ជាតិ
២៥ខេត្ត/រាជធានី
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រកាស​ឲ្យ​អ្នក​ផលិត​ស្រូវ និង​សហគមន៍​កសិករ ចូលរួម​ប្រកួត​«​ស្រូវ​ល្អ​បំផុត​ប្រចាំ​ប្រទេស​» ចាប់ពី​ថ្ងែ​នេះ​
06, Dec 2018 , 4:03 pm        
រូបភាព
ភ្នំពេញ៖ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) ប្រកាស​ឲ្យ​សហគមន៍​កសិកម្ម​, រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រម​ហ៊ុន​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការដាំដុះ​ស្រូវ ដាក់ពាក្យ​ប្រកួតប្រជែង​«​ស្រូវ​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​លើក​ទី​៣» ចាប់​ពីថ្ងៃ​ប្រកាស​ដំណឹង​នេះ​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ស​.​អ​.​ក កាលពី​ថ្ងៃទី​៥ ធ្នូ​នេះ​។ កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង លើកទឹកចិត្ត​អ្នក​ផលិត​ស្រូវ និង​សហគមន៍​កសិករ ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ​ពី​ប្រភេទ​ស្រូវ​ដែលមាន​សក្ដានុពល​សម្រាប់​នាំចេញ​អង្ករ​ផងដែរ​។​

 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ស្រូវ​៣​ប្រភេទ​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) ត្រៀម​រៀបចំ​ឲ្យ​មានការ​ប្រកួត​នោះ មាន ទី​១. ស្រូវ​ផ្ការំដួល ទី​២. ស្រូវ​សែន​ក្រអូប និង​ទី​៣. ស្រូវ​អ៊ី​អ៊ែរ​។ កម្មវិធី​ប្រកួតប្រជែង​ស្វែងរក​ម្ចាស់​ជ័យលាភី​«​ស្រូវ​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​លើក​ទី​៣»​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៤ ខែមករា ឆ្នាំ​២០១៩ ខាងមុខនេះ​។​
 
​សម្រាប់​ព័ត៌មាន និង​ការចុះឈ្មោះ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០២៣ ៥៥៩ ៨៨៩៩/០៨៩ ៨៩៩ ៥៨៤ ឬ​តាមរយៈ​អាសយដ្ឋាន​៖ អគារ​ពាណិជ្ជកម្ម​សោ​ម៉ា ជាន់​ទី​៧ អគារ​លេខ​២C ផ្លូវ​លេខ​១២០ សង្កាត់​ផ្សារ​ថ្មី​II ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕


 

Tag:
 កសិកម្ម
  សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com