អន្តរជាតិ
ប្រជាជាតិ​ជិត ២០០ ប្រមូលផ្តុំ​គ្នា​នៅ​ប៉ូឡូញ​ជំរុញ​សកម្មភាព​ដោះស្រាយ​ប្រែប្រួល​អាកាសធាតុ​
04, Dec 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៤ (COP24) ចាប់ផ្តើម​ឡើងជា​ផ្លូវការ​នៅ​ទីក្រុង Katowice ប្រទេស​ប៉ូឡូញ​នៅ​ថ្ងៃអាទិត្យ​ទី ២​ខែធ្នូ​នេះ​។ កិច្ចប្រជុំ​ឆ្នាំនេះ​មាន​គោលដៅ​ចម្បង​បញ្ចប់​ការចរចា​បង្កើត​សៀវភៅ​ណែនាំ (Rule Book) ស្តីពី​ការអនុវត្ត និង​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​អាកាសធាតុ​ឆ្នាំ ២០១៥ និង​ជំរុញ​បន្ថែម​ការបង្កើន​សកម្ម​ភាព​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។​


 
​តំណាង​ប្រទេស​ជិត ២០០​នៅ​ទូទាំង​ពិភពលោក​ក្នុងនោះ​មាន​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ជាង ៤០​ផង​នោះ​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​ភាគី​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការ ប្រែប្រួល​អាកាសធាតុ (UNFCCC)​។ 
 
​គោលដៅ​សំខាន់​នៃ​ការចរចា​ក្នុង​សន្និសីទ​អាកាសធាតុ​ឆ្នាំនេះ​ផ្តោត​សំខាន់​លើ​ការបញ្ចប់​ការចរចា​បង្កើត​សៀវភៅ​ណែនាំ (Rule Book) ស្តីពី​ការអនុវត្ត និង​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​អាកាសធាតុ​ឆ្នាំ ២០១៥ ។ 
 
​កាលណា​បើ​ចេញ​រូបរាង​ជា​ផ្លូវការ សៀវភៅ​ណែនាំ​នឹង​បង្កើត​ឲ្យ​មាន​ការវាស់ស្ទង់​, តាមដាន​, និង​ផ្ទៀងផ្ទាត់​ឲ្យ​បាន​នូវ​ការអនុវត្ត​កិច្ច​របស់​ភាគី​ជាពិសេស​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​អនុលោម​តាម​ព្រមព្រៀង​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥​។ សៀវភៅ​គោលការណ៍​ណែនាំ​នេះ​ក៏​ផ្តោតលើ​ការគាំទ្រ​ការ​បន្សាំ និង​របៀប​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​លើ​ផែនការ​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែរ​។ 
 
​ដោយឡែក សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៤ នេះ​ក៏​ចាប់ផ្តើម​ឡើង​ស្រប​ពេលដែល​បញ្ហា​ប្រឈម​កើតឡើង​ច្រើន​ដូចគ្នា​។ បួន​ឆ្នាំ​ជាប់ៗ​គ្នា​ហើយ ដែល​អាកាសធាតុ​កាន់តែ​ក្តៅ​ខ្លាំង ហើយ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បញ្ចេញ​ទៅកាន់​បរិយាកាស​នោះ​ក៏​ចាប់ផ្តើម​កើនឡើង​ជាថ្មី​ថែមទៀត​ផង​។ 
 
​ទាក់ទិន​បញ្ហា​នេះ​លេខា​ង​ប្រតិបត្តិ​នៃ​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការ ប្រែប្រួល​អាកាសធាតុ​លោកស្រី Patricia Espinosa បាន​ថ្លែង​ពេល​បើក​កិច្ចប្រជុំ​ដូច្នេះ​ថា​៖«​ឆ្នាំនេះ​ក្លាយជា​ឆ្នាំ​ដែល​ក្តៅ​ជាងគេ​ក្នុង​ចំនួន​ឆ្នាំ​ទាំង​បួន​ហើយ​។ ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ចូលទៅ​កាន់​បរិយាកាស​នោះ​ក៏​កើន​ខ្ពស់​ទៀត​។ ផលប៉ះពាល់​នៃ​ការប្រើ​ប្រួល​អាកាសធាតុ​មិនដែល​អាក្រក់​បែបនេះ​ទេ​។ រឿង​ដែល​កើតឡើង​នេះ​ប្រាប់​យើងទាំងអស់គ្នា​ថា យើង​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ខ្លាំង​ថែមទៀត​។ COP24 នេះ​ត្រូវ​សម្រេច​ជោគជ័យ​ឲ្យ​បាន​»​។ 
 
​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់​ហើយ ការបញ្ចប់​ការចរចា​សៀវភៅ​ណែនាំ​ជា​រឿង​ចាំបាច់​បំផុត​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ វា​ជួប​រឿងចម្រូងចម្រាស និង​ការទាស់ទែង​ខ្វែងគំនិត​គ្នាច្រើន​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​។ ដូច្នេះហើយ វា​ជា​រឿង​ពិបាក​រំពឹងទុក​ណាស់​ថា ក្រោយ​ចប់​សន្និសីទ​សៀវភៅ​ណែនាំ​នេះ​នឹង​អាច​ចេញ​រូបរាង​ជា​ផ្លូវការ​នោះ​។ 
 
​សូមបញ្ជាក់ថា គោលដៅ​សំខាន់​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នេះ​គឺ​ធានាថា ពិភពលោក​នឹង​អាច​កម្រិត​កំណើត​សីតុណ្ហភាព​ត្រឹម ២ អង្សារ ឬ​ត្រឹម ១,៥​អង្សា​ធៀប​នឹង​កម្រិត​មុន​សម័យ​ឧស្សាហកម្ម (pre-industrial level) នៅត្រឹម​ឆ្នាំ ២១០០ បើសិនជា​អាចទៅរួច​។ បើសិនជា​ពិភពលោក​លោក​មិនអាច​ទប់ស្កាត់​ការកើនឡើង​សីតុណ្ហភាព​ត្រឹម​កម្រិត​ខាងលើ​ទេ ពិភពលោក​នឹងត្រូវ​ប្រឈម​គ្រោះមហន្តរាយ​ធំ​មិន​ខាន​។ 
 
​ដើម្បី​សម្រេច​គោលដៅ ប្រជាជាតិ​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​បាន​ប្តេជ្ញាចិត្ត​ក្រោម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ដើម្បី​កៀងគរ​វិភាគទាន​ទាំង​ឯកជន​និង​សាធារណៈ​ឲ្យ​បាន​សរុប​១០០​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២០ ដើម្បី​ជួយ​គាំទ្រ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​និង​ប្រទេស​ងាយ​រងគ្រោះ​ខ្លាំង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។​
 

Tag:
 ​ប្រែប្រួល​អាកាសធាតុ​
  ប៉ូឡូញ​
  COP24
  កិច្ចព្រមព្រៀង​ក្រុងប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com