អន្តរជាតិ
ក្រុង​ប៉េកាំង​ចេញ​វិធានការ​ក្តៅ​បង្ក្រាប​បុគ្គល​ឬ​ក្រុមហ៊ុន​បំពាន​កម្មសិទ្ធិបញ្ញា ក្រោយ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​
05, Dec 2018 , 2:11 pm        
រូបភាព
​បន្ទាប់ពី​មានការ​ឯកភាពគ្នា​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម និង ជំរុញ​ការចរចា​គ្នា​ដើម្បី​ឈានទៅ​បញ្ចប់សង្គ្រាម​ជាមួយ​អាមេរិក​ជា​អចិន្ត្រៃយ៍ ក្រុង​ប៉េកាំង​បាន​ដាក់ចេញ​វិធានការ​ក្តៅ​ដើម្បី​ដាក់ទណ្ឌកម្ម​រាល់​ជន​ដែល​បំពាន​កម្មសិទ្ធិបញ្ញា​។ វា​ជា​ជំហាន​ថ្មី​មួយទៀត​ប្រកបដោយ​ភាព​វិជ្ជមាន​ក្នុងការ​គាំពារ​កម្ម​សិ​ទិ្ធ​បញ្ញា ប៉ុន្តែ​វា​កើតឡើង​ក៏​ដោយសារ​សម្ពាធ​របស់​ក្រុង​វ៉ាស៊ីនតោន​។​


 
​អាជ្ញាធរ​ចិន​នៅ​ថ្ងៃ​អង្គារ​ទី ៤ ខែធ្នូ​បានសម្រេច​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​ថ្មីៗ​ថែមទៀត​ដើម្បី​ដាក់​ប​ង្រា្ក​ប​រាល់​ជន​ដែល​រំលោភ​កម្មសិទ្ធិ​ប​ញ្ញ​ធ្ងន់ធ្ងរ​។ វា​ទំនងជា​វិធីសាស្ត្រ​ថ្មី​ក្នុងការ​សម្របសម្រួល​ជាមួយ​សហរដ្ឋអាមេរិក​ដែល​បន្ត​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​បង្ក្រាប​ការរំលោភ​កម្ម​សិទ្ធ​បញ្ញា​ដែរ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP វិធានការ​ដោះស្រាយ​ការបំពាន​កម្មសិទ្ធិបញ្ញា​នេះ​ត្រូវបាន​ដាក់ចេញ​រួមគ្នា​ដោយ​គណៈកម្មការ​កែទម្រង់​និង​អភិវឌ្ឍន៍​ជាតិ និង​នាយកដ្ឋាន​ចម្រុះ​ចំនួន ៣៧ ក្នុង​រដ្ឋាភិបាល​ចិន​។ 
 
​ក្រោម​វិធានការ​ថ្មី​នេះ អាជ្ញាធរ​ចិន​នឹង បង្កើត​ប្រព័ន្ធ​ឥណទាន​សង្គម​នៃ​ការ​គាំពារ​កម្មសិទ្ធិបញ្ញា ហើយ​ប្រព័ន្ធ​នេះ​នឹងមាន​ចុះផ្សាយ​បញ្ជី​ថ្នាក់ជាតិ​ដែលមាន​ប្រវត្តិរូប​របស់​អ្នករំលោភ​កម្មសិទ្ធិបញ្ញា​ធ្ងន់ធ្ងរ និង​ត្រូវ​ទទួលរង​ការដាក់ពិន័យ​ច្រើន​ប្រភេទ​ផង​។ ជន​ឬ​ក្រុមហ៊ុន​ដែលមាន​ប្រវត្តិរូប​ធ្លាប់​រំលោភ​កម្មសិទ្ធិបញ្ញា​មាន​ចុះ​ក្នុង​បញ្ជីខ្មៅ​នេះ នឹងត្រូវ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដែលមាន​ដូចជា ការហាមឃាត់​ការទិញ​អចល​ទ្រព្យ​, លែង​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពីរ​ដ្ឋ​, មិនអាច​ចុះបញ្ជី​ឬ​ការពារ​ប្រកាសនីយបត្រ​តក្កកម្ម រួម​ទាំ​ត្រូវ​ហាមឃាត់​ការធ្វើដំណើរ​កម្សាន្ត​នៅ​បរទេស​ជាដើម​។​
 
​ការសម្រេច​ដាក់ចេញ​ចំណាត់ការ​ក្តៅ​បន្ថែម​របស់​រដ្ឋាភិបាល​ចិន​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង និង​សម​ភាគី​អាមេរិក​ជួបពិភាក្សា​គ្នា​នៅក្រៅ​កិច្ចប្រជុំ​ប្រទេស​ម្ភៃ G20 និង​បាន​ឯកភាពគ្នា​ផ្អាក​សង្គ្រាម​ពន្ធ​បណ្តោះអាសន្ន​ក្នុងពេល ៩០​ថ្ងៃ​ដើម្បី​ចរចា​គ្នា​សិន​។ ចំណុច​ចម្រូងចម្រាស​និង​សំខាន់​នៃ​ការចរចា​ទៅមុខ​គឺ ការការពារ​កម្មសិទ្ធិ​បញ្ញា​នេះឯង​។ 
 
​ពេល​បំពេញ​ទស្សនកិច្ច​នៅ​អេ​ស្ប៉ា​ញ លោក ស៊ី ក៏បាន​បង្ហាញ​ការប្តេជ្ញាចិត្ត​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​កម្មសិទ្ធិបញ្ញា​នេះ​ឲ្យ​អស់ពី​សមត្ថភាព​ដែរ​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ សេត​វិមាន​អាមេរិក​ក៏បាន​បង្ហើប​ដែរ​ថា ភាគី​ចិន​និង​អាមេរិក​បាន​ឯកភាពគ្នា​ចរចា​ធានា​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​ដុំកំភួន​ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​ដែល​អាច​ជំរុញ​ការការពារ​កម្មសិទ្ធិបញ្ញា​នៅ​ចិន​។ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ ផ្សាយ​ថា ការដាក់ចេញ​វិធាន​បន្ថែម​ការការពារ​កម្មសិទ្ធិបញ្ញា​នេះ​ជាការ​ផ្តល់​តម្លៃ​លើ​សហគ្រិន​ភាព និង​ការច្នៃប្រឌិត​ថ្មី​ដែលជា​កម្លាំងចលករ​ស​ម្រា​ប់​ការអភិវឌ្ឍ​។​
 
​តាំងពី​ខែ កក្កដា ប្រធានាធិបតី ត្រាំ បានសម្រេច​ដាក់​ដំឡើង​ពន្ធ​ប្រឆាំង​ទំនិញ​ចិន​រាប់រយ​ពាន់​លាន​ដុល្លារ ដោយ​រដ្ឋបាល​អាមេរិក​នេះ​អះអាងថា វា​ជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​ចោរលួច​កម្មសិទ្ធិបញ្ញា ដ្បិត​អាមេរិក​ខាត​បង់លុយ​ប្រហែល ៦០០ ពាន់​លាន​ដុល្លារ​មួយឆ្នាំ​។ ប៉ុន្តែ​ជានិច្ច​ជា​កាល រដ្ឋាភិបាល​ចិន​តែងតែ​បដិសេធ​។​
 
​អាជ្ញាធរ​ចិន​កន្លងមកនេះ​ក៏បាន​បង្កើន​ការគាំទ្រ​សមត្ថភាព​ការពារ​កម្មសិទ្ធិបញ្ញា​នេះ​ដូចគ្នា និង​ថែមទាំង​បាន​បង្កើត​តុលា​ការជំនាញ​កម្មសិទ្ធិ​បញ្ញា​ដែល​តាម​យុត្តាធិការ​ដោះស្រាយ​តែ​បញ្ហា​ដូចជា ប្រកាសនីយបត្រ​តក្កក​ម្ម​, សិទ្ធិ​អ្នកនិពន្ធ និង​ការបំពាន​លើ​ម៉ាក​ឬ​ពាណិជ្ជ​នាម​ជាដើម​។​
 
​ការ​ឈានទៅ​ពង្រឹង​វិធាន​ការការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ចិន​អាចពាក់ព័ន្ធ​នឹង​ហេតុផល​សំខាន់​បីយ៉ាង​។ ចំណុច​ទីមួយ ចិន​ចង់​ធានា​ឲ្យ​បាន​នូវ​ការទាក់ទាញ​ទុនវិនិយោគ​បរទេស​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​។ ទី​ពីរ ដោយសារ​ខ្លួន​មិនមែនជា​ប្រទេស​ក្រីក្រ ចិន​ត្រូវ​ព្យាយាម​បង្កើន​ទំនុកចិត្ត​ពាណិជ្ជកម្ម​ជាមួយ​ដៃគូរ​រកស៊ី​បរទេស​។ បើ​គ្មាន​ការគោរព​កម្មសិទ្ធិ​បញ្ហា​ទេ វា​ប្រាកដ​ណាស់​ថា គ្មាន​អ្នកណា​ចង់​បន្ត​រកស៊ី​ជាមួយ​ចិន​ឡើយ​។ ទី​បី ចិន​ចង់​ធ្វើ​កែប្រែ​សង្គម​ចិន​ពី​រោងចក្រ​លួច​ចម្លង​ទៅជា​ប្រភព​នៃ​«​ចំណេះដឹង គំនិត និង​ការច្នៃប្រឌិត​ថ្មី​»​វិញ​៕
 

Tag:
 ​អាមេរិក​
  ចិន​
  កម្មសិទ្ធិបញ្ញា​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com