អន្តរជាតិ
ឌូ​ទើ​តេ ពន្យល់ថា រឿង​លោក​ជក់​កញ្ឆា​ឲ្យ​ស្វាង​ក្នុងពេល​ប្រជុំ​អាស៊ាន​នោះ​ជាស​ម្តី​លេងសើច​ទេ​
06, Dec 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បកស្រាយ​ថា លោក​និយាយ​លេងសើច​ទេ​រឿង​ដែលថា​លោក​ជក់​កញ្ឆា​ដើម្បី​ឲ្យ​ស្វាង​អាចធ្វើ​ការងារ​បានយូរ​។ ការបកស្រាយ​ថា វា​ជាការ​លេងសើច​នេះ​ទំនងជា​ឆ្លើយតប​នឹង​មតិ​រិះគន់ ដ្បិត​សង្គ្រាម​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស​របស់លោក ឌូ​ទើ​តេ បន្ត​ឆាប​ឆក់យក​ជីវិត​មនុស្ស​រាប់ពាន់នាក់ ។


 
​សម្តី​របស់​ប្រធានាធិបតី​ហ្វីលីពីន​ដើម​សប្តាហ៍​កន្លងទៅ​ដែលថា លោក​បាន​ប្រើប្រាស់​កញ្ឆា​ដើម្បី​ឲ្យ​ស្វាង​ងងុយ និង​មាន​កម្លាំង​ចូលរួម​ប្រជុំ​អាស៊ាន​នៅ​សិង្ហ​បុរី កំពុង​ធ្វើ​ឲ្យ​ផ្ទុះ​មតិ​រិះគន់​ខ្លាំង​ក្នុងចំណោម​មជ្ឈដ្ឋាន​ហ្វីលីពីន​។ 
 
​សារ​ឃើញ​ស្ថានការណ៍​មិនសូវ​ស្រួល នៅ​ថ្ងៃ​អង្គារ​ទី ៤​ខែធ្នូ មេដឹកនាំ​ហ្វីល​ពី​ន​រូបនេះ​បានចេញ​មុខ​បកស្រាយ​តែ​ម្តងថា​លោក​និយាយ​លេងសើច​ប៉ុណ្ណោះ​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ ABS-CBN លោក ឌូ​ទើ​តេ បកស្រាយ​ដូច្នេះ​៖ «​វា​ជាស​ម្តី​លេងសើច​ប៉ុណ្ណោះ​។ ប៉ុន្តែ​គ្មាន​អ្នកណាម្នាក់​ដែល​អាច​បញ្ឈប់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​អ្វី​ជា​ទម្លាប់​របស់ខ្ញុំ​ឡើយ​។ បើសិនជា​ខ្ញុំ​ចង់​និយាយ​លេងសើច ខ្ញុំ​នឹង​និយាយ​។ ឥឡូវនេះ​បើ​សុន​ជា​អ្នកឯង​ជឿ​លើ​អ្វីដែល​ខ្ញុំ​និយាយ​លេង​នោះ អ្នកឯង​ឆ្កួត​ហើយ​»​។​
 
​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ប្រជាជន​ហ្វីលីពីន​ថ្កោលទោស​សម្តី​របស់លោក ឌូ​ទើ​តេ ជុំវិញ​ការប្រើប្រាស់​កញ្ឆា​ដើម្បី​ឲ្យ​ស្វាង ដ្បិតថា លោក ឌូ​ទើ​តេ កំពុង​បន្ត​អនុវត្ត​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ទូទាំងប្រទេស និង​បានសម្លាប់​មនុស្ស​អស់​រាប់ពាន់នាក់​ហើយ​។ 
 
​គេ​យល់ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត ដែល​ក្នុងនាម​ជា​អ្នកអនុវត្ត​ច្បាប់ លោក ឌូ​ទើ​តេ ហ៊ាន​ប្រើប្រាស់​គ្រឿងញៀន​ខ្លួនឯង ខណៈដែល​លោក​បញ្ជា​ឲ្យ​ប៉ូលិស​បាញ់សម្លាប់​មនុស្ស​ដទៃ​ដែល​ប្រើប្រាស់​គ្រឿងញៀន​នោះ​។  
 
​តាមពិតទៅ​សង្គ្រាម​គ្រឿងញៀន​របស់លោក​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​ក្រុម​សិទ្ធិមនុស្ស ដ្បិតថា​មកដល់​ឥឡូវ​សង្គ្រាម​នេះ​ឆក់យក​ជីវិត​មនុស្ស​ប្រហែល ៤៨០០​នាក់​ហើយ​រាប់​ចាប់ពី​ខែកក្កដា​ឆ្នាំ ២០១៦​មក​។ ក្រុម​សិទ្ធិមនុស្ស​ក៏​ចោទប្រកាន់​ផងដែរ​ថា សង្គ្រាម​នេះ​ហ៊ុមព័ទ្ធ​ដោយ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ហើយ​វា​មាន​គោលដៅ​តែ​លើ​ប្រជាជន​ក្រីក្រ​ដែល​ប្រើប្រាស់​ជាង​ក្រុម​ឈ្មួញ​លក់​គ្រឿងញៀន​ធំៗ​។ 
 
​វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែល​មេដឹកនាំ​ហ្វីលីពីន​រូបនេះ​ព្យាយាម​ក្រឡាស់សម្តី​របស់ខ្លួន និង​បកស្រាយ​ថា លោក​និយាយ​លេងសើច​។ កាលពី​ឆ្នាំ ២០១៦ ក្រោយពេល​ឡើងកាន់​អំណាច លោក​បាន​ពន្យល់ថា លោក​និយាយ​លេងសើច​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាតិ​អូស្ត្រាលី​ដែល​ត្រូវបាន​រំលោភ និង​សម្លាប់​នៅ​ហ្វីលីពីន​តាំងពី​ឆ្នាំ ១៩៨៩​មក ហើយ​សម្តី​លោក​បាន​បង្កើត​ឲ្យ​ភាព​ល្អក់កករ​ខ្លាំង​ក្នុង​ចំណង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​អូស្ត្រាលី​ផង​។  
 
​ត្រឡប់មកវិញ កាលដើមឡើយ​លោក ឌូ​ទើ​តេ ធ្លាប់​ប្រកាសថា លោក​ចង់​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ក្នុងការ​ពិសោធន៍​បម្រើ​សុខាភិបាល​។ ប៉ុន្តែ​ចាប់ពី​ខែឧសភា លោក ឌូ​ទើ​តេ​បានប្រកាសថា​លោក​ប្តូរ​ជំហរ​ឈប់​គាំទ្រ​គម្រោង​នេះ​វិញ​។ នៅ​ហ្វីលីពីន​ការរក្សា​ទុក​កញ្ឆា ត្រូវ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ក្នុងនោះ​មានការ​ជាប់ពន្ធនាគារ​រយៈពេល​យូរ​និង​រង​ការពិន័យ​ជា​សាច់ប្រាក់​ក្នុង​ទំហំ​ច្រើន​ដែរ​៕
 

Tag:
 ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  គ្រឿងញៀន​
  កញ្ឆា​
© រក្សាសិទ្ធិដោយ thmeythmey.com