កីឡាអន្តរជាតិ
អន្តរជាតិ
Kraisorn សូមទោសអ្នកគាំទ្រដោយទទួលស្គាល់ថាខ្លួនបារម្ភពេលទាត់ប៉េណាល់ទី
× Adisak Kraisorn ខ្សែប្រយុទ្ធក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ បានសូមទោសក្រុមអ្នកគាំទ្រខ្លួនទាំងអស់ ដ្បិតរូបគេមិនអាចជួយក្រុមឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2018 បន្ទាប់ពីទាត់បាល់ពិន័យប៉េណាល់ទី១១ម៉ែត្រមិនចូលនាជំនួបស្មើគ្នាជាមួយម៉ាឡេស៊ី ២-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ក្នុងទឹកដីខ្លួនឯង។
ក្រុមថៃនិងម៉ាឡេស៊ីបានបញ្ចប់ការប្រកួតទាំងពីរជើងក្នុងលទ្ធផល ២-២ ខណៈដែលជើងទី១ ក្រុមទាំងពីរគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយ។ ម៉ាឡេស៊ីជាក្រុមមានសិទ្ធិឈានទៅវគ្គផ្តាច់ព្រ័ត្រព្រោះមានគ្រាប់បាល់ចំណេញក្រៅដី (away goals)។
នាការប្រកួតជើងទី២ វគ្គ១/២ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៨ នៅកីឡដ្ឋាន Rajamangala ក្នុងក្រុងបាងកកនោះ ក្រុមរហស្សនាមដំរីដែលទទួលបានឱកាសមាសនៅនាទីចុងក្រោយ ដោយការផ្តល់បាល់ពិន័យ១១ម៉ែត្រពីលោកអាជ្ញាកណ្តាល បែរជាមិនអាចធ្វើបានសម្រេចដែលនាំឲ្យក្រុមអ្នកគាំទ្រថៃខកចិត្តយ៉ាងខ្លាំង។
Kraisorn ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ ជាអ្នករ៉ាប់រងការស៊ុតបាល់ពិន័យនេះបានសារភាព ថារូបគេពិតជាសោកស្តាយដែលមិនអាចទាត់ចូលទីយកឈ្នះក្រុមម៉ាឡេស៊ី ដើម្បីនាំក្រុមថៃឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន។
«ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំពិតជាខកចិត្តណាស់ ខ្ញុំមានការបារម្មណ៍នៅពេលឈរត្រៀមស៊ុតបាល់ពិន័យនោះ ហើយនេះជាមេរៀននិងការចងចាំមួយសម្រាប់ខ្ញុំទៅថ្ងៃមុខ។ ជាចុងបញ្ចប់ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ ហើយខ្ញុំចង់សុំទោសអ្នកទាំងអស់គ្នា ខ្ញុំនឹងចងចាំមេរៀនមួយនេះ និងព្យាយាមអភិវឌ្ឍន៍ខ្លួនឲ្យបានល្អប្រសើរជាងនេះ»។ Adisak Kraisorn រៀបរាប់ដូច្នេះ។
ថៃនឹងត្រូវមាន កាតព្វកិច្ចមួយទៀតក្នុងការប្រកួតដណ្តើមពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2019 ដែលប្រារព្ធធ្វើឡើងក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៥ ខែកមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិស៊ែប៊ី Milovan Rajevac ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះ អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងឥណ្ឌា៕
Tag:
បាល់ទាត់
AFF Suzuki Cup
Adisak Kraisorn
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com