ជាតិ
គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​គ្រោង​ធ្វើ​សវនាការ​លើ​សំណើ​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​
05, Dec 2018 , 7:59 pm        
រូបភាព
រូបឯកសារ៖ លោក​ W. Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក(​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍) ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​អំពីទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី​ ២៥​ ខែ​មេសា​ ឆ្នាំ២០១៧​។ (ខាន់​ សុ​គុំ​មនោ/VOA)
រូបឯកសារ៖ លោក​ W. Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក(​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍) ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​អំពីទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី​ ២៥​ ខែ​មេសា​ ឆ្នាំ២០១៧​។ (ខាន់​ សុ​គុំ​មនោ/VOA)
ដោយ: VOA
​វ៉ាស៊ីនតោន ៖គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃ​អង្គារ​នេះ គ្រោង​នឹង​បើកសវនាការ​លើ​សំណើ​របស់​សេត​វិមាន​ក្នុងការ​តែងតាំង​លោក W. Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា ក្រោយពី​លោក William A. Heidt បានបញ្ចប់​អាណត្តិ​ផ្លូវការ​របស់លោក​កាលពី​សប្ដាហ៍​មុន​។​

 
​លោក W. Patrick Murphy បច្ចុប្បន្ន​គឺជា​ឧបការី​រង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។​
 
​មុន​មកកាន់​ដំណែង​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក លោក​W. Patrick Murphy ធ្លាប់​ធ្វើជា​ភារធារី​និង​អនុប្រធាន​បេសកកម្ម​ការទូត​ប្រចាំ​ប្រទេស​ថៃ ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៦ និង​ប្រទេស​ឡេ​សូ​តូ ដែល​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០០៨​។ នេះ​បើ​យោងតាម​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។​
 
​អ្នកជំនាញ​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​ឆ្នាំ​រូបនេះ បានបញ្ចប់​កិច្ច​ការទូត​របស់លោក​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​ដូចជា​ភូមា ចិន អ៊ីរ៉ាក់ ហ្គី​ណេ​និង​ម៉ាលី ចាប់តាំងពី​លោក​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួងការបរទេស​អាមេរិក​តាំងពី​ឆ្នាំ​១៩៩២​មក​។​
 
​លោក W. Patrick Murphy បានធ្វើ​ដំណើរ​ជាច្រើន​ដង​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​គ្រាន់តែ​ឆ្នាំ​២០១៧​កន្លងទៅនេះ លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​យ៉ាង​ហោចណាស់​ពីរដង​នៅ​កម្ពុជា​។​
 
​អ្នកការទូត​ចាស់វស្សា​រូបនេះ ទទួលបាន​សញ្ញាប័ត្រ​ថ្នាក់អនុបណ្ឌិត​ខាង​ទំនាក់ទំនង​អន្តរជាតិ​ពី​សាកលវិទ្យាល័យ Johns Hopkins University និង​សញ្ញាប័ត្រ​ថ្នាក់អនុបណ្ឌិត​ខាង​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ពី​មហាវិទ្យាល័យ National War College​។ នេះ​បើ​ផ្អែក​តាម​ប្រវត្តិរូប​សង្ខេប​របស់លោក​ដែល​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។​
 
​លោក​ឯកអគ្គរដ្ឋទូត William A. Heidt បាន​ថ្លែង​ក្នុង​បទ​វិចារ​មួយ​ដែល​ត្រូវបាន​បង្ហោះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក មុន​បញ្ចប់​បេសកកម្ម​ការទូត​ជា​ផ្លូវការ​របស់លោក​នៅ​កម្ពុជា យ៉ាង​ដូច្នេះ​ថា​៖
 
«​លោក Patrick គឺជា​បេក្ខជន​តែងតាំង​ដ៏​ល្អ​បំផុត​។ លោក​មាន​ប្រវត្តិ​លេចធ្លោ​នៅក្នុង​ការងារ ស្គាល់​តំបន់​អាស៊ីអាគ្នេយ៍​ច្បាស់ ហើយ​ដឹង​ពី​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក​នៅក្នុង​តំបន់​នេះ​យ៉ាងច្បាស់​»​។​
 
​បន្ទាប់ពី​សាកសួរ​លោក W. Patrick Murphy រួចហើយ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក នឹង​បញ្ជូន​សំណើ​តែងតាំង​នេះ ទៅកាន់​ព្រឹទ្ធសភា​អាមេរិក​ទាំងមូល ដើម្បី​បោះឆ្នោត អនុម័ត​។​
 
​ប្រសិនបើ​សំណើ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​នេះ ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​មែន​នោះ លោក W. Patrick Murphy នឹង​ទៅ​ជំនួស​លោក William A. Heidt សម្រាប់​អាណត្តិ​រយៈពេល​៣​ឆ្នាំ​បន្ទាប់​ទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com