ជាតិ
ប្រធាន UN ប្រចាំ​កម្ពុជា​៖ «​រឿង​សំខាន់ៗពីរ​ ប្រទេស​ដទៃ​អាច​រៀន​ពី​កម្ពុជា​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​»
05, Dec 2018 , 5:32 pm        
រូបភាព
កងទ័ពថែរក្សាសន្តិភាពកម្ពុជា (រូបភាព៖ Cambodia
កងទ័ពថែរក្សាសន្តិភាពកម្ពុជា (រូបភាព៖ Cambodia's Peace Keeping Center)
​ប្រធាន​អង្គការសហប្រជាជាតិ​លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស (Pauline Tamesis) បាន​កោតសរសើរ​កម្ពុ​ជា​ដែល​រួមចំណែក​ក្នុង​បុព្វហេតុ​រក្សា​សន្តិភាព​ពិភពលោក​តាមរយៈ​ការបញ្ជូន​កងទ័ព​ខ្លួន​យ៉ាងសកម្ម​ទៅ​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​តិ​។ មេរៀន​ធំៗ​ពីរ​ដែល​តំណាង​អង្គការសហប្រជាជាតិ​រូបនេះ​ជឿជាក់ថា​បណ្តា​ប្រទេស​ឯទៀត​អាច​រៀនសូត្រ​ពី​កម្ពុជា​បាន​ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​ពិភពលោក​នេះ​។



​ការ​ប្រែ​ក្លាយខ្លួន​ពី​ប្រជាជាតិ​រងគ្រោះ​ដោយសារ​ភ្លើងសង្គ្រាម និង​ទទួល​កងទ័ព​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​មកជា​ប្រទេស​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សន្តិភាព​ពិភពលោក​ជា​រឿង​ជោគជ័យ​ដ៏​ធំ​មួយ​របស់​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ (Thmey Thmey) ចុងខែ​វិច្ឆិកា​កន្លងទៅ​។​
 
​លោកស្រី​និយាយ​ដូច្នេះ​៖ «​យើង​ត្រូវ​ទទួលស្គាល់ថា កម្ពុជា​ជា​រឿង​ជោគជ័យ​មួយពេល​និយាយ​ដល់​ការថែរក្សា​សន្តិភាព​។ ក្នុង​រយៈពេល​តិចជាង ២០​ឆ្នាំ កម្ពុជា​បាន​ប្រែខ្លួន​ពី​ប្រទេស​ដែល​ធ្លាប់​ទទួលយក​កងទ័ព​ថែរក្សា​សន្តិភាព​មកជា​ប្រទេស​ដែល​ផ្តល់​កងទ័ព​ទៅ​ចូលរួម​ថែរក្សា​សន្តិភាព​ពិភពលោក​វិញ​»​។  


លោកស្រី ផូលីន ថាម៉េស៊ីសថ្លែងសុន្ទរកថានៅក្នុងពិធីជូនដំណើរកងទ័ពកម្ពុជាទៅបំពេញបេសកកម្មនៅអាហ្វ្រិកកណ្តាលថ្ងៃ ២ ខែវិច្ឆិកាឆ្នាំ ២០១៨ (រូបភាព៖ UN Cambodia)

ក្រោយ​ឆ្លងកាត់​ភ្លើងសង្គ្រាម​អស់​រាប់​ទសវត្សរ៍ កម្ពុជា​បាន​បើកទ្វារ​ទទួល​កងទ័ព​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ត្រូវបាន​ភាគី​ជម្លោះ​ទទួលយក​ជា​ផ្លូវការ​ថ្ងៃ ២៣ ខែតុលា​ឆ្នាំ ១៩៩១​។ អាជ្ញាធរ​បណ្តោះអាសន្នរ​បស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) ត្រូវបាន​បង្កើតឡើង​ដោយ​ដំណោះស្រាយ​ដាក់ចេញ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ខែកុម្ភៈ​ឆ្នាំ ១៩៩២ ដើម្បី​ទទួលខុសត្រូវ​លើ​ការថែរក្សា​សន្តិភាព និង​រៀបចំ​សម័យ​អន្តរកាល​នយោបាយ​ផង​។ 
 
​បើតាម​លោកស្រី ផូ​លីន ចាប់ពី​ឆ្នាំ ២០០៦​មក កម្ពុជា​បាន​បញ្ជូន​កងទ័ព​សរុប​ទាំងអស់ ៥៧៨៣​នាក់​ក្នុងនោះ​មាន​ស្រី ២៧៧ ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​សន្តិភាព​។ បច្ចុប្បន្ន​កម្ពុជា​មាន​ក​ង​ទ័ព ៧៩៩​នាក់​ដែល​ឈរជើង​នៅ​ទឹកដី​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​។ តាម​ចំនួន​ទ័ព​ដ៏​ច្រើន​នេះ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី ២៩ ក្នុងចំណោម​ប្រទេស ១២២ លើ​ពិភពលោក និង​ស្ថិត​ក្នុងចំណោម​ប្រទេស​បញ្ជូន​កងទ័ព​ទៅ​ចូលរួម​ប្រតិបត្តិ​ការថែរក្សា​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។​


កងទ័ពកម្ពុជាស្ថិតក្នុងពិធីជូនដំណើរកងទ័ពកម្ពុជាទៅបំពេញបេសកកម្មនៅអាហ្វ្រិកកណ្តាលថ្ងៃ ២ ខែវិច្ឆិកាឆ្នាំ ២០១៨ (រូបភាព៖ UN Cambodia)

​ពេល​សាក​សួរថា តើ​ប្រទេស​ដទៃ​អាច​រៀនសូត្រ​បាន​អ្វីខ្លះ​ពី​កម្ពុជា​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការរក្សា​សន្តិភាព​នេះ លោកស្រី​បាន​ឆ្លើយតប​ថា វា​មានរឿង​សំខាន់​ចំនួន​ពីរ​។ លោកស្រី​បន្តថា រឿង​សំខាន់​ទីមួយ​គឺ ការរក្សាបាន​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល ខណៈដែល​រឿង​សំខាន់​ទី​ពីរ​គឺ ការប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់​ត្រឡប់​ទៅ​សហគមន៍​អន្តរជាតិ​វិញ​។ 
 
​ត្រង់​ឆន្ទៈ​នយោបាយ​នេះ លោកស្រី​សំដៅលើ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការបន្ត​គាំទ្រ​អង្គការសហប្រជាជាតិ​ជាពិសេស កិច្ចប្រតិបត្តិការ​រក្សា​សន្តិភាព​នេះ​តែម្តង​។ លោកស្រី ផូ​លីន លើកយក​ការប្តេជ្ញាចិត្ត​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​ទៅកាន់​មហា​សន្ន​បាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៣ កាលពី​ខែ កញ្ញា​កន្លង​ទៅជា​សម្អាង​។ នាពេលនោះ សម្តេច ហ៊ុន សែន​បាន​ថ្លែងប្រាប់​អង្គប្រជុំ​ទាំងមូល​ថា កម្ពុជា​តែមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការគាំទ្រ​ឥត​ងាករេ​ចំពោះ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​និង​គំនិត​ផ្តួចផ្តើម​នានា​ដែល​ធានាបាន​នូវ​សន្តិភាព​និង​វិបុលភាព​យូរអង្វែង​ជូន​ពិភពលោក​។ 
 
​ចំណែក ការប្តេជ្ញាចិត្ត​ផ្តល់​ត្រឡប់​ទៅ​សហគមន៍​អន្តរជាតិ​វិញ​នោះ លោកស្រី​ចង់​សំដៅលើ​ឆន្ទៈ​របស់​កម្ពុជា​ក្នុងការ​តបស្នង​ទៅកាន់​សហគមន៍​អន្តរជាតិ​វិញ ទៅតាម​លទ្ធភាព​របស់​ខ្លួន ដ្បិត​សហគមន៍​អន្តរជាតិ​បានរួម​ចំណែក​ជួយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការស្តារ​សន្តិភាព និង​កសាង​ប្រទេស​វិញ​ដែរ​។​
 
«​ជុំវិញ​មេរៀន​ដែល​ប្រទេស​ដទៃ​អាច​រៀន​បាន​ពី​កម្ពុជា​នេះ ខ្ញុំ​ចង់ភ្ជាប់​ទៅដល់​ការអនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដែរ​។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ​ត្រូវការ​ខ្លាំងណាស់​នូវ​ការប្តេជ្ញាចិត្ត​និង​ឆន្ទៈ​នយោបាយ​របស់​រដ្ឋ​ក្នុង​ការគាំទ្រ​កិច្ចព្រមព្រៀង និង​យន្តការ​អន្តរជាតិ​។ បើសិនជា​យើង​គ្មាន​ឆន្ទៈ​នយោបាយ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ដូច​កម្ពុជា​ទេ រាល់​កិច្ចព្រមព្រៀង​អន្តរជាតិ​នឹង​ដួលរលំ​មិន​ខាន​»​។  លោកស្រី ផូ​លីន បាន​ពន្យល់​បន្ថែម​ដូច្នេះ​។ 
 
«​យើង​ឃើញស្រាប់​ហើយ ប្រទេស​ខ្លះ​ចាប់ផ្តើម​បិទទ្វារ និង​ចង់​សាងសង់​ជញ្ជាំង​បិទ​ឈប់​ទាក់ទង​សហគមន៍​អន្តរជាតិ​។ ប៉ុន្តែ​នៅទីនេះ​វិញ ជំនួស​ឲ្យ​ការសាងសង់​ជញ្ជាំង កម្ពុជា​ព្យាយាម​រួមចំណែក​ផ្តល់​ត្រឡប់​វិញ​ទៅ​សហគមន៍​អន្តរជាតិ​ដែល​បាន​ជួយ​ខ្លួន​កសាង​ប្រទេសជាតិ​តាំងពី​សង្គ្រាម​ផុតរលត់​ទៅ​»៕
 

Tag:
 UN
  ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​
  ផូ​លីន ថា​ម៉េ​ស៊ី​ស​
 ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com