ជាតិ
សាស្ត្រាចារ្យ​ជប៉ុន​ទទួល​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រី​ខ្លួន​លើ​ការថែរក្សា​បេតិកភណ្ឌ​ខ្មែរ​
05, Dec 2018 , 3:31 pm        
រូបភាព
សាស្ត្រាចារ្យជនជាតិជប៉ុន លោក Takeshi Nakagawa ។ រូបថត ស្ថានទូតជប៉ុន
សាស្ត្រាចារ្យជនជាតិជប៉ុន លោក Takeshi Nakagawa ។ រូបថត ស្ថានទូតជប៉ុន
​ភ្នំពេញ​៖ សាស្ត្រាចារ្យ​ជនជាតិ​ជប៉ុន លោក Takeshi Nakagawa ទទួលបាន​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន លើ​ការថែរក្សា​បេតិកភណ្ឌ​កម្ពុជា ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការពង្រឹង​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​-​ជប៉ុន​។​

 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន លោក Takeshi Nakagawa ដែលជា​សហប្រធាន​គម្រោង​ជប៉ុន​-​អប្សរា​ការពារ​ប្រាសាទ​អង្គរ (JASA) ទទួលបាន​លិខិត​សរសើរ ពី​រដ្ឋមន្ត្រីការបរទេស​ជប៉ុន កាលពី​ថ្ងៃទី​៣​ធ្នូ ឆ្នាំ​២០១៨​។ លោក​ជា​ស្ថាបត្យករ​លេចធ្លោ និង​ជា​សាស្ត្រាចារ្យ​កិត្តិយស នៃ​សាលា​វិទ្យាល័យ​វ៉ា​សេ​ដា ប្រទេស​ជប៉ុន​។ 
 
​លោក Takeshi Nakagawa បាន​ដឹកនាំ​ក្រុម​រាជរដ្ឋាភិបាល​ជប៉ុន​ស​ម្រា​ប់​ការថែរក្សា​ការពារ​ប្រាសាទ​អង្គរ តាំង​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩៤ និង​បាន​អនុវត្ត​គម្រោង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ព្រមទាំង​បាន​ចូលរួម​ក្នុង​កិច្ចការ​ជួសជុល​បណ្ណាល័យ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និង​ប្រាសាទបាយ័ន​។ លោក ក៏បាន​ធ្វើការ​ស្រាវជ្រាវ​បឋម​លើ​ប្រាសាទព្រះវិហារ និង​ការអភិរក្ស​តំបន់​សំបូរ​ព្រៃ​គុក​ផងដែរ​។​
 
​ចាប់ពី​ឆ្នាំ​២០០៥ គម្រោង​ជួសជុល​ប្រាសាទបាយ័ន​ត្រូវបាន​អនុវត្ត​រួមគ្នា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​JASA ។ គម្រោង​នេះ បាន​ចូលរួម​បង្កើន​សមត្ថភាព​អ្នកបច្ចេកទេស​ជាច្រើនរូប​៕

Tag:
 ជប៉ុន​
  សាស្ត្រាចារ្យ​
  បេតិកភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com