អន្តរជាតិ
អ៊ីរ៉ង់​គំរាម​បិទ​ជ្រោយ​យុទ្ធសាស្ត្រ Hormuz ជាថ្មី បើ​អាមេរិក​បិទ​ការនាំចេញ​ប្រេង​របស់ខ្លួន​ទាំងស្រុង​
05, Dec 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​គំរាម​បិទ​ជ្រោយ Hormuz ដែលជា​ច្រក​ពាណិជ្ជកម្ម​ប្រេង​ដ៏​សំខាន់​ភ្ជាប់​ពីរ​ដ្ឋ​ឈូង​សមុទ្រ​ពែ​ក្យ​ទៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​និង​សមុទ្រ​អារ៉ាប់ ជាថ្មី​ម្តងទៀត​នៅ​សប្តាហ៍​នេះ​។ ការ​គំរាម​បិទ​ជ្រោយ​នេះ​គឺជា​សារ​មួយ​ផ្ញើ​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​ដែល​ព្យាយាម​ហ៊ុមព័ទ្ធ​និង​កាត់ផ្តាច់​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នោះ​។



អត្ថបទទាក់ទង
 
 
«​គ្មាន​ប្រេង​ហូរ​ចេញ​ទៅរួច​ពី​ឈូង​សមុទ្រ​ពែ​ក្យ​ឡើយ បើសិនជា​អាមេរិក​ហ៊ាន​បិទ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​ទាំងស្រុង​ទៅ​ទីផ្សារ​អន្តរជាតិ​»​។ នេះ​ជា​សារ​ព្រមាន​ដ៏​ធ្ងន់​មួយ​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី ផ្ញើ​ទៅកាន់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​អង្គារ​ទី ៤ ខែធ្នូ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP សារ​របស់លោក រូ​ហា​នី ធ្វើឡើង​ក្រោយ​ពេលដែល​អាមេរិក​អះអាងថា ទណ្ឌកម្ម​របស់ខ្លួន​កំពុងមាន​ផ្លែផ្កា​ក្នុងការ​កាត់ផ្តាច់​រាល់​ការនាំ​ប្រេង​ចេញ​របស់​អ៊ីរ៉ង់​ដែរ​។ កាលពី​ខែសីហា​កន្លងមក អ៊ីរ៉ង់​ធ្លាប់​គំរាម​បិទ​ជ្រោយ Hormuz ម្តង​ដែរ ដែល​ការ​គំរាម​នេះ​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​ថា អាមេរិក​អាច​នឹង​ប្រើប្រាស់​កម្លាំង​ឆ្លើយតប​វិញ​ផងដែរ​។​
 
​ត្រឡប់មកវិញ លោក រូ​ហា​នី និយាយ​បន្ថែមថា អាមេរិក​ត្រូវ​យល់ថា អ៊ីរ៉ង់​កំពុង​លក់​ប្រេង ហើយ​អាមេរិក​មិន​អាចមក​បញ្ឈប់​សកម្ម​ភាព​របស់​អ៊ីរ៉ង់​ឡើយ​។ មេដឹកនាំ​អ៊ីរ៉ង់​នេះ​សង្កត់ធ្ងន់ថា អាមេរិក​ត្រូវ​ថ្លឹងថ្លែង​ជាមុន​ពី​លទ្ធផល​ដែល​នឹង​អាច​កើតមានឡើង​ជាពិសេស​កា​រដឹក​ប្រេង​ឆ្លងកាត់​ឈូង​សមុទ្រ​ពែ​ក្យ បើសិនជា​ខ្លួន​បិទ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​ទាំងស្រុង​នោះ​។​
 
​តាមពិតទៅ​អាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្ម​ឡើងវិញ​ប្រ​ឆាំ​នឹង​ការនាំ​ប្រេង​ចេញ​របស់​អ៊ីរ៉ង់ ប៉ុន្តែ​វា​មានការ​លើកលែង​មួយចំនួន​សម្រាប់​ប្រទេស​មួយចំនួន​ដែល​ទិញ​ប្រេង​ច្រើន​ពី​អ៊ីរ៉ង់ ហើយ​ប្រទេស​ទាំងនោះ​សុទ្ធតែជា​មិត្ត​របស់​អាមេរិក​ផងដែរ​។​
 
​ទាក់ទិន​នឹង​ការ​គំរាម​បិទ​ជ្រោយ Hormuz ជាថ្មីទៀត​នេះ តំណាង​ពិសេស​របស់​ក្រុង​វ៉ាស៊ីនតោន​ទទួលបន្ទុក​កិច្ច​អ៊ីរ៉ង់​លោក Brian Hook បាន​ទាត់ចោល​រាល់​ការគំរាមកំហែង​នានា​។ លោក​បាន​ពន្យល់ថា ជ្រោយ Hormuz ស្ថិតក្នុង​ដែនទឹក​អន្តរជាតិ​ដែល​គ្មាន​ប្រទេស​ណាមួយ​មាន​សិទ្ធិ​បិទ​ឬ​ហាមឃាត់​សេរីភាព​នាវាចរណ៍ លំហូរ​ពាណិជ្ជកម្ម និង​ការហោះហើរ​ឡើយ​។ ដូច្នេះហើយ​អាមេរិក​រួមជាមួយ​ប្រទេស​ជា​ដៃគូ​នឹង​ឆ្លើយតប​បើសិនជា​មានការ​កាត់ផ្តាច់​លំហូរ​ពាណិជ្ជកម្ម ឬ​រារាំង​ការធ្វើ​នាវាចរណ៍​ណាមួយ​នោះ​។​
 
​បើតាម​សារព័ត៌មាន Wall Street Journal ថ្មីៗ​នេះ វ៉ាស៊ីនតោន​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Theodore Roosevelt  អមដោយ​នាវាចម្បាំង​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្យ​ដែរ​បន្ទាប់ពី​បាត់​វត្តមាន​កងទ័ព​អាមេរិក​ទាំងនេះ​អស់​ប្រាំ​មួយខែ​មកនេះ​។ 
 
​យ៉ាងណាក៏ដោយ ការ​គំរាម​បិទ​ជ្រោយ Hormuz របស់​អ៊ីរ៉ង់​បាន​បង្កើត​រឿងចម្រូងចម្រាស​គឺ​ទាក់ទិន​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​។ គេ​ប្រហែលជា​នៅចាំ​រឿងរ៉ាវ​ដែល​ធ្វើ​រុស្ស៊ី​លើកទ័ព​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ តាមពិតទៅ​រុស្ស៊ី​លេប​ត្របាក់​យក​ឧបទ្វីប​គ្រី​មៀ​មិនមែន​រឿង​ចៃដន្យ​ទេ តែ​វា​ជា​រឿង​ភូមិសាស្ត្រ​នយោបាយ​ដូចគ្នា​។ រុស្ស៊ី​មិនអាច​បាត់បង់​គ្រី​មៀ​ដែល​ដែល​ខ្លួន​មាន​តាំង​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​កំពង់ផែ Sevastopol ឡើយ​។ វា​ជា​កំពង់ផែ​ដែល​មិន​កក (Warm Water Port) តែមួយគត់​ដែល​រុស្ស៊ី​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​ភ្ជាប់​ទៅ​សមុទ្រ​ខ្មៅ និង​ឆ្លងទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្នុងពេល​សន្តិភាព ឬ​ពេល​ស​ង្ក្រា​ម​។  
 
​ចំណែក​ជ្រោយ Hormuz គឺ​ដូចគ្នា​។ ឈូង​សមុទ្រ​ពែ​ក្យ​ជា​តំបន់​ដែល​ផលិត​ប្រេង​នាំមុខគេ ហើយ​ផលិត​បាន​ប្រេង ៣០​ភាគរយ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ពិភពលោក​ទាំងមូល​។ ចំណែក​ជ្រោយ Hormuz ដែលមាន​ទំហំ​ប្រហែល ៣៤ គីឡូម៉ែត្រ​ជា​ច្រក​ពាណិជ្ជកម្ម​តាមផ្លូវ​សមុទ្រ​ដ៏​សំខាន់ និង​មរ​មា​ញឹក​បំផុត​មួយ​លើ​ពិភពលោក ដែល​រដ្ឋ​នាំ​ប្រេង​ចេញ​ក្នុង​តំបន់​ដូចជា បា​រ៉ែ​ន​, អ៊ីរ៉ង់​, អ៊ីរ៉ាក់​, គុយ​វ៉ែត​, កាតា​, អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម អេ​មី​រ៉ាត់ ប្រើប្រាស់​ដើម្បី​ជញ្ជូន​ប្រេង​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​រៀងរាល់ថ្ងៃ​។ 
 
​បើតាម​របាយការណ៍រ​ដ្ឋ​បាល​ព័ត៌មាន​ថាមពល​អាមេរិក (EIA) ប្រេង​ប្រហែល ១៧ លាន​បារ៉ែល​ដែល​ស្មើ ៣៥​ភាគរយ​នៃ​ប្រេង​ដែល​ត្រូវ​ដឹកជញ្ជូន​តាម​សមុទ្រ​គឺ​ត្រូវ​ឆ្លងកាត់​ជ្រោយ​នេះ​។ វា​ក៏​ជា​ច្រក​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​ការដឹកជញ្ជូន​ប្រេង​ទៅកាន់​ទីផ្សារ​អាស៊ី​បូព៌ា​ដូចគ្នា​។ របាយការណ៍​ព័ត៌មាន​ថាមពល​អាមេរិក​ឆ្នាំ ២០១៦ ក៏​បង្ហាញថា អាមេរិក​នាំ​ច​ចូល​ប្រេង ១៨​ភាគរយ​ពីរ​ដ្ឋ​ឈូង​សមុទ្រ​ពែ​ក្យ​នេះដែរ​។​
 
​ដូច្នេះហើយ រាល់​ការ​កាត់ផ្តាច់​ការដឹកជញ្ជូន​ទំនិញ​តាម​ជ្រោយ​នេះ​ទោះជា​ក្នុង​រយៈពេល​ខ្លី ឬ​វែង​ក៏ដោយ​នឹង​បង្កើត​បញ្ហា​ធ្ងន់ធ្ងរ​ទាំង​សន្តិសុខ និង​ការខាតបង់​សេដ្ឋកិច្ច​។ ឧទាហរណ៍​ជាក់ស្តែង​គឺ ប្រទេស​ឈូង​សមុទ្រ​ពែ​ក្យ​ដែល​នាំ​ប្រេង​ចេញ​នឹង​បាត់បង់​ចំណូល​ច្រើន​ដោយសារ​ប្រេង​ដែល​នាំចេញ​ត្រូវ​កាត់ផ្តាច់  ខណៈដែល​ប្រទេស​នាំ​ប្រេង​នោះ​ក៏ត្រូវ​ប្រឈមមុខ​នឹង​ការខ្វះខាត​ប្រេង និង​ត្រូវ​នាំចូល​ប្រេង​ដែលមាន​តម្លៃ​ថ្លៃ​ដូចគ្នា​។ បើសិន​បិទ​ច្រក​នេះ​កាន់តែ​យូរ វា​នឹងមាន​ការខាតបង់​កាន់​តែ​ធំ​ដូចគ្នា​។​
 
​កន្លងមក ប្រទេស​ឈូង​សមុទ្រ​ពែ​ក្យ​ព្យាយាម​រក​វិធីសាស្ត្រ​ដើម្បី​ធានា​ការនាំចេញ​ថាមពល​ដោយ​គ្មាន​កាត់ផ្តាច់ បើទោះជា​អ៊ីរ៉ង់​បិទ​ជ្រោយ​នេះ​ក៏ដោយ​។ ទីមួយ ប្រទេស​ទាំងនោះ​បាន​កសាង​ផ្លូវ​សម្រាប់​នាំ​ប្រេង​ចេញ​ដោយឡែក​ពោលគឺ វិនិយោគ​លើ​ការកសាង​បំពង់​ប្រេង​។ ប៉ុន្តែ​តាម​ស្ថានភាព​ជាក់ស្តែង សមត្ថភាព​បំពង់​ប្រេង​នេះ​នៅតែ​មិន​អាចជួយ​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ​កាត់បន្ថយ​ការប្រើប្រាស់​ជ្រោយ Hormuz ទាំងស្រុង​ឡើយ​។​
 
​វី​ធី​សាស្ត្រ​ទី​ពីរ គឺ​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្យ​ពឹងពាក់​អាមេរិក​ដោយ​បង្កើត​សម្ព័ន្ធ​សន្តិសុខ​ដើម្បី​ធានាថា ជ្រោយ​នេះ​មិនត្រូវ​បាន​បិទ​ក្នុង​ប្រការ​ណាមួយ​ទេ​។ ដូច​បាន​រៀបរាប់​ខាងដើម​ស្រាប់​អាមេរិក​មាន​ប្រយោជន៍​នៅ​ទីនោះ ដែល​វា​មានន័យថា អាមេរិក​ត្រូវ​ធានា​និរន្ត​ភាព​នៃ​ថាមពល​សម្រាប់​នាំចូល និង​ការពារ​សន្តិសុខ​តំបន់​ផង​៕
 

Tag:
 Hormuz
  អ៊ីរ៉ង់​
  អាមេរិក​
  ឈូង​សមុទ្រ​ពែ​ក្យ​
  ហាសាន់ រ៉ូ​ហា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com