ឯកអគ្គរដ្ឋទូត​អឺរ៉ុប ៖ នយោបាយ​កម្ពុជា​កំពុង​បោះជំហាន​វិជ្ជមាន ដែលជា​ផ្នែក​សំខាន់​នៃ​EBA
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកអគ្គរដ្ឋទូត​អឺរ៉ុប ៖ នយោបាយ​កម្ពុជា​កំពុង​បោះជំហាន​វិជ្ជមាន ដែលជា​ផ្នែក​សំខាន់​នៃ​EBA
04, Dec 2018 , 9:59 pm        
រូបភាព
សៀមរាប​៖ ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា វាយតម្លៃថា នយោបាយ​កម្ពុជា​កំពុង​បោះជំហាន​វិជ្ជមាន​ទៅមុខ ដែល​វា​ជា​ផ្នែក​សំខាន់​មួយ នៃ​ដំណើរការ​នីតិវិធី​ដក​ឬ មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everything But Arms)​ពី​កម្ពុជា​។ ការលើកឡើង​របស់​ទូ​ត​អឺរ៉ុប​នេះ ធ្វើឡើង​ស្របពេល​រដ្ឋសភាជាតិ​ក​ម្ពុ​ជា​កំពុង​សិក្សា​ពិនិត្យ​បញ្ញត្តិ​ច្បាប់​ផ្សេងៗ ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បម្រាម​សកម្មភាព​នយោបាយ អាច​ចាប់ផ្តើម​សកម្មភាព​នយោបាយ​ខ្លួន​ឡើងវិញ​។​

 
​ដ្បិត​រដ្ឋសភា​កំពុង​ពិនិត្យ​ផ្លូវច្បាប់​ក្តី ប៉ុន្តែ​វា​ក៏​ជាស​ញ្ញា​ល្អ​មួយ​នៅក្នុង​នយោបាយ​កម្ពុជា ។ ហើយ​អ្វីដែល​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ផ្លូវ​ដំណោះស្រាយ​នយោបាយ​ដោយ​ខ្លួនឯង​នេះ គឺ​ដូចជា​អ្វីដែល​សហភាព​បាន​អំពាវនាវ និង​ចង់​ឲ្យ​កើតឡើង​ដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក George Edgar ដែល​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ស្ថានការណ៍​វិវត្តន​យោ​បាយ​នៅ​កម្ពុជា ។​
 
​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ពី​ក្រុមហ៊ុន​វិនិយោគទុន​របស់​អឺរ៉ុប ចំនួន​បួន នៅ​ខេត្តសៀមរាប ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា​រូបនេះ បាន​វាយតម្លៃ​ដូច្នេះ​ថា​៖« នេះ​ជាការ​បោះជំហាន ជា​វិជ្ជមាន​មួយ ពីព្រោះ​ការបារម្ភ​ដែល​កើតឡើង នៅពេលដែល​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ត្រូវបានធ្វើ​វិសោធនកម្ម កាលពី​លើក​មុន​នោះ ពុំមាន​បញ្ញត្តិ​ណាមួយ ដែល​និយាយ​អំពី​នីតិវិធី​ប្ដឹងតវ៉ា បន្ទាប់ពី​អ្នកនយោបាយ ឬ​បុគ្គល​ណា​ម្នាក់ ត្រូវ​បានទទួល​បម្រាម​មិន​ឲ្យ​ចូលប្រឡូក ក្នុង​នយោបាយ​…​។ ហើយ​យើង​សង្ឃឹមថា អ្វីដែល​បង្ហាញ​ពី​ផល​វិជ្ជមាន​នេះ នឹង​ប្រែ​ក្លាយទៅជា​ការអនុវត្ត​ជាក់ស្ដែង​»​។​
 
​និយាយ​បែបនេះហើយ លោក Edgar ក៏​បន្ត​លើក​ពី​ផ្នែក​ច្បាប់​ដោយ​ប្រយោល ស្របពេល​រដ្ឋសភា ដែល​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់ ត្រង់​មាត្រា​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថា ការធ្វើ​ច្បាប់​ត្រូវ​ចែង​ឲ្យ​បាន​ច្បាស់​ពី​ការដាក់ទោស និង​ការបើកផ្លូវ​ឲ្យ​នរណាម្នាក់​តវ៉ា​ផង ពោលគឺ​មិនមែន​ចែងច្បាប់ ក្នុង​គោលបំណង​កៀបសង្កត់​គេ​នោះទេ​។ 
 
«​គោលការណ៍​ច្បាប់​ទាំងឡាយ​ណាក៏ដោយ ដែល​ដាក់ទោស​អ្វីមួយ គួរតែ​ចែង​ផងដែរ អំពី​នីតិវិធី​ដើម្បី​តវ៉ា ទៅនឹង​ការដាក់ទោស​ទាំងអស់នោះ​។​យើង​ក៏បាន​កត់សម្គាល់​ផងដែរ ចំពោះ​ការប្រកាស​របស់​រាជរ​ដ្ឋា​ភិ​បាល កាលពី​ម្សិលមិញ​ផ្ដោតលើ​ផ្នែក​ជាច្រើន ដែល​ផ្នែក​ទាំងអស់នេះ ជា​អ្វីដែល​សហភាព​អឺរ៉ុប និង​អ្នកពាក់ព័ន្ធ​ដទៃទៀត បានបង្ហាញ​ពី​ការព្រួយបារម្ភ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Edgar​។​
 
​ភ្ជាប់​ជាមួយ​សំនួរ​ទាក់ទង​នយោបាយ​កម្ពុជា​នេះ អ្នកកាសែត​ក៏បាន​សួរ​រឿង​នីតិវិធី​ដក​ឬ មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ ស្ថិតនៅក្នុង​កាលៈទេសៈ​នេះ លោក George Edgar មិនទាន់​ហ៊ាន​បកស្រាយ និង​សន្និដ្ឋាន​ច្បាស់​ការណ៍ ដោយ​ត្រឹមតែ​ឃើញ​ពី​ស្ថានភាព​នយោបាយ​ប្រែប្រួល​នេះឡើយ ។ ប៉ុន្តែ​អ្វីដែល​លោក Edgar អាច​បង្ហើប​បាន​នោះ​គឺថា ចំណុច​សំខាន់​នៃ​នីតិ​វិធីដក​ឬ មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា គឺ​អាស្រ័យ​លើ​ស្ថានការណ៍​នយោបាយ​កម្ពុជា​។​
 
​តាមរយៈ​អ្នកបកប្រែ លោក George Edgar បាន​និយាយ​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន​គឺ​នៅមាន​ការ បន្ត​ទំនាក់ទំនង​គ្នា រវាង​មន្ត្រីជាន់ខ្ពស់​របស់​សហ​ភាព​អឺរ៉ុប​និង​មន្ត្រីជាន់ខ្ពស់ ពី​ខាង​រាជរដ្ឋាភិបាល​កម្ពុជា​។ បច្ចុប្បន្ននេះ​កំពុងមាន​ការពិភាក្សា​ពី​បញ្ហា​ដែល​ត្រូវ បានលើកឡើង​ដោយ​សហភាព​អឺរ៉ុប ហើយ​បញ្ហា​ទាំងអស់នេះ​គឺពាក់ព័ន្ធ​កិច្ចព្រមព្រៀង មួយ​ដែល​ដាក់ចេញ នូវ​លក្ខខណ្ឌ​ដល់​ប្រទេស ដែល​ចង់បាន​EBA​ត្រូវបំពេញ​ទៅតាម​។ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​វែងឆ្ងាយ​ពី​បរិបទ​នេះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​គិតថា បរិបទ​នេះ ការប្រកាស​របស់​រដ្ឋា​ភិ​បាល កាលពី​ម្សិលមិញ ការប្រកាស​របស់​រដ្ឋ​សភា​កាលពី​ម្សិលមិញ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​»​។​
 
អត្ថបទទាក់ទង
 
 
EBA (Everything But Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះ ហើយ​តែងតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។ បច្ចុប្បន្ន​សហភាព​អឺរ៉ុប កំពុង​អនុវត្ត​នីតិវិធី​នៃ​ការសម្រេច​ដក​ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ត្រូវ​ប្រើ​រយៈពេល​១​ឆ្នាំ ដើម្បី​ប្រមូល​ព័ត៌មាន និង​ពិនិត្យ​វាយតម្លៃ មុននឹង​សម្រេច​ចុងក្រោយ​។​
 
​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃទី​៣ ខែធ្នូ បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​វិធានការ​នានា​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហរ​នយោបាយ​។ ក្រោយ​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល មិនបាន​ប៉ុន្មាន​ម៉ោង​ផង រដ្ឋសភា ក៏​ប្រកាស​ពី​ការសិក្សា​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នក​ដែល​ត្រូវ​ហាមឃាត់​ក្នុង​ការធ្វើ​នយោបាយ អាច​ត្រឡប់មក​ធ្វើ​នយោបាយ​ឡើងវិញ តាមរយៈ​សំណើ​របស់​តំណាងរាស្ត្រ​៨៧​រូប ៕

Tag:
 George Edgar
  អឺរ៉ុប​
  EBA
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com