អន្តរជាតិ
​អ្នកដំណើរ​ម្នាក់​បង្ហោះ​រូប Selfie ហើយ​សរសេរ​ពាក្យ «​ភេរ​វករ​» ត្រូវបាន​ឃាត់ខ្លួន​ជិត​១០​ម៉ោង​
04, Dec 2018 , 9:59 pm        
រូបភាព
ដោយ: ធីតា
​វា​ជាការ​លេងសើច​ដែល​មិនត្រូវ​ពេលវេលា​សម្រាប់​អ្នកដំណើរ​ជនជាតិ​ឥណ្ឌា​ម្នាក់​ក្នុង​ដំណើរ​ពី​ក្រុង​កាល់​គូ​តា ឆ្ពោះទៅ​ក្រុង​បុ​ម​បៃ​តាមរយៈ​ជើងហោះហើរ​មួយ​របស់​ក្រុមហ៊ុន Jet Airways​។ នៅមុន​ចេញដំណើរ គេ​បាន​បង្ហោះ​រូបថត Selfie របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម Snapchat ដោយ​សរសេរ​ពាក្យ « terrorist» (​ភេរ​វករ​) នៅលើ​នោះ​។

 
​អ្នកដំណើរ​ឈ្មោះ Yogvedant Poddar ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ​អស់​រយៈពេល​ជិត​១០​ម៉ោង​។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន មន្ត្រី​អាកាសយានដ្ឋាន បាន​អះអាងថា Poddar បានធ្វើ​សកម្ម​ភាពមិនប្រក្រតី​នៅលើ​យន្តហោះ ពោលគឺ​ការប្រើប្រាស់​ពាក្យ «​ភេរ​វករ​» ដែលជា​ផ្នែក​មួយ​នៃ​ការគំរាមកំហែង​សន្តិសុខ​។​
 
Poddar បាន​ថត Selfie ជាមួយនឹង​ចំណងជើង​រូប​ថា «Terrorist on flight, I destroy women's hearts» (​ភេ​វរ​ករ​នៅលើ​ជើងហោះហើរ ខ្ញុំ​បំផ្លាញ​បេះដូង​នារី​)​។ ឃើញបែបនេះ អ្នកដំណើរ​ម្នាក់ទៀត​ដែល​អង្គុយ​នៅក្បែរ បាន​រាយការណ៍​ទៅ​បុគ្គលិក​យន្តហោះ​។​
 
​នៅ​ចំពោះមុខ​សមត្ថកិច្ច Poddar អាយុ​២១​ឆ្នាំ បាន​អះអាងថា គេ​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​នោះឡើយ តែ​វា​គ្រាន់តែ​ជាការ​សរសេរ​ដើម្បី​លេងសើច​ជាមួយ​មិត្តភក្តិ​នៅលើ​បណ្តាញ​សង្គម Snapchat តែប៉ុណ្ណោះ​។​
 
​ក្រោយ​ការសាកសួរ​ជិត​១០​ម៉ោង មន្ត្រីប៉ូលិស​ជាន់ខ្ពស់​នៅ​កាល់​គូ​តា រក​មិនឃើញ​ភស្តុតាង​ណាមួយ​ឡើយ ហើយ​ទីបំផុត​ទើប​សម្រេច​ដោះលែង និង​អនុញ្ញាត​ឲ្យ​យុវជន Poddar ជិះ​ជើងហោះហើរ​ថ្មី​ឆ្ពោះទៅ​ក្រុង​បុ​ម​បៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com