មេដឹកនាំ​អ៊ុយ​ក្រែ​ន​ប្តេជ្ញា​ជួយ​រំដោះ​នាវិក​ដែល​រុស្ស៊ី​ចាប់ខ្លួន​ក្រោយ​ការប៉ះទង្គិច​គ្នា​ចុងខែ​មុន
អន្តរជាតិ
មេដឹកនាំ​អ៊ុយ​ក្រែ​ន​ប្តេជ្ញា​ជួយ​រំដោះ​នាវិក​ដែល​រុស្ស៊ី​ចាប់ខ្លួន​ក្រោយ​ការប៉ះទង្គិច​គ្នា​ចុងខែ​មុន
06, Dec 2018 , 8:59 am        
រូបភាព
​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Poroshenko  នៅ​ថ្ងៃទី​០៤ ខែធ្នូ បាន​ជួប​ជាមួយ​ក្រុមគ្រួសារ​របស់​នាវិក​អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​រុស្ស៊ី​ចាប់ខ្លួន​កាលពី​ចុងខែ​មុន​។ ក្នុងពេល​សំណេះសំណាល​នេះ ដឹកនាំ​រូបនេះ បាន​ប្តេជ្ញា​ធ្វើ​អ្វី​គ្រប់យ៉ាង​ក្នុង​អំណាច​ជា​ប្រមុខរដ្ឋ ដើម្បី​ជួយ​រំដោះ​ពួកគេ​ត្រឡប់មកផ្ទះ​វិញ​ឲ្យ​បាន​។

 
 
​ថ្លែង​នៅ​ចំពោះមុខ​សាច់ញាតិ​របស់​នាវិក​ទាំង​២៤​រូប ដែល​យោធា​រុស្ស៊ី​ចាប់ខ្លួន​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅនេះ លោក Petro Poroshenko បាន​គូសបញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ វា​គ្មានអ្វី​សំខាន់​ជាង ការរំដោះ​ពួកគេ​មក​ផ្ទះ​វិញ​ឡើយ​។ ប្រជាជន​អ៊ុយ​ក្រែ​ន​នៅ​ទូទាំងប្រទេស​នៅពេលនេះ ពិត​ជាមាន​មោទនភាព​ចំពោះ​អ្នកជា​ទីស្រឡាញ់​របស់​អ្នក​ទាំងអស់គ្នា​ខ្លាំងណាស់​»​។ 
 
​រឿងរ៉ាវ​ចាប់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​ចុងខែ​វិច្ឆិកា​។ នៅពេលនោះ យោធា​រុស្ស៊ី​បាន​បើក​ការបាញ់ប្រហារ​លើ​នាវា​អ៊ុយ​ក្រែ​ន រួចហើយ​រឹបអូស​នាវា​អ៊ុយ​ក្រែ​ន​ចំនួន​៣​គ្រឿង​។ ក្រុង​មូ​ស្គូ​បាន​អះអាងថា ការបើក​ប្រតិបត្តិ​ការវាយប្រហារ​បែបនេះ​គឺ​ក្រោយពេល នាវាចម្បាំង​ទាំងនោះ​បាន​ព្យាយាម​បើក​ឆ្លងកាត់​ច្រក​សមុទ្រ Kerch ដែល​ធ្វើដំណើរ​ចេញពី​សមុទ្រ​ខ្មៅ ទៅកាន់​សមុទ្រ​អា​ហ្សូ​វ​។ ក្នុង​ហេតុការណ៍​នេះ នាវិក​អ៊ុយ​ក្រែ​ន​ចំនួន ២៤​រូប ក្នុងនោះ​បីនាក់​បាន​រងរបួស ត្រូវបាន​ចាប់ខ្លួន​។ 
 
​បើទោះបីជា​មានការ​ទាមទា​រ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ឲ្យ​ដោះលែង​ពួក​នាវិក​ទាំងនោះ​ក្តី  ក៏​ពួកគេ​ត្រូវបាន​រុស្ស៊ី​សម្រេច​ឃុំខ្លួន​រយៈពេល​២​ខែ ហើយ​ខណៈ​ពេលនេះ ពួកគេ​ត្រូវបាន​គេ​ឃុំខ្លួន​ក្នុង​រដ្ឋធានី​មូ​ស្គូ​។ 
 
​ទាក់ទិន​នឹង​ការឃុំខ្លួន​នេះ ប្រធានាធិបតី​រុស្ស៊ី  វ៉ា្ល​ឌី​មៀ ពូ​ទីន បាន​គូសបញ្ជាក់ថា នាវា​អ៊ុយ​ក្រែ​ន​ទាំងនោះ​បាន​បើក​ឆ្លងកាត់​ដែនទឹក​របស់​រុស្ស៊ី ដោយ​ខុសច្បាប់ ហើយ​លោក​ក៏បាន​អះអាងថា ក្រុង​មូ​ស្គូ​នឹងមិន​ដោះលែង​ពួក​នាវា​ទាំងអស់នោះ​ដើម្បី​ជាការ​ដោះដូរ​គ្នា​ឡើយ​។​
 
​អ្នក​រិះគន់​លើ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង បាន​និយាយថា រុស្ស៊ី​កំពុង​រៀបចំ​ការកាត់ក្តី​លើ​នាវិក​អ៊ុយ​ក្រែ​ន​ទាំងនោះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន  AFP មេធាវី​ការពារ​ក្តី​ក្នុង​សំណើ​រឿងនេះ លោក Nikolai Polozov បាន​គូសបញ្ជាក់ថា នាវិក​អ៊ុយ​ក្រែ​ន​ទាំង​២៤​រូបនោះ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆ្លងកាត់​ព្រំដែន​រុស្ស៊ី​ដោយ​ខុសច្បាប់ អាច​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធ​ធនាគារ​ដល់​ទៅ ៦​ឆ្នាំ​ឯណោះ​។​
 
​យ៉ាងណាមិញ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន  Poroshenko បាន​អះអាងថា ការឃាត់ខ្លួន​នាវិក​របស់ខ្លួន​បែបនេះ​គឺជា​រឿង​ខុសច្បាប់​។ ត្រង់នេះ​លោក​បាន​បកស្រាយ​យ៉ាង​ដូច្នេះ​៖«​បើ​ផ្អែកលើ​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ ពួកគេ​ជា​អ្នកទោស​សង្គ្រាម​។ ដូច្នេះ​តុលាការ​ក្រេ​ម​ឡាំង​ពុំមាន​សមត្ថកិច្ច កាត់ទោស​ពួកគេ​បាន​នោះទេ​»​។​
 
​ត្រឡប់មក​និយាយ​រឿង​នាវិក​ដែល​រងរបួស​ទាំងបី​រូប នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​គ្នា​រវាង​យោធា​នៃ​ប្រទេស​ទាំងពីរ​នេះ មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​របស់​រុស្ស៊ី  លោកស្រី Tatyana Potyaeva បាន​អញ្ជើញ​ទៅសួរសុខទុក្ខ​នាវិក​អ៊ុយ​ក្រែ​ន​រងរបួស​ទាំងនោះ​។ ពួកគេ​កំពុង​សម្រាក​ព្យាយាម​របួស នៅក្នុង​ពន្ធ​ធនាគារ​មួយកន្លែង ឈ្មោះថា Matrosskaya Tishina ។ 
 
​ក្រោយពី​ជួប​ជាមួយ​នាវិក​របួស​ទាំង​បី​រូបនេះ  លោកស្រី Potyaeva បាន​បញ្ជាក់ថា ស្ថានភាព​សុខភាព​ពួកគេ​នៅពេលនេះ មាន​លក្ខណៈ​ល្អប្រសើរ ហើយ​ពួកគេ​ក៏​ទទួលបាន​ថ្នាំសង្កូវ​ផងដែរ រួមមាន​ថ្នាំ​បំបាត់​ការឈឺចាប់​ជាដើម​៕
 

Tag:
 អ៊ុយ​ក្រែ​ន​
  រុស្ស៊ី​
  សមុទ្រ​អា​ហ្សូ​វ
© រក្សាសិទ្ធិដោយ thmeythmey.com