ជាតិ
ថ្នង​ជ្រុង ជា​ឧបករណ៍​នេសាទ​ខ្នាតតូច​លក្ខណៈ​គ្រួសារ ប្រើ​កម្លាំង​មនុស្ស
05, Dec 2018 , 7:19 pm        
រូបភាព
 ប្រជា​នេសាទ កំពុង​នេសាទ​ត្រី​ដោយ​ប្រើ​ថ្នង​ជ្រុង នៅក្នុង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា​
ប្រជា​នេសាទ កំពុង​នេសាទ​ត្រី​ដោយ​ប្រើ​ថ្នង​ជ្រុង នៅក្នុង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ឧបករណ៍​នេសាទ​ខ្នាតតូច ជា​លក្ខណៈ​គ្រួសារ​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​បាន​ប្រើប្រាស់​ជា​យូរណាស់​មកហើយ​។ ជាពិសេស អ្នករស់នៅ​ជុំវិញ​បឹង​ទន្លេសាប ទន្លេសាប ទន្លេបាសាក់ ទន្លេមេគង្គ និង​តាម​តំបន់​វាលទំនាប​លិច​ទឹក​។ ថ្នង​ជ្រុង ផ្គុំ​ឡើង​ដោយមាន​ឈើ​សម្រាប់​ធ្វើជា​ដៃ​កាន់​មួយ ភ្ជាប់​ជាមួយនឹង​ឫស្សី​ពីរ​ដើម ដែល​ពត់​ជា​រាង​ស្នែងក្របី ដើម្បី​ធ្វើជា​ឆ្អឹង​ចងភ្ជាប់​សំណាញ់​ថង​។

 
​ថ្នង​ជ្រុង មាន​សណ្ឋាន​ខុសប្លែកគ្នា​ទៅតាម​សម្ភារៈ​ដែល​គេ​យកមក​ផ្គុំ​វា​ឡើង ព្រមទាំង​ទំហំ និង​រូបរាង​ផងដែរ​។ តួ​ថ្នង​ទាំងមូល ក៏មាន​ប្រវែង​ខុសៗ​ដែរ មាន​ចាប់ពី ១.៥ ទៅ ៣ ម៉ែត្រ​។ ប្រវែង​ឈើ​ដៃ​ថ្នង គេ​អាច​កែសម្រួល​តាម​តម្រូវការ និង​ស្ថានភាព​។ ចំពោះ​ក្រឡា​សំណាញ់ និង​ទំហំ​សំណាញ់ គឺ​ត្រូវ​សម្រប​ទៅតាម​ប្រភេទ​ត្រី​ដែល​គេច​ង់​នេសាទ និង​ស្ថានភាព​ទីកន្លែង​ផងដែរ​។​
 
​ជាទូទៅ ថ្នង​ជ្រុង គឺជា​ឧបករណ៍​នេសាទ ដែល​ប្រើប្រាស់​កម្លាំង​មនុស្ស​ទាំងស្រុង​។ អ្នកនេសាទ អាច​ប្រើប្រាស់​វា ដង​ចាប់​ត្រី​នៅលើ​ទូក ដូច​មាន​រូបភាព​បង្ហាញ​ខាងលើ​ស្រាប់ ដែល​តម្រូវ​ឲ្យ​មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ជា​អ្នក​ចែវ​ទូក ម្នាក់ទៀត​ជា​អ្នក​ដង​ចាប់​ត្រី​។ អ្នកនេសាទ ក៏​អាច​ប្រើប្រាស់​ឧបករណ៍​ថ្នង​នេះ លើ​ស្ពាន ដែល​គេ​បោះ​នៅ​មាត់ច្រាំង​ទន្លេ​បាន​ផងដែរ​។ ថ្នង ដែលមាន​ទំហំ​តូច គេ​ក៏​អាច​ប្រើប្រាស់​វា សម្រាប់​នេសាទ​ត្រី​នៅតាម​ទឹក​រាក់ៗ អូរ បឹង និង​វាលស្រែ​បាន​ផងដែរ​។ 
 
​គេ​អាច​នេសាទ​ត្រី​ចម្រុះ​ប្រភេទ ដោយ​ប្រើ​ឧបករណ៍​នេសាទ​ថ្នង​ជ្រុង​នេះ  ដូចជា​៖ ត្រី​រៀល (Gymnostomus spp.); ត្រី​បណ្តូល​អំពៅ (Clupeichthys aesarnensis); ត្រី​កញ្ជ្រូក (Yasuhikotakia spp.);  ត្រី​ស្លឹក​ឫស្សី (Paralaubuca typus); ត្រី​ខ្មាន់ (Hampala dispar); ត្រី​ឆ្ពិន​ប្រាក់ (Barbonymus gonionotus); ត្រី​ក្រឡង់​-​ត្រី​ព្រួល (Cirrhinus micropeltes) និង​ត្រី​ឆ្កោក (Cyclocheilos enoplos)​។​ល​។ 
 
​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ការកាប់ និង​ដុតបំផ្លាញ​ព្រៃឈើ​លិច​ទឹក ដើម្បី​យក​ដី​ធ្វើ​កសិកម្ម ការនេសាទ​ហួស​កម្រិត និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប និង​នៅតាម​ប្រព័ន្ធ​ដៃទន្លេ​ផ្សេងៗ        ជាពិសេស​ក្នុង​រដូវ​ពង​-​កូន និង​ធំ​លូតលាស់​របស់​ត្រី បានធ្វើ​ឲ្យ​មានការ​ធ្លាក់ចុះ​កំណើន​ត្រី​គ្រប់​ប្រភេទ​។ ជា​លទ្ធផល អ្នកនេសាទ​ទាំងពីរ​នាក់​នេះ អាច​ចាប់​ត្រី​បាន​តិចតួច​បំផុត ប្រហែល​១-៣​ក្រាម​ប៉ុណ្ណោះ ឬក៏​គ្មាន ពេល​គាត់​លើក​ថ្នង​ក្នុង​មួយ​លើក នា​រដូវ​នេសាទ ក្នុង​ខែធ្នូ​នេះ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com