៍បង្ហាញទៀតថា ច្រើនជាង ៨០ភាគរយ នៃទេសចរបរទេសដែលមកកម្ពុជា គឺជាភ្ញៀវថ្មីសុទ្ធសាធ ឬភ្ញៀវដែលមកកម្ពុជាលើកដំបូង។ នេះក៏ព្រោះផលិតផល និងគោលដៅទេសចរណ៍របស់កម្ពុជា នៅមានកម្រិត។ របាយការណ៍បន្ថែមថា កម្ពុជាអាចរៀនសូត្រពីវៀតណាម ដែលបានអនុវត្តកំណែទម្រង់នៅឆ្នាំ២០១៦ និងបានធ្វើឲ្យទេសចររបស់គេកើន ៣០ភាគរយ។ កំណែទម្រង់ទាំងនោះ រួមមាន ការអនុវត្តច្បាប់ទេសចរណ៍ គោលនយោបាយលើកទឹកចិត្តការវិនិយោគក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម។
កម្ពុជាគួរចាំបាច់ដាក់ចេញគោលនយោបាយ ដើម្បីជំរុញកំណើនទេសចរ ឲ្យចំៗតែម្ដង។ របាយការណ៍លើកឡើងដូច្នេះ៖«គោលនយោបាយ គួរតែមើលទៅលើផ្នែកនៃតម្រូវការ លើសពីអ្វីដែលផ្ដល់ឲ្យទេសចរនៅថៃ និងវៀតណាម។ ទីផ្សារសក្ដានុពល ទំនងជាត្រូវរួមបញ្ចូលអេកូទេសចរណ៍ ជាពិសេសទេសចរណ៍បែបទស្សនាសត្វព្រៃ ដើរព្រៃ ឡើងភ្នំ ខណៈទឹកដីកម្ពុជាគ្របដណ្ដប់ដោយតំបន់ឧទ្យាន និងអភិរក្សយ៉ាងធំ ហើយពោរពេញដោយជីវចម្រុះ»។
កម្ពុជាត្រូវអភិវឌ្ឍន៍យុទ្ធសាស្ត្រ ដើម្បីទាក់ទាញទេសចរអន្តរជាតិ ព្រមជាមួយការតភ្ជាប់ទៅនឹងទីតាំងទេសចរណ៍សំខាន់ៗរបស់ថៃ និងវៀតណាម។ នេះជាការបន្ថែមរបស់របាយការណ៍ធនាគារពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com