លោកស្រី ដួង សុភាព ៖ សូត្រ​ខ្មែរ​មានគុណ​ភាពល្អ ប៉ុន្តែ​នៅ​ខ្វះ​ការគាំទ្រ និង​លទ្ធភាព​ប្រកួតប្រជែង​
ជាតិ
សេដ្ឋកិច្ច
លោកស្រី ដួង សុភាព ៖ សូត្រ​ខ្មែរ​មានគុណ​ភាពល្អ ប៉ុន្តែ​នៅ​ខ្វះ​ការគាំទ្រ និង​លទ្ធភាព​ប្រកួតប្រជែង​
06, Dec 2018 , 8:19 pm        
រូបភាព
លោកស្រី ដួង សុភាព នាយិកាក្រុមហ៊ុន​ Artisanស Angkor ផ្តល់កិច្ចសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន
លោកស្រី ដួង សុភាព នាយិកាក្រុមហ៊ុន​ Artisanស Angkor ផ្តល់កិច្ចសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន
​សៀមរាប​៖ សូត្រ​ខ្មែរ​មានគុណ​ភាពល្អ ប៉ុន្តែ​នៅ​ខ្វះ​ការគាំទ្រ និង​លទ្ធភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នៅឡើយ​។ នេះ​ជាការ​លើកឡើង​របសលោក​ស្រី ដួង សុភាព នាយិកា​គ្រប់គ្រង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន Artisans Angkor​។​

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នកសារព័ត៌មាន និង​ប្រតិភូ​សហភាព​អឺរ៉ុប នៅក្នុង​ក្រុមហ៊ុន Artisans Angkor លោកស្រី ដួង សុភាព បាន​និយាយថា ផលិតផល​អាជីវកម្ម​សិប្បកម្ម​ក្រុមហ៊ុន ដែល​ទទួលបាន​ការគាំទ្រ​ពី​ភ្ញៀវទេសចរ​បរទេស​អឺរ៉ុប​ច្រើនជាងគេ គឺ​រូបចម្លាក់​ដែល​ធ្វើ​អំពី​ឈើ អំពី​ថ្ម និង​គ្រឿងអលង្ការ​ជាដើម​។ ចំណែក​ភ្ញៀវទេសចរ​អាស៊ី ចូលចិត្ត​ទិញ​សូត្រ​ខ្មែរ ប៉ុន្តែ​មិនទាន់មាន​សន្ទុះ​ខ្លាំង ដូច​ការផលិត​នៅឡើយ​។​


 
​បើតាម​លោកស្រី ដួង សុភាព មូល​ហេតុដែល​ទីផ្សារ​សូត្រ​ខ្មែរ មិនទាន់មាន​ការគាំទ្រ​ខ្លាំង ព្រោះតែ​ភ្ញៀវទេសចរ មិន​ថា​ក្នុងស្រុក ឬ​ក្រៅ​ស្រុក នៅ​ស្ទាក់ស្ទើរ​លើ​តម្លៃ​សូត្រ​ខ្មែរ ។ ម្យ៉ាងវិញទៀត​ពួកគេ មិន​ទុកចិត្ត​លើ​គុណភាព​សូត្រ​ខ្មែរ ពោលគឺ​ភ្ញៀវទេសចរ​ភាគច្រើន ឲ្យ​តម្លៃ​ទៅលើ​សូត្រ​ចិន និង​ប្រទេស​នានា ដែល​គេ​ប្រើប្រាស់​បច្ចេកវិទ្យា​ផលិត​សូត្រ ដោយ​ម៉ាស៊ីន​ទៅវិញ​។​


លោកស្រី ដួង សុភាព នាយិកាក្រុមហ៊ុន Artisans Angkor (អង្គុយនៅកណ្ដាល)
 
«​បើ​យើង​និយាយ​ពី​សូត្រ​យើង​នៅទីនេះ គឺមាន​ការប្រកួតប្រជែង​ខ្លាំង ដោយសារ​អ្នកខ្លះ​(​ភ្ញៀវទេសចរ​បរទេស​) គាត់​យល់ថា យើង​មិនមែនជា​អ្នក​ផលិតផល​សូត្រ​។ តាមពិត​យើង​ជា​ខ្មែរ​ជា​អ្នក​ផលិត​សូត្រ​ដោយ​ខ្លួនឯង ហើយ​ការផលិត​របស់​យើង គឺ​ផលិត​ដោយ​ដៃ បើ​យើង​ប្រៀបធៀប​ទៅ​គេ គេ​ប្រើ​ម៉ាស៊ីន ។ ដូច្នេះ​យើង​ដឹង​ហើយ​ថា ការផលិត​ដោយ​ដៃ​ត្រូវ​ចំណាយ​ច្រើន​។ ប៉ុន្តែ​ស្នាដៃ​យើង​(​គុណភាព​)​មួយ​គឺ​ដឹង​មួយ ព្រោះ​រចនា​ម៉ូត យើង​បែបបទ​តាម​ជា​ប្រពៃណី​ខ្មែរ​យើង រក្សា​ប្រពៃណី​ខ្មែរ​របស់​យើង​»​។​នេះ​ជាការ​បញ្ជាក់​របស់​នាយិកា​គ្រប់គ្រង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន Artisans Angkor​។​
 
​សូម​ស្ដាប់​សំឡេង​របស់​លោកស្រី ដួង សុភាព ថ្លែងប្រាប់​អ្នកសារព័ត៌មាន​៖  



 
​បញ្ហា​ដែល​លោកស្រី ដួង សុភាព មើលឃើញថា សូត្រ​ខ្មែរ​មិនទាន់​រីកចម្រើន​ល្អ​នៅក្នុង​ទីផ្សារ​នោះ គឺ​បណ្ដា​មកពី​ការខ្វះ​យកចិត្តទុកដាក់​លើកស្ទួយ ជាពិសេស​ពី​សំណាក់​រដ្ឋាភិបាល និង​ការ​មិនទាន់​ផ្សព្វផ្សាយ​ឲ្យ​បាន​ទំ​លំ​ទូលាយ​។ លើសពី​ការខ្វះ​ដៃគូ​សហការ លើ​ផលិតផល​សូត្រ​ខ្មែរ ក៏​ជា​ដើមចម​ផងដែរ​។​


 
​តម្លៃ​សូត្រ​ខ្មែរ ដែល​ក្រុមហ៊ុន Artisans Angkor ដាក់លក់​ដល់​ភ្ញៀវទេសចរ​នោះ មានតម្លៃ​ចាប់ពី​១៥​ដុល្លារ​ឡើងទៅ​រហូតដល់​៣០០០​ដុល្លារ ឬ​លើសពីនេះ ដោយសារ​អាស្រ័យ​លើ​ទំហំ និង​រចនាបទ​បុរាណ​ប្រពៃណី​ខ្មែរ​។​ផលិតផល​សូត្រ​ទាំងនោះ​រួមមាន ក្រមា កាបូប កន្សែង​ជាដើម​។ ក្រៅពី​សូត្រ ក៏មាន​ការដាក់​លក់​រូ​ច​ចម្លាក់​បែប​បុរាណ ដែល​ធ្វើ​ពី​ថ្ម និង​ឈើ ក្នុងតម្លៃ​ប្រហាក់ប្រហែល​សូត្រ​ដែរ​។​


 
Artisans Angkor គឺ​ក្រុមហ៊ុន​របស់​បារាំង​មួយ ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩២​មក នៅលើ​ទឹកដី​ខេត្តសៀមរាប​។​ក្រុមហ៊ុន​មួយ​នេះ ក៏​ទទួលបាន​ជំនួយ​ពី​ខាង​សហភាព​អឺរ៉ុប ក្នុង​ទ្រទ្រង់​អាជីវកម្ម និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​។ ក្រុមហ៊ុន Artisans Angkor ប្រកប​អាជីវកម្ម​លើ​ផ្នែក​សិប្បកម្ម ដែល​ផ្តោតលើ​ការ​សូន​រូប ឆ្លាក់​រូប និង​តម្បាញ​សូត្រ​ជាដើម​។ បច្ចុប្បន្ន Artisans Angkor បាន​បង្កើត​រោង​ជាង​សិប្ប​កម្មនេះ ចំនួន​៤៨​កន្លែង នៅក្នុង​ខេត្តសៀមរាប សម្រាប់​ផ្ដល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៨០០​នាក់ អាចមាន​លទ្ធភាព​បម្រើ​ការងារ និង​ទទួលបាន​ចំណេះ​ជំនាញ​លើ​ផ្នែក​សិប្ប​កម្មនេះ ក្នុងការ​ឈានទៅ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​នាពេល​អនាគត​ផង​៕

Tag:
 ដួង សុភាព​
  សិប្បកម្ម​ខ្មែរ​
  Artisans Angkor
© រក្សាសិទ្ធិដោយ thmeythmey.com