នាយករដ្ឋមន្ត្រី​បារាំង​ត្រៀម​ប្រកាស​ព្យួរ​ការអនុវត្ត​«​ពន្ធ​ប្រេង​បណ្តោះអាសន្ន​» ក្រោយ​មាន​បាតុកម្មហិង្សា​ធ្ងន់ធ្ងរ​
អន្តរជាតិ
នាយករដ្ឋមន្ត្រី​បារាំង​ត្រៀម​ប្រកាស​ព្យួរ​ការអនុវត្ត​«​ពន្ធ​ប្រេង​បណ្តោះអាសន្ន​» ក្រោយ​មាន​បាតុកម្មហិង្សា​ធ្ងន់ធ្ងរ​
04, Dec 2018 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​បារាំង​លោក អេ​ឌូ​អាត ហ្វី​លី​ព (Edouard Philippe) ត្រៀម​ប្រកាស​ផ្អាក​ផែនការ​ដំឡើង​ពន្ធ​ប្រេងឥន្ធនៈ​ដែល​នឹង​ចូល​ជា​ធរមាន​ដើមឆ្នាំ​ក្រោយ​។ ការសម្រេច​នេះ​ទំនងជា​ឆ្លើយតប​នឹង​ចលនា បាតុកម្មហិង្សា​«​ពាក់អាវ​ក្រៅ​ពណ៌​លឿង​» ឬ Yellow Vest ដែល​ចេញមុខ​ប្រឆាំងនឹង​ចំណាត់ការ​ដំឡើង​ពន្ធ​របស់​រដ្ឋាភិបាល​បារាំង​នេះ​។


 
 ថ្ងៃ​អង្គារ​ទី ៤ ខែវិច្ឆិកា​នេះ ប្រភព​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បារាំង​បាន​បង្ហើប​ថា ប្រមុខ​រដ្ឋាភិបាល​បារាំង​លោក ហ្វី​លី​ព នឹង​ប្រកាស​ពី​ការព្យួរ​ចោល​បណ្តោះអាសន្ន​នូវ​វិធានការ​ដំឡើង​ពន្ធ​លើ​ប្រេង ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ ១​ខែមករា​ឆ្នាំ ២០១៩​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ចុះផ្សាយ​ដោយ​ដកស្រង់​ប្រភព​រដ្ឋាភិបាល​បារាំង​ថា ការព្យួរ​បណ្តោះអាសន្ន​នៃ​ការដាក់​ដំឡើង​ពន្ធ​នេះ​នេះ​ជា​មធ្យោបាយ​មួយ​បន្ធូរបន្ថយ​ស្ថានការណ៍​ដែល​កំពុង​កើន​កម្តៅ​ខ្លាំង​ព្រោះ​ចលនា​បាតុកម្ម​ប្រហែល​ពីរ​សប្តាហ៍​មកនេះ​។ ប៉ុន្តែ​ជានិច្ច​ជា​កាល រដ្ឋាភិបាល​បារាំង​អះអាងថា បន្ថែម​ពន្ធ​ថ្មី​លើ​ប្រេង ជា​មធ្យោបាយ​ដើម្បី​ប្រឆាំងនឹង​ការបំពុល​បរិយាកាស​។​
 
​ប្រភព​ដដែល​នោះបាន​បង្ហើប​ថា ការសម្រេច​បែបនេះ​ធ្វើឡើង​ដោយ​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បន្ទាប់ពី​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​រវាង​សមាជិក​រដ្ឋាភិបាល​ជាមួយ​បណ្តា​មេដឹកនាំ​គណបក្សនយោបាយ​បារាំង​ផ្សេងទៀត​ដែលមាន​អាសនៈ​ក្នុង​សភា​។ អ្នកនយោបាយ​ទាំងនោះ​ភាគច្រើន​បានដាក់​សម្ពាធ​ឲ្យ​ប្រ​ធានា​ធិបតេយ្យ​រក​វិធានការ​បន្ថយ​កំហឹង​ប្រជាពលរដ្ឋ​បារាំង​ដែល​តវ៉ា​រហូត​បង្ក​ឲ្យ​មាន​ហិង្សា​ធ្ងន់ធ្ងរ​កាលពី​ចុង​សប្តាហ៍​មុន​។​
 
​រឿង​ដែល​ចម្រូងចម្រាស​នោះ​គឺ កាលពី​ថ្ងៃ​សៅរ៍ ចលនា​បាតុកម្ម​ប្រឆាំង​ការដំឡើង​ពន្ធ​បាន​ឈានដល់​មានការ​ប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​នៅ​កណ្តាល​រដ្ឋធានី​ប៉ារីស​។ 
 
​យ៉ាងណាក៏ដោយ ចលនា​បាតុកម្ម​ប្រឆាំង​វិធានការ​រដ្ឋាភិបាល​ត្រូវ​ឆាបឆេះ​ថែមទៀត​ដោយ​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​ក្នុងឆ្នាំនេះ​ជា​បន្តបន្ទាប់​។ គេ​ក៏​ឃើញ​មានការ​ចោទប្រកាន់​ផងដែរ​ថា លោក ម៉ា​ក្រុង កំពុង​អនុវត្ត​គោលនយោបាយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​បារាំង​ដែលមាន​ចំណូល​ទាប​ស្រាប់​នោះ ប្រឈម​ការលំបាក​កាន់តែខ្លាំង​ថែមទៀត​។​
 
​ដោយឡែក មុន​មានការ​ប្រកាស​ពី​គម្រោង​ព្យួរ​ការដំឡើង​ពន្ធ​ប្រេង​បណ្តោះអាសន្ន មេដឹកនាំ​ក្រុមបាតុករ​ពាក់អាវ​ក្រៅ​ពណ៌​លឿង​នោះ​ក៏បាន​បញ្ចេញ​លិខិត​ដែល​ចែង​ពី​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​ខ្លួន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បារាំង​ធ្វើតាម​ដែរ​។ ក្នុងចំណោម​នោះ មានការ​ព្យួរ​ការអនុវត្ត​វិធានការ​ដំឡើង​ពន្ធ​ប្រេង​, ដំឡើង​ប្រាក់​ឈ្នួ​អ​ប្បរមា និង​ដាក់​ពន្ធ​លើ​អ្នកមាន​ចំនូល​ខ្ពស់​ឡើងវិញ​ដែរ​។ ថ្វី​មានការ​សម្រេចចិត្ត​ឆ្លើយតប​ទៅនឹង​ការទាមទារ​ខាងលើនេះ​ក្តី នាយករដ្ឋមន្ត្រី​បារាំង​លោក ហ្វី​លី​ព មិន​ជួប​ជាមួយ​មេដឹកនាំ​ក្រុមបាតុករ​នេះឡើយ ដ្បិត​វា​ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​ផ្ទាល់​របស់លោក​។​
 
​តាមពិតទៅ លោក ម៉ា​ក្រុង ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៧ ហើយ​ក្រោយ​ស្បថ​ចូលកាន់​តំណែង​រដ្ឋាភិបាល​របស់លោក​ដែលមាន​លោក ហ្វី​លី​ព ជា​នាយករដ្ឋមន្ត្រី​បាន​បន្ត​ព្យាយាម​ជំរុញ​ការកាត់បន្ថយ​ពន្ធ​សម្រាប់​សហគ្រិន និង​អ្នកមាន​ចំណូល​ខ្ពស់​។ ឆ្នាំមុន​លោក បានប្រកាស​លុបចោល​ព​ន្ធ​ដែល​ដាក់​លើ​អ្នក​ដែលមាន​ចំណូល​ខ្ពស់​ផងដែរ​៕
 

Tag:
 Yellow Vest
 ​បារាំង​
 ​ពន្ធ​ប្រេង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  អេ​ឌូ​អាត ហ្វី​លី​ព
© រក្សាសិទ្ធិដោយ thmeythmey.com