ជាតិ
កម្ពុជាបញ្ជូនជនជាតិចិនដែលប្រព្រឹត្តបទល្មើស២៣២នាក់ទៅស្រុកវិញ
× នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ នេះ កម្ពុជា រៀបចំបញ្ជូនជនជាតិចិនខុសច្បាប់២៣២នាក់ ក្នុងនោះស្រី៣៨នាក់ បញ្ជូនទៅប្រទេសកំណើតរបស់ខ្លួនវិញ។ ជនជាតិចិនទាំងនោះ ជាក្រុមដែលប្រព្រឹត្តបទល្មើសក្នុងទឹកដីខេត្តតាកែវ ហើយត្រូវបានបង្ក្រាបកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមជនជាតិចិនទាំងនោះ ជាប់ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន បានសហការគ្នាក្នុងការបណ្តេញចេញក្រុមល្មើសច្បាប់ទាំងនេះពីកម្ពុជា តាមជើងយន្តហោះពិសេសទៅប្រទេសចិនវិញ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
Tag:
បទល្មើស
អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com