កីឡាអន្តរជាតិ
អន្តរជាតិ
Real និង Barca មាន​កីឡាករ​ធ្លាប់​ឈ្នះ Ballon d'Or ច្រើនជាងគេ​លើ​លោក​
05, Dec 2018 , 9:19 pm        
រូបភាព
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid និង FC Barcelona ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា​ក្រុម​ដែល​ប្រជុំ​ទៅដោយ​កីឡាករ​ល្បីៗ​ក្នុង​រយៈពេល​មួយ ទសវត្សរ៍​ចុងក្រោយ មាន​កីឡាករ​ឈ្នះ​ពាន Ballon d'Or ច្រើនជាងគេ ក្នុងចំណោម​ក្លិប​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក ក្នុង​ចំនួន​១១​ដង​ដូចគ្នា​។


 
Ballon d’Or ជា​ពាន​ប្រចាំឆ្នាំ​ដែល​ផ្តួចផ្តើមឡើង​ដោយ​ទស្សនា​វ​ដ្តី France Football តាំងពី​ឆ្នាំ​១៩៥៦​មក សម្រាប់​ផ្តល់​ជូ​ច​ដល់​កីឡាករ​បាល់ទាត់​ឆ្នើម​ជាងគេ​ប្រចាំ​ក្លិប​នៅ​តំបន់​អឺរ៉ុប​ជា​រៀងរាល់​មួយឆ្នាំ​ម្តង​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ​២០១៥ ពាន​នេះ​ត្រូវ​ប្តូរ​ឈ្មោះ​ទៅជា FIFA Ballon d'Or ក្រោម​កិច្ច​សហប្រតិបត្តិ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ជាមួយ France Football និង​រួមបញ្ចូល​គ្នា​ជាមួយ FIFA Player of the Year ផងដែរ​។​
 
​ចាប់ពី​ឆ្នាំ​២០១៦ ទស្សនា​វ​ដ្តី France Football បានប្រកាស​បញ្ចប់​ការសហការ​ជាមួយ FIFA ដោយ​រៀបចំ​ពាន Ballon d’Or តែឯង​វិញ ខណៈ FIFA បន្ត​រៀបចំ FIFA Player of the Year ដូចគ្នា​។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត Ballon d’Or ក៏បាន​រៀបចំ​ផ្តល់ជូន​ដល់​កីឡាក​រិ​នី​ឆ្មើ​ម​ជា​លើកដំបូង​ផងដែរ​សម្រាប់​ឆ្នាំ​២០១៨​នេះ​។​
 
​ក្រោយ​បង្កើតពាន​នេះ​ឡើង​នៅ​ឆ្នាំ​១៩៥៦ រហូត​បច្ចុប្បន្ន ពោលគឺ​៦៣​លើក​រួច​ម​ហើយ​ឃើញថា ក្លិប​ពី​អេ​ស្ប៉ា​ញ​ពីរ​រួមមាន Real និង Barca មាន​កីឡាករ​ឈ្នះ​ពាន Ballon d'Or ច្រើនជាងគេ ចំនួន​១១​ដង​ដូចគ្នា​។ ក្រុម​ពី​អ៊ីតាលី Juvenutus និង AC Milan ធ្លាប់​ឈ្នះ​៨​លើក​ដូចគ្នា ចំណែក Bayern Munich និង Manchester United នៅ​បន្តបន្ទាប់​។​
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo និង Lionel Messi របស់​អា​ហ្ស​ង់​ទីន ជា​អ្នក​គ្រង​ពាន Ballon d'Or ច្រើនជាងគេ ចំនួន​៥​លើក​ម្នាក់​។ Michel Platini អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​បារាំង និង Juventus រួមជាមួយ​វីរបុរស​របស់​ហូ​ឡង់ Johan Cruyff និង Marco van Basten ឈ្នះ​ពាន​នេះ​៣​លើក​ដូចគ្នា​ក្នុង​អាជីព​។​
 
​រីឯ​កីឡាករ​ឆ្នើម​ដែល​ទទួលបាន​ពាន Ballon d'Or នេះ​ដំបូង​គេ​បង្អស់​ក្នុង​ឆ្នាំ​១៩៥៦ គឺ Stanley Matthews របស់​ជម្រើសជាតិ​អង់គ្លេស និង​ក្រុម Blackpool ដែលមាន​មូលដ្ឋាន​ក្នុង​លី​គ​កីឡាបាល់ទាត់​កំពូល​អង់គ្លេស។ ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨​នេះ​គឺ​បាន​ទៅ Luka Modric ខ្សែបម្រើ​របស់​ជម្រើសជាតិ​ក្រូ​អាស៊ី និង Real Madrid ៕
 
​ខាងក្រោម​ជា​កីឡាករ​ទាំងអស់​របស់ Real Madrid និង Barcelona ដែល​ធ្លាប់​ឈ្នះ​ពាន Ballon d'Or កន្លងមក​៖
 
-​ ​Real Madrid៖ Alfredo Di Stéfano (២​លើក​), Raymond Kopa (១​លើក​), Luís Figo (១​លើក​), Ronaldo (១​លើក​), Fabio Cannavaro (១​លើក​), Cristiano Ronaldo (៤​លើក​) និង Luka Modric (១​លើក​)​។​
 
-​ ​Barcelona៖ Luis Suárez (១​លើក​), Johan Cruyff (២​លើក​), Hristo Stoichkov (១​លើក​), Rivaldo (១​លើក​), Ronaldinho (១​លើក​), និង Lionel Messi (៥​លើក​)​។​
 



Tag:
 បាល់ទាត់​
  Ballon d\'Or
  Real Madrid
  FC Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com